លោកចច មែកដូណាល់(Georg MacDonald, ១៨២៤-១៩០៥) ជាជនជាតិស្កត់ឡិន ជាអ្នកនិពន្ធរឿងប្រលោមលោក និងកំណាព្យ និងជាអ្នកបម្រើព្រះ។ គាត់បានសរសេរនៅក្នុងសៀវភៅរបស់គាត់ថា “ការអ្វីក៏ដោយ ដែលមនុស្សធ្វើ ដោយគ្មានព្រះ ការនោះនឹងត្រូវបរាជ័យយ៉ាងវេទនា ឬជោគជ័យកាន់តែវេទនា”។ ជាញឹកញាប់ ពាក្យសម្តីដ៏គួរឲ្យចាប់អារម្មណ៍នេះ ត្រូវបានវាទគ្មិន និងអ្នកនិពន្ធសម័យទំនើបដកស្រង់ ហើយឃើញមាននៅក្នុងសៀវភៅដែលគាត់បាននិពន្ធ ដែលមានចំណងជើងថា ការអធិប្បាយដោយមិនប្រើពាក្យសម្តី។
ពាក្យសម្តីមួយឃ្លានេះ និយាយអំពីការដែលគ្រីស្ទបរិស័ទត្រូវមានការលះចោលអាត្មាខ្លួនឯង និងអំពីរបៀបដែលយើងត្រូវអនុវត្តតាមសេចក្តីបង្រៀន ដែលព្រះយេស៊ូវបានមានបន្ទូលថា “រួចទ្រង់មានព្រះបន្ទូលទៅមនុស្សទាំងអស់ថា បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ”(លូកា ៩:២៣-២៤)។
លោកមែកដូណាល់បានមានប្រសាសន៍ថា ការបដិសេធន៍អាត្មាខ្លួនឯងដ៏ពិត គឺមានន័យថា យើងមិនគ្រាន់តែត្រូវព្យាយាមជម្នះបំណងប្រាថ្នា ខាងសាច់ឈាមរបស់យើងប៉ុណ្ណោះឡើយ តែថែមទាំងត្រូវមានទស្សនៈ និងគំនិតដូចព្រះគ្រីស្ទ ចំពោះអ្វីៗដែលយើងឃើញ ពោលគឺយើងត្រូវតែរាប់បំណងព្រះទ័យព្រះ ជាសំខាន់ជាងជីវិតយើងទៅទៀត …យើងត្រូវឈប់គិតថា “តើយើងខ្ញុំគួរធ្វើអ្វី?” តែត្រូវគិតថា “តើព្រះដ៏មានព្រះជន្មរស់សព្វព្រះទ័យ ឲ្យខ្ញុំធ្វើអ្វី?”
ការរកបានតែរបស់ដែលយើងចង់បានសម្រាប់តែខ្លួនឯង គឺជាការបរាជ័យដ៏វេទនា។ ជ័យជម្នះដ៏ពិត គឺមាននៅក្នុងការ “លះបង់” ជីវិតរបស់យើង ថ្វាយព្រះគ្រីស្ទ ហើយរកបានជីវិតនោះយ៉ាងពេញលេញមកវិញ និងមានសេរីភាព តាមបំណងព្រះទ័យទ្រង់។–David McCasland.