សៀវភៅដែលមានចំណងជើងថា ប្រាជ្ញារបស់ហ្វូងមនុស្ស ជាសៀវភៅដ៏គួរឲ្យចាប់អារម្មណ៍ ដែលក្នុងនោះ លោកចេមស៍ សួរូវេគី(James Surowiecki) ដែលជាអ្នកនិពន្ធសៀវភៅនេះ បានបង្ហាញអំពីទស្សនៈដ៏សាមញ្ញមួយ ដែលអាចធ្វើឲ្យមនុស្សវង្វេងបាន គឺទស្សនៈដែលបានយល់ឃើញថា “ហ្វូងមនុស្សដែលមានគ្នាច្រើន មានភាពឆ្លាតវ័យជាងមនុស្សដែលលេចធ្លោ ដែលមានគ្នាតិច ទោះបីជាមនុស្សដែលលេចធ្លោទាំងនោះ មានភាពវ័យឆ្លាត ពូកែដោះស្រាយបញ្ហាជាង ចេះលើកកម្ពស់ឲ្យមានទស្សនៈថ្មីៗ មានការសម្រេចចិត្តដែលឆ្លាតវ័យ ឬចេះព្យាករណ៍អំពីពេលអនាគតយ៉ាងណាក៏ដោយ”។ អ្នកនិពន្ធសៀវភៅនេះ បានធ្វើការប្រៀបធៀបរវាងមនុស្សទាំងពីរក្រុមនោះ ក្នុងវិស្ស័យផ្សេងៗ ដែលរាប់ចាប់តាំងពីវិស្ស័យវប្បធម៌ដែលពេញនិយម រហូតដល់វិស្ស័យនយោបាយ ហើយបានធ្វើការសន្និដ្ឋានជាមូលដ្ឋានថា “ហ្វូងមនុស្សដែលមានគ្នាច្រើន ច្រើនតែមានភាពត្រឹមត្រូវជាងមនុស្ស ដែលលេចធ្លោដែលមានគ្នាតិច។ ទ្រឹស្តីនេះមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែ គេអាចយកទ្រឹស្តីនេះមកពិភាក្សា ក្នុងពេលបោះឆ្នោតរើសអ្នកដឹកនាំប្រទេស ឬនៅពេលដែលគេបោះឆ្នោតឲ្យបេកជន ដែលប្រកួតក្នុងកម្មវិធីទូរទស្សន៍ជាដើម”។
យ៉ាងណាមិញ ព្រះគម្ពីរបរិសុទ្ធបានបង្ហាញយ៉ាងច្បាស់ថា ប្រាជ្ញារួមរបស់ហ្វូងមនុស្ស មិនអាចឲ្យយើងទុកចិត្តបានគ្រប់ពេលឡើយ ហើយក៏អាចបណ្តាលឲ្យមានគ្រោះថ្នាក់ផងដែរ(ម៉ាថាយ ៧:១៣-១៤) ប៉ុន្តែ ប្រាជ្ញារួមរបស់ហ្វូងមនុស្សអាចមានប្រយោជន៍ នៅពេលដែលប្រាជ្ញានោះត្រូវតាមព្រះបន្ទូលព្រះ។ បទគម្ពីរសុភាសិត ១១:១៤ បានចែងថា “ទីណាដែលឥតមានអ្នកប្រាជ្ញានាំមុខ នោះប្រជាជនរមែងដួលទៅ តែបើមានអ្នកប្រឹក្សាជាច្រើន នោះមានសេចក្តីសុខវិញ”។ ការរួមគ្នាតែមួយ ក្នុងរូបកាយព្រះគ្រីស្ទមានប្រយោជន៍ណាស់ ជាពិសេសនៅពេលដែលយើងអាចជួយគ្នាទៅវិញទៅមក នៅក្នុងការស្វែងរកប្រាជ្ញាពីព្រះ។ ពេលដែលយើងរួមគ្នា ដើម្បីស្វែងរកបំណងព្រះហឫទ័យព្រះ នោះយើងនឹងរកឃើញសុវត្ថិភាព នៅក្នុងការផ្គត់ផ្គង់របស់ព្រះ និងទទួលប្រាជ្ញារបស់ព្រះអង្គ សម្រាប់ការពិបាកដែលយើងឆ្លងកាត់ក្នុងជីវិត។—Bill Crowder