កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានជិះជណ្តើរយន្ត ជាមួយប្រុសៗបួនប្រាំនាក់។ កាលនោះ យប់ជ្រៅណាស់ហើយ យើងក៏មានការនឿយហត់ណាស់ដែរ។ ជណ្តើរយន្តក៏បានជាប់គាំង ហើយឃើញមានបុរសម្នាក់បានចុះមកជួយយើង។ គាត់មានមាឌធំជាងអ្នកគង្វាលគោ មួកដែលនៅលើក្បាលគាត់កញ្ចាស់ និងអាវស្បែកសត្វ ហើយមានពាក់ស្បែកជើងកវែងកណ្តាចផង។ គាត់ក៏មើលយើងចុះឡើងៗ ហើយមើលមុខយើងចំ រួចនិយាយដោយសម្លេងគ្រលថា “សួរស្តី ក្រុមបុរស”។ ពេលឮគាត់និយាយដូចនេះ យើងទាំងអស់គ្នាក៏តម្រង់ខ្លួនឲ្យត្រង់ ដើម្បីខំបង្ហាញភាពរឹងប៉ឹង ក្នុងនាមជាបុរស។
កាលពីថ្ងៃនោះ គាត់បានឲ្យតម្លៃពួកខ្ញុំដែលជាបុរស ឥឡូវនេះ សូមយើងនិយាយអំពីការរស់នៅឲ្យសមជាបុរស។ តាមធម្មតា មនុស្សប្រុសបានព្យាយាមធ្វើខ្លួនឲ្យមានភាពរឹងមាំ ក្នុងនាមជាបុរស ប៉ុន្តែ ជាញឹកញាប់ យើងមានភាពរឹងប៉ឹងតែសម្បកក្រៅប៉ុណ្ណោះ។ ទោះបីជាយើងខិតខំយ៉ាងណាក៏ដោយ ក៏យើងនៅតែដឹងខ្លួនថា យើងមិនមានភាពរឹងមាំដូចការរំពឹងទុកឡើយ។ នៅពីក្រោយភាពក្លៀវក្លារបស់យើង យើងបានលាក់ទុកការភ័យខ្លាច ការគ្មានទំនុកចិត្ត និងការខ្វះខាត។ ភាគច្រើននៃភាពជាបុរស គ្រាន់តែជាការបន្លំភ្នែកប៉ុណ្ណោះ។
យ៉ាងណាមិញ សាវ័កប៉ុលមានភាពជាបុរស ដែលរឹងមាំល្មមនឹងទទួលស្គាល់ភាពកម្សោយរបស់ខ្លួន បានជាគាត់មានប្រសាសន៍ថា “យើងខ្ញុំក៏ខ្សោយដែរ”(២កូរិនថូស ១៣:៤)។ ត្រង់ចំណុចនេះ គាត់មិនបាននិយាយតាមបែបមនុស្សមានពុតឡើយ តែបាននិយាយអំពីការពិត ដោយការបន្ទាបខ្លួន។ ទោះជាយ៉ាងណាក៏ដោយ សាវ័កប៉ុលបានលើកទឹកចិត្តយើងថា យើងត្រូវ “ប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំងចុះ”(១កូរិនថូស ១៦:១៣)។
តើយើងអាចធ្វើជាមនុស្សរឹងមាំ តាមបំណងព្រះហឫទ័យព្រះ ដោយរបៀបណា? យើងអាចធ្វើជាមនុស្សរឹងមាំបាន ទាល់តែយើងថ្វាយខ្លួនយើង ក្នុងព្រះហស្តព្រះ ហើយសូមឲ្យទ្រង់ចម្រើនកម្លាំងយើងឲ្យរឹងមាំឡើង ដោយអំណាចចេស្តា និងជំនួយរបស់ទ្រង់។–David Roper