ពេលដែលខ្ញុំទៅមើលការប្រកួតកីឡាមួយ ជាមួយអេវីង(Ewing) ដែលជាកូនប្រសារបស់ខ្ញុំ យើងបានទស្សនាការប្រកួត និងមនុស្សនៅជុំវិញខ្លួនយើង យ៉ាងសប្បាយរីករាយ។ ក្នុងចំណោមនោះ មានមនុស្សម្នាក់បានបង្ហាញអំពីផ្នែកអាក្រក់ និងផ្នែកល្អរបស់មនុស្សជាតិ។ បុរសម្នាក់នោះបានវង្វេងកន្លែងអង្គុយរបស់ខ្លួន។ ពេលដែលគាត់កំពុងរកកន្លែងអង្គុយរបស់គាត់ គាត់ក៏បានឈរបាំងពីមុខយើង ធ្វើឲ្យយើងមិនអាចមើលការប្រកួតកើត។ បុរសម្នាក់ដែលអង្គុយជួរមុខយើង ក៏ត្រូវគាត់បាំងដែរ បានជាគាត់ប្រាប់បុរសនោះថា “លោកឈរបាំងខ្ញុំហើយ តើលោកអាចទៅឈរកន្លែងផ្សេងបានទេ?” បុរសដែលវង្វេងកន្លែងអង្គុយនោះក៏បានតប ដោយពាក្យចម្អកថា “យ៉ាប់មែន”។ ពេលដែលគេប្រាប់គាត់ជាលើកទីពីរ គាត់ក៏បានឆ្លើយតប ដោយពាក្យសម្តីកាន់តែក្តៅក្រហាយជាងមុន។ នៅទីបញ្ចប់ បុរសនោះក៏បានដើរចេញ។ ក្រោយមក យើងក៏មានការភ្ញាក់ផ្អើល ពេលដែលឃើញគាត់ត្រឡប់មកវិញ ហើយប្រាប់បុរសដែលគាត់បានឈរបាំងនោះថា “លោក ឲ្យខ្ញុំសុំទោស។ មុននោះ ខ្ញុំកំពុងតែមិនសប្បាយចិត្ត ដោយសាររកកៅអីអង្គុយមិនឃើញ”។ ពួកគេក៏បានចាប់ដៃគ្នា ហើយរឿងនេះក៏បានបញ្ចប់ទៅយ៉ាងងាយស្រួល។
បញ្ហានេះបានធ្វើឲ្យខ្ញុំគិតថា មានពេលខ្លះ ពេលដែលយើងកំពុងខិតខំស្វែងរកផ្លូវដើរ ក្នុងដំណើរជីវិតរបស់យើង ស្រាប់តែមានអ្វីមួយមកធ្វើឲ្យយើងខឹង ជាហេតុបណ្តាលឲ្យយើងឆ្លើយតបដាក់អ្នកដទៃ តាមរបៀបដែលខុសនឹងការបង្រៀនរបស់ព្រះយេស៊ូវ។ បើសិនជាយើងប្រព្រឹត្តដូចនោះមែន នោះយើងចាំបាច់ត្រូវសូមឲ្យព្រះប្រទានឲ្យយើងមានសេចក្តីក្លាហាន ដើម្បីសុំអភ័យទោស ចំពោះអ្នកដែលយើងបានធ្វើខុសនោះ។ ព្រះយេស៊ូវបានបញ្ជាក់ហើយថា ការថ្វាយបង្គំរបស់យើង គឺអាស្រ័យទៅលើការផ្សះផ្សាគ្នានោះឯង (ម៉ាថាយ ៥:២៣-២៤)។
យើងថ្វាយព្រះកិត្តិនាមដល់ព្រះ ពេលដែលយើងផ្សះផ្សាជាមួយអ្នកដទៃ តាមរបៀបដ៏សមរម្យ។ បន្ទាប់ពីយើងបានផ្សះផ្សាគ្នាហើយ នោះយើងអាចត្រឡប់មកមានការប្រកបជាមួយព្រះវរបិតានៃយើង ដោយអំណរ។–Dave Branon