ពមហាវិទ្យាល័យទ្រីនីធីបានប្រកួតឈ្នះ ២៥២លើកជាបន្តបន្ទាប់ ពោលគឺប្រកួតឈ្នះជាប់គ្នា មិនដែលចាញ់ បានរយៈពេលវែងបំផុត ក្នុងប្រវត្តិសាស្រ្តនៃការប្រកួតកីឡារវាងសកលវិទ្យាល័យទាំងឡាយ នៅសហរដ្ឋអាមេរិក ប៉ុន្តែ នៅថ្ងៃទី១៨ មករា ឆ្នាំ២០១២ ជ័យជម្នះដ៏វែងនេះ ត្រូវបានបញ្ចប់ ពេលដែលមហាវិទ្យាល័យនេះ បានចាញ់សកលវិទ្យាល័យយេល ក្នុងការប្រកួតវាយកូនបាល់ជាមួយនឹងជញ្ជាំង។ ពេលព្រឹក ក្នុងថ្ងៃបន្ទាប់ពីការប្រកួតចាញ់ជាលើកទីមួយ ក្នុងរយៈពេល១៤ឆ្នាំ លោកប៉ុល អាសៃអានទី(Paul Assaiante) ដែលជាគ្រូបង្វឹកនៃក្រុមកីឡាករទ្រីនីធី បានទទួលសារអេឡិចត្រូនិច ឬអ៊ីមេល ពីមិត្តភ័ក្រ្តរបស់គាត់ម្នាក់ ដែលជាគ្រូបង្វឹកបាល់ទាត់ដ៏ល្បីល្បាញម្នាក់ ដែលក្នុងនោះគាត់បានសរសេរថា “អ្នកធ្លាក់ចុះហើយ ពេលនេះ អ្នកត្រូវតែលោតឡើងទៅលើវិញ”។
រយៈពេល១០ថ្ងៃក្រោយមក ក្រុមកីឡាករ នៃគ្រូបង្វឹកបាល់ទាត់រូបនោះ ក៏បានទទួលបរាជ័យ ក្នុងការប្រកួតបាល់ទាត់ NFL Super Bowl ដែលស្ថិតក្នុងចំណោមព្រឹត្តិការណ៍ដែលមានគេទស្សនាច្រើនបំផុត។ ត្រង់ចំណុចនេះ បរាជ័យ ជាអ្វីដែលយើងរាល់គ្នាជួបប្រទះ ជាធម្មតាដោយជៀសមិនរួច។ ការប្រកួតចាញ់ អាចធ្វើឲ្យយើងមានអារម្មណ៍ពិបាកទទួលយកណាស់ ប៉ុន្តែ ការបរាជ័យខាងវិញ្ញាណ បានអាចធ្វើឲ្យយើងថ្កោលទោសខ្លួនឯង កាន់តែខ្លាំងជាងនេះទៅទៀត។ តើយើងអាចជម្នះអារម្មណ៍ របស់យើងដោយរបៀបណា ពេលដែលយើងបានធ្វើឲ្យព្រះ និងអ្នកដទៃពិបាកចិត្ត ហើយធ្វើឲ្យខ្លួនឯងខកចិត្តនោះ?
សាវ័កយ៉ូហានបានមានប្រសាសន៍ថា “បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្ថិតនៅក្នុងយើងទេ បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៨-៩)។ ព្រះអត់ទោសបាបឲ្យយើង គឺដោយសារព្រះយេស៊ូវគ្រីស្ទ បានបង់ថ្លៃលោះបាបយើង(២:២)។
ការអត់ទោសបាបរបស់ព្រះ រំដោះយើងឲ្យមានសេរីភាពឡើងវិញ ប្រយោជន៍ដើម្បីឲ្យយើងអាចចាប់ផ្តើមសាជាថ្មី ហើយផ្តោតទៅលើឱកាសល្អៗ ក្នុងពេលបច្ចុប្បន្ន ជាជាងពិបាកចិត្តនឹងបរាជ័យ កាលពីអតីតកាល។ ការលាងសម្អាតដ៏ស្មោះត្រង់នៃទ្រង់ អនុញ្ញាតឲ្យយើងចាប់ផ្តើមសាជាថ្មី ដោយចិត្តបរិសុទ្ធ។ ថ្ងៃនេះ ព្រះទ្រង់អញ្ជើញយើង និងចម្រើនកម្លាំងឲ្យយើងអាចលោតឡើងទៅលើវិញ បន្ទាប់ពីបានធ្លាក់ចុះ។—David McCasland