ប្រាជ្ញាជាសម្រស់នៃភាពបរិសុទ្ធ។ សាវ័កយ៉ាកុបបានមានប្រសាសន៍ថា ប្រាជ្ញា មានភាពសមហេតុផល ចេះបទបែន មានការអត់ទោស មានសន្តិភាព និងមានការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ព្រមទាំងមានការសួរសុខទុក្ខគ្នា ក្នុងនាមជាមិត្តភ័ក្រ មានការគួរសម និងនិយាយពាក្យសម្តីល្អៗ។ ប្រាជ្ញាមានការបន្ទាបខ្លួន មានតម្លាភាព មានភាពសាមញ្ញ ស្លូតបូត និងមានចិត្តសប្បុរស(យ៉ាកុប ៣:១៧)។ តើយើងអាចរកឃើញប្រាជ្ញា នៅទីណា? ប្រាជ្ញាមានប្រភពពីនគរស្ថានសួគ៌(១:៥)។ បានជាលោកឆាល ស្ព័រជិន(Charles Spurgeon) បានមានប្រសាសន៍ថា “ប្រាជ្ញា ជាសម្រស់នៃជីវិត ហើយមានតែព្រះទេ ដែលអាចបង្កើតឲ្យមានប្រាជ្ញា ក្នុងជីវិតយើង”។ វាជាការប្រសើរណាស់ ដែលយើងអាចសួរខ្លួនឯងឲ្យបានញឹកញាប់ថា “តើខ្ញុំកំពុងលូតលាស់ក្នុងប្រាជ្ញាឬទេ?” ទោះបីជាយ៉ាងណាក៏ដោយ ជីវិតមនុស្សយើងមានការប្រែប្រួលជានិច្ច។ យើងចាំបាច់ត្រូវលូតលាស់ ដោយមានភាពផ្អែមល្ហែម និងមានប្រាជ្ញាកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ពុំនោះទេ យើងនឹងក្លាយជាមនុស្សដែលល្ងង់ខ្លៅ ឬមានមុខជូរកាន់តែខ្លាំង។
ម្យ៉ាងទៀត យើងអាចសួរខ្លួនឯងថា “តើខ្ញុំកំពុងលូតលាស់ទៅជាអ្វី?” ដរាបណាយើងនៅរស់ យើងនៅតែមានឱកាសចាប់ផ្តើមលូតលាស់ ក្នុងប្រាជ្ញាជានិច្ច។ ព្រះទ្រង់ស្រឡាញ់យើង ដោយព្រះទ័យអាណិតអាសូរ និងស្រឡាញ់ជាខ្លាំង ដែលអាចរំដោះយើង ឲ្យរួចផុត ពីភាពល្ងង់ខ្លៅ បើសិនជាយើងថ្វាយជីវិតយើងដាច់ដល់ព្រះអង្គ។ សេចក្តីស្រឡាញ់របស់ព្រះអង្គ អាចកែប្រែបុគ្គលិកលក្ខណៈដែលពិបាកកែប្រែបំផុត ឲ្យក្លាយទៅជាមានសម្រស់ដ៏ល្អអស្ចារ្យ។ យើងប្រហែលជាមានការឈឺចាប់ខ្លះៗ ហើយត្រូវចំណាយមួយរយៈ នៅក្នុងការផ្លាស់ប្រែនោះ ប៉ុន្តែ ព្រះទ្រង់នៅតែស្វែងរកឱកាស កែប្រែជីវិតយើងជានិច្ច។ ពេលដែលយើងទូលសូមប្រាជ្ញាពីព្រះ នោះព្រះអង្គនឹងឲ្យប្រាជ្ញាចាប់ផ្តើមកើតមាន ក្នុងជីវិតយើង ហើយបង្ហូរទៅដល់អ្នកដទៃផង។
ដ្បិតព្រះទ្រង់បានសន្យាថា “បើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ ដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ”(១:៥)។ —David Roper