ខ្ញុំមានមិត្តភ័ក្រជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ដែលមានអាយុ៧ឆ្នាំ ឈ្មោះ តូបៀស(Tobias)។ មានពេលមួយ គាត់បានសួរនូវសំណួរមួយ ដែលធ្វើឲ្យប៉ះពាល់ចិត្តខ្ញុំ ថា “ដោយសារអ័ដាំម និងនាងអេវ៉ា មានស្បែកសរ តើមនុស្សស្បែកខ្មៅកើតចេញពីណាមក?” ខ្ញុំក៏បានប្រាប់គាត់ថា យើងមិនដឹងថា ពួកគេមានស្បែកពណ៌អ្វីទេ ហើយខ្ញុំក៏សួរគាត់ថា តើហេតុអ្វីបានជាគាត់គិតថា ពួកគេមានស្បែកពណ៌សរ។ គាត់ក៏និយាយថា ពេលគាត់មើលសៀវភៅរឿងព្រះគម្ពីរ នៅព្រះវិហារ និងនៅបណ្ណាល័យ គាត់តែងឃើញរូបគំនូររបស់អ្នកទាំងពីរមានស្បែកសរជានិច្ច។ ខ្ញុំមានការស្រង៉ាកចិត្ត ហើយចង់ដឹង ថាតើគាត់បានគិតថា ខ្លួនគាត់មានតម្លៃតិចជាងមនុស្សស្បែកសរ ឬគិតថា ខ្លួនមិនមែនជាស្នាព្រះហស្តព្រះឬ ពេលដែលគាត់ឃើញរូបគំនូរបស់អ័ដាំម និងនាងអេវ៉ាមានស្បែកសរ ខណៈពេលដែលគាត់មានស្បែកខ្មៅនោះ។
មនុស្សទាំងអស់សុទ្ធតែមានដើមកំណើត នៅក្នុងព្រះដ៏ជាព្រះអទិករ ដូចនេះ មនុស្សយើងមានតម្លៃស្មើគ្នា។ គឺដូចដែលសាវ័កប៉ុលបាននិយាយប្រាប់អ្នកក្រុងអាថែនថា “ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន និងព្រំទីលំនៅរបស់គេគ្រប់គ្នា”(កិច្ចការ ១៧:២៦)។ យើងរាល់គ្នាសុទ្ធតែ “កើតចេញពីឈាមតែមួយ”។ លោកដារ៉ែល បក់(Darrell Bock) បានសរសេរ នៅក្នុងសៀវភៅពន្យល់គម្ពីរកិច្ចការថា “អ្នកក្រុងអាថែនពិបាកនឹងទទួលយកការបញ្ជាក់ របស់សាវ័កប៉ុល នៅពេលនោះ ព្រោះពួកគេមានមោទនៈភាព ដោយបានចាត់ទុកខ្លួនឯងជាពូជសាសន៍ដែលខ្ពង់ខ្ពស់ជាងគេ ហើយបានហៅជាតិសាសន៍ដទៃទៀតថា មនុស្សព្រៃ”។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារយើងរាល់គ្នាជាកូនចៅជំនាន់ក្រោយរបស់ឪពុកម្តាយដំបូងរបស់យើង គឺអ័ដាំម និងនាងអេវ៉ា ដូចនេះ គ្មានពូជសាសន៍ណាខ្ពង់ខ្ពស់ ឬអន់ជាងពូជសាសន៍ដទៃទៀតឡើយ។
យើងឈរ ដោយចិត្តស្ញប់ស្ញែង ចំពោះព្រះអាទិករនៃយើង ដែលបានបង្កើតយើង ហើយបានឲ្យ “គ្រប់ទាំងអស់មានជីវិត មានដង្ហើម”(ខ.២៥)។ យើងមានភាពស្មើគ្នានៅក្នុងព្រះនេត្រ ព្រះ ដូចនេះ យើងគួររួបរួមគ្នាសរសើរដំកើង និងថ្វាយព្រះកិត្តនាមដល់ទ្រង់។–Anne Cetas