មានសៀវភៅរឿងកុមារដ៏ល្បីល្បាញមួយក្បាល បានដំណាល អំពីសត្វកូនខ្លាឃ្មុំឈ្មោះវីនី ដឺភូហ៍(Winnie the Pooh) ដែលបានឃើញកាងហ្កា(Kanga) ដែលជាកូនសត្វកងគូរូលោតចេញទៅតាមផ្លូវ។ វីនីក៏គិតថា បើសិនជាខ្ញុំអាចលោតដូចគាត់ នោះមិនដឹងជាប្រសើរយ៉ាងណាទេ។ ទោះជាយ៉ាងណាក៏ដោយ មានអ្នកខ្លះអាចលោតបាន ហើយអ្នកខ្លះទៀតមិនអាចលោត ដូចកូនសត្វកងគូរូនោះបានទេ។ នេះជាការពិតមែន។
នៅក្នុងការរស់នៅ យើងឃើញបុរស និងស្រ្តីដែលមានវ័យក្មេងជាងយើង ឬមានសមត្ថភាពជាងយើង ធ្វើកិច្ចការដែលមិនធម្មតា ដែលយើងមិនអាចធ្វើបាន។ ពួកគេអាចធ្វើបាន តែយើងមិនអាចធ្វើកិច្ចការនោះបាន។ នោះជាការពិតមែន។ យើងងាយនឹងមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សគ្មានប្រយោជន៍ ពេលដែលយើងមិនអាចធ្វើអ្វី ដែលយើងធ្លាប់ធ្វើបាន កាលពីមុន។
ជាការពិតណាស់ យើងប្រហែលជាមិនអាច “លោត” ដូចកាលពីមុនទេ តែយើងនៅតែអាចស្រឡាញ់ និងអធិស្ឋានកាន់តែច្រើន។ ពេលវេលា និងបទពិសោធន៍បានរៀបចំខ្លួនយើង ឲ្យអាចមានក្តីស្រឡាញ់ និងការអធិស្ឋាន កាន់តែប្រសើរ។
សេចក្តីស្រឡាញ់ជាអំណោយដ៏ល្អ ដែលយើងត្រូវថ្វាយទៅព្រះ និងដល់អ្នកដទៃ។ សេចក្តីស្រឡាញ់មិនមែនជារឿងតូចឡើយ ព្រោះសេចក្តីស្រឡាញ់គឺជាផ្លូវ សម្រាប់ឲ្យយើងបំពេញតួនាទីរបស់យើងទាំងស្រុង ថ្វាយព្រះ និងសម្រាប់អ្នកជិតខាងយើង។ សេចក្តីស្រឡាញ់ដែលយើងមានចំពោះមនុស្សម្នាក់ ប្រហែលហាក់ដូចជាកិច្ចការដ៏តូច ប៉ុន្តែ សេចក្តីស្រឡាញ់ជាអំណោយដ៏ប្រសើរបំផុត (១កូរិនថូស ១៣:១៣)។
យ៉ាងណាមិញ យើងក៏អាចអធិស្ឋានផងដែរ។ សាវ័កប៉ុលបានលើកទឹកចិត្តពួកជំនុំនៅក្រុងកូល៉ុស ឲ្យ “ព្យាយាមក្នុងសេចក្តីអធិស្ឋាន ទាំងចាំយាមក្នុងសេចក្តីនោះឯង ដោយពាក្យអរព្រះគុណ” (កូល៉ុស ៤:២)។ ការអធិស្ឋានរបស់យើង គឺជាកម្លាំងដ៏ខ្លាំង ក្នុងសកលលោក!
ការស្រឡាញ់ និងការអធិស្ឋានពិតជាកិច្ចការដ៏អស្ចារ្យ កិច្ចការដ៏មានអំណាចបំផុតសម្រាប់យើងរាល់គ្នា។ តើហេតុអ្វី? ព្រោះព្រះនៃយើង ដែលសព្វព្រះទ័យនឹងប្រើប្រាស់យើង ជាព្រះដែលពេញដោយសេចក្តីស្រឡាញ់ និងមានអំណាចចេស្តា។–David Roper