មានកន្លែងដ៏តូចមួយ ក្នុងទីធ្លាមុខផ្ទះរបស់ខ្ញុំ ដែលហាក់ដូចជាមិនអាចមានភាពស្រស់ស្អាតសោះ។ ស្មៅហាក់ដូចជានៅតែដុះរ៉ុយៗ ក្នុងចំណុចមួយនោះ ទោះបីជាខ្ញុំបានព្យាយាមស្រោចទឹកវា យ៉ាងណាក៏ដោយ។ ដូចនេះ ថ្ងៃមួយ ខ្ញុំក៏បានយកប៉ែលមកចូកមើលកន្លែងដែលមានបញ្ហានោះ ហើយក៏រកឃើញមូលហេតុ ដែលធ្វើឲ្យស្មៅដុះមិនបានល្អ។ នៅពីក្រោមស្មៅនោះ មានថ្មមួយស្រទាប់ ដែលមានកម្រាស់ជិតមួយទឹក។ ខ្ញុំក៏បានគាស់ថ្មនោះចេញ ហើយយកដីដ៏មានជីរជាតិ មកចាក់បំពេញ ដើម្បីឲ្យគ្រាប់ពូជថ្មីអាចចាក់ឫសដុះបានល្អ។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះយេស៊ូវមានបន្ទូលអំពីគ្រាប់ពូជ និងដី។ ក្នុងរឿងប្រៀបប្រដូច ក្នុងបទគម្ពីរម៉ាថាយ ជំពូក១៣ ព្រះអង្គបានមានបន្ទូល អំពីគ្រាប់ពូជនៃដំណឹងល្អ ដែលត្រូវបានសាបព្រោះ នៅលើដីប្រភេទខុសៗគ្នា។ ព្រះអង្គមានបន្ទូលថា គ្រាប់ពូជដែល ធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមានដីរាក់ពេក ស្រាប់តែដុះឡើងភ្លាម ព្រោះដីមិនជ្រៅទេ ប៉ុន្តែ កាលថ្ងៃរះឡើង នោះក៏ក្រៀមខ្លោចទៅ ពីព្រោះគ្មានឫស(ខ.៥-៦)។ ត្រង់ចំណុចនេះ ព្រះអង្គកំពុង មានបន្ទូល អំពីអ្នកដែលបានឮដំណឹងល្អ ហើយទទួលជឿ តែព្រះបន្ទូលព្រះមិនបានចាក់ឫសចូលក្នុងជីវិតរបស់ពួកគេឡើយ។ បានជាពេលដែលគាត់ ជួបបញ្ហា គាត់ក៏រវាតចិត្តចេញ ដោយសារគាត់មិនមែនជាអ្នកជឿពិតប្រាកដ។
ព្រះយេស៊ូវក៏បានមានបន្ទូលសន្និដ្ឋានថា “អ្នកដែលទទួលពូជក្នុងដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ ក៏បង្កើតផលផ្លែ មួយជា១រយ មួយជា៦០ ហើយមួយទៀតជា៣០”(ខ.២៣)។ យើងគួរអរព្រះគុណព្រះអង្គ សម្រាប់ព្រះបន្ទូលត្រង់ចំណុចនេះ ដែលបានរំឭកយើង អំពីអភ័យឯកសិទ្ធិ និងការទទួលខុសត្រូវ ដែលយើងមាន ពេលយើងទទួលសេចក្តីសង្រ្គោះ។
សូមយើងអរព្រះគុណព្រះ សម្រាប់គ្រាប់ពូជនៃដំណឹងល្អ និងដីនៃការលូតលាស់ខាងវិញ្ញាណ។—Dave Branon