ខ្ញុំទទួលស្គាល់ថា ជួនកាលពេលខ្ញុំអានសៀវភៅរឿង ខ្ញុំអានផ្នែកចុងបញ្ចប់នៃសៀវភៅនោះ ជាមុនសិន ទើបខ្ញុំអានផ្នែកដើមដំបូង។ ការអានដូចនេះ បានធ្វើឲ្យខ្ញុំអាចដឹងថា តួអង្គណានៅរស់ ហើយតួអង្គណាស្លាប់នៅចុងបញ្ចប់។ ពេលដែលខ្ញុំដឹងអំពីចុងបញ្ចប់នៃសាច់រឿងហើយ ខ្ញុំអាចសម្រួលអារម្មណ៍ ហើយឲ្យតម្លៃសាច់រឿង និងតួអង្គទាំងនោះឲ្យបានល្អិតល្អន់ យ៉ាងសប្បាយរីករាយ ដោយគ្មានការថប់បារម្ភ។
យ៉ាងណាមិញ ការអានផ្នែកចុងក្រោយនៃសៀវភៅរឿង មិនសូវខុសគ្នាប៉ុន្មានពីការអានព្រះគម្ពីរវិវរណៈ ដែលជាកណ្ឌចុងក្រោយនៃព្រះគម្ពីរប៉ុន្មានទេ។ ព្រោះការអានព្រះគម្ពីរវិវរណៈអាចលើកទឹកចិត្ត ក៏ដូចជាកម្សាន្តចិត្ត អ្នកដើរតាមព្រះយេស៊ូវ។ កណ្ឌគម្ពីរនេះបានចែងម្តងហើយម្តងទៀតថា គ្រីស្ទបរិស័ទជាអ្នកមានជ័យជម្នះ(១យ៉ូហាន ៤:៤ ៥:៤ វិវរណៈ ២:៧,១១,១៧,២៦ ៣:៥,១២,២១)។ និយាយឲ្យខ្លី យើងអាចធ្វើជាអ្នកមានជ័យជម្នះ ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាក្នុងពេលដ៏អស់កល្បជានិច្ច។
ពេលដែលសាវ័កយ៉ូហាននិយាយ អំពីការបើកសម្តែងនូវផ្ទៃមេឃ និងផែនដីថ្មី ក្នុងព្រះគម្ពីរវិវរណៈ(២១:១) គាត់បានពិពណ៌នា អំពីចុងបញ្ចប់នៃអ្នក ដែលបានទទួលព្រះយេស៊ូវជាព្រះសង្រ្គោះ។ នៅពេលនោះ យើងនឹងបានឃើញចុងបញ្ចប់នៃសេចក្តីស្លាប់ ទឹកភ្នែក សេចក្តីទុក្ខ និងការឈឺចាប់(ខ.៤)។ ព្រះអម្ចាស់ទ្រង់បានប្រកាសថា “ឯអ្នកណាដែលឈ្នះ នោះនឹងបានគ្រងសេចក្តីទាំងនេះទុកជាមរដក អញនឹងធ្វើជាព្រះដល់អ្នកនោះ ហើយអ្នកនោះនឹងធ្វើជាកូនរបស់អញ”(ខ.៧)។ ទ្រង់នឹងគង់នៅជាមួយយើង(ខ.៣) ហើយទ្រង់ “នឹងធ្វើឲ្យការគ្រប់យ៉ាងប្រែជាថ្មីវិញ”(ខ.៥)។
ពេលដែលការលំបាកក្នុងពេលបច្ចុប្បន្ន ហាក់ដូចជាហួសសមត្ថភាពរបស់អ្នក នោះសូមគិតអំពីចុងបញ្ចប់នៃសាច់រឿងនៃដំណើរជីវិតរបស់អ្នក ដោយដឹងថា នៅចុងបញ្ចប់ អ្នកនឹងបាននៅក្នុងព្រះវត្តមានព្រះអង្គជារៀងរហូត!—Randy Kilgore