កន្លងមក ខ្ញុំបានអានសៀវភៅមួយក្បាល ដែលបង្រៀនមនុស្សឲ្យចេះជួយខ្លួនឯងឲ្យមានជោគជ័យ។ ខ្ញុំបានចាប់អារម្មណ៍នឹងទស្សនៈមួយ ដែលគេបានសរសេរ ក្នុងសៀវភៅនោះថា ចូរធ្វើតែកិច្ចការណា ដែលអ្នកពូកែធ្វើចុះ ព្រោះមានតែកិច្ចការនោះទេ ដែលអ្នកមានអារម្មណ៍ជឿជាក់បំផុតថា អ្នកអាចធ្វើបាន។ ត្រង់ចំណុចនេះ អ្នកនិពន្ធកំពុងតែព្យាយាមជួយអ្នកអាន ឲ្យកសាងជីវិត ឲ្យបានដូចក្តីបំណង។ ខ្ញុំមិនដឹងថា អ្នកមានគំនិតយល់ឃើញយ៉ាងណាទេ ប៉ុន្តែ សម្រាប់ខ្ញុំវិញ ខ្ញុំយល់ថា បើសិនជាខ្ញុំធ្វើតែការអ្វីដែលខ្ញុំពូកែធ្វើ នោះខ្ញុំមិនអាចសម្រេចកិច្ចការបានច្រើនទេ!
យើងឃើញថា ក្នុងបទគម្ពីរម៉ាកុស ជំពូក១០ សាវ័កយ៉ាកុប និងសាវ័កយ៉ូហាន បានមានផែនការខ្លះៗ សម្រាប់រស់នៅ ឲ្យបានដូចក្តីបំណង ក្នុងពេលអនាគត។ បានជាពួកគេទូលសូមព្រះយេស៊ូវ ឲ្យពួកគេអង្គុយនៅក្បែរព្រះអង្គ ម្នាក់នៅខាងឆ្វេង ហើយម្នាក់ទៀតនៅខាងស្តាំ ក្នុងនគរស្ថានសួគ៌(ខ.៣៧)។ ការទូលសូមដូចនេះ បានធ្វើឲ្យសាវ័កទាំង១០នាក់ផ្សេងទៀត មានការ “តូចចិត្ត”នឹងអ្នកទាំងពីរ(ខ.៤១)។ (ការនេះអាចមកពីពួកគេចង់បានកន្លែងអង្គុយនៅក្បែរព្រះអង្គផងដែរ)។ ប៉ុន្តែ ពេលនោះ ព្រះយេស៊ូវក៏បានឈ្លៀតឱកាស បង្រៀនពួកគេ អំពីការរស់នៅមួយបែបទៀត ដែលព្រះអង្គសព្វព្រះទ័យ គឺការរស់នៅ ដោយបម្រើគ្នាទៅវិញទៅមក។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ឯអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នកទាំងអស់វិញ”(ខ.៤៣-៤៤)។ ព្រះបន្ទូលព្រះអង្គត្រង់ចំណុចនេះ បានបញ្ជាក់ថា ការបម្រើគ្នាទៅវិញទៅមក គឺជាការរៀបចំរបស់ព្រះ សម្រាប់យើងរាល់គ្នា។
សូម្បីតែព្រះយេស៊ូវ ដែលជាព្រះរាជបុត្រានៃព្រះ “មិនបានមកដើម្បីឲ្យគេបម្រើទេ តែដើម្បីបម្រើគេវិញ”(ខ.៤៥)។ ខណៈពេលដែលយើងមើលគំរូរបស់ព្រះយេស៊ូវ ហើយពឹងផ្អែកលើជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ យើងក៏អាចធ្វើជាអ្នកបម្រើ ហើយរស់នៅក្នុងជីវិតដែលព្រះអង្គសព្វព្រះទ័យផងដែរ។—Anne Cetas