ក្នុងអំឡុងពេលដែលខ្ញុំកំពុងសិក្សានៅវិទ្យាល័យ ខ្ញុំនិងមិត្តភ័ក្រជិតស្និទ្ធបំផុតរបស់ខ្ញុំម្នាក់ បាននាំគ្នាជិះសេះម្នាក់មួយៗ កម្សាន្ត នៅពេលរសៀលថ្ងៃមួយ។ យើងបានជិះសេះយឺតៗ ដោយគ្មានគោលដៅ កាត់តាមវាលដែលមានផ្កាព្រៃដុះ និងព្រៃដង្គំ។ ពេលដែលយើងទាញបង្ហៀរបញ្ជាសេះពីរក្បាលនោះ ឲ្យដើរទៅរកជង្រុក ដែលនៅក្បែផ្ទះ ពួកវាបោលទៅយ៉ាងលឿន ដូចគ្រាប់រ៉ុកកែត។ សេះរបស់យើង គឺដូចជាមិត្តភ័ក្ររបស់យើងអញ្ចឹង។ ពួកវាដឹងថា ពេលនោះជាពេលញាំអាហារពេលល្ងាច និងជាពេលដែលយើងត្រូវដុសលាងខ្លួនវា បានជាពួកវាដូចជាអន្ទះសារណាស់។
ក្នុងនាមជាគ្រីស្ទបរិស័ទ ផ្ទះដ៏ពិតរបស់យើង គឺនៅនគរស្ថានសួគ៌(ភីលីព ៣:២០)។ តែជួនកាលសេចក្តីប៉ងប្រាថ្នារបស់យើងបាននាំយើង ឲ្យងាកម្តងទៅឆ្វេង ម្តងទៅស្តាំ។ យើងអរសប្បាយនឹងអំណោយទានល្អៗ ដែលព្រះប្រទាន ដូចជា គ្រួសារ កូន ចៅ ការធ្វើដំណើរ អាជីព និងមិត្តភ័ក្រជាដើម។ ទន្ទឹមនឹងនោះ ព្រះគម្ពីរបានលើកទឹកចិត្តយើង ឲ្យផ្តោតទៅលើ “សេចក្តីដែលនៅខាងលើ”វិញ(កូល៉ុស ៣:១-២)។ សេចក្តីដែលនៅខាងលើ អាចរាប់បញ្ចូលផលប្រយោជន៍នៃនគរស្ថានសួគ៌ ដែលយើងមើលមិនឃើញ ដូចជា : ព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះ(វិវរណៈ ២២:៣-៥) ការសម្រាកជារៀងរហូត(ហេព្រើ ៤:៩) និងកេរមរតកដ៏អស់កល្បជានិច្ច(១ពេត្រុស ១:៤)។
ថ្មីៗនេះខ្ញុំបានឃើញគេសរសេរថា “អ្នកជឿព្រះចង់បានកេរមរតកនៅស្ថានសួគ៌ ហើយកាលណាពួកគេមានជំនឿកាន់តែខ្លាំង នោះពួកគេក៏ចង់បានកេរមរតកនោះ កាន់តែខ្លាំងផងដែរ”។ អ្នកជឿព្រះ ក្នុងគ្រាសញ្ញាចាស់ ដែលសាវ័កប៉ុលបានលើកឡើង ក្នុងបទគម្ពីរ ហេព្រើជំពូក១១ សុទ្ធតែជាអ្នកមានជំនឿរឹងមាំ ចំពោះព្រះដែលជួយពួកគេឲ្យក្រសោបយកព្រះបន្ទូលសន្យាទ្រង់ មុនពេលដែលព្រះទ្រង់សម្រេចព្រះបន្ទូលសន្យានោះ (ខ.១៣)។ ក្នុងចំណោមព្រះបន្ទូលសន្យាទាំងនោះ ក៏មានព្រះបន្ទូលសន្យាថា នឹងឲ្យយើងទទួលនគរស្ថានសួគ៌ជាមរតកផងដែរ។ បើយើងទុកចិត្តលើព្រះ ដូចពួកគេដែរ នោះទ្រង់នឹងប្រទានឲ្យយើងមានចិត្តសង្វាតចង់បាន “ស្រុកដែលប្រសើរជាង នៅនគរស្ថានសួគ៌”(ខ.១៦) ហើយដកចិត្តចេញពីលោកិយ។–Jennifer Benson Schuldt