ពេលដែលគេសួរក្មេងៗថា “សេចក្តីស្រឡាញ់ជាអ្វី?” ពួកគេមានចម្លើយល្អៗជាច្រើន។ សម្រាប់ណូអេ ដែលជាក្មេងមានអាយុ៧ឆ្នាំ គាត់បានឆ្លើយថា “សេចក្តីស្រឡាញ់ គឺជាការដែលអ្នកនិយាយប្រាប់មនុស្សម្នាក់ថា អ្នកចូលចិត្តអាវគាត់ ហើយបន្ទាប់មក គាត់ក៏ពាក់អាវនោះរាល់ថ្ងៃ”។ ចំណែកឯរេបិកា ដែលជាក្មេងស្រីមានអាយុ៨ឆ្នាំវិញ នាងបានឆ្លើយថា“ដោយសារជីដូនខ្ញុំមានជម្ងឺឈឺសន្លាក់ដៃជើង គាត់មិនអានឱនចុះ ដើម្បីធ្វើក្រចកជើងគាត់ទៀតទេ។ ដូចនេះ ជីតារបស់ខ្ញុំតែងតែធ្វើក្រចកជើងឲ្យគាត់ សូម្បីតែនៅពេលដែលដៃគាត់ឈឺសន្លាក់ដែរក៏ដោយ។ នោះហើយជាសេចក្តីស្រឡាញ់”។ រីឯយេស៊ិកាក៏មានអាយុ៨ឆ្នាំដែរ នាងបានឆ្លើយថា “អ្នកមិនគួរនិយាយថា អ្នកស្រឡាញ់គេឡើយ បើសិនជាអ្នកមិនពិតជាស្រឡាញ់គេទេនោះ។ តែបើអ្នកពិតជាស្រឡាញ់មែន អ្នកគួរតែនិយាយប្រាប់គេឲ្យបានច្រើនដង ដើម្បីកុំឲ្យគេភ្លេច”។
មានពេលខ្លះ យើងត្រូវរំឭកខ្លួនឯងថា ព្រះស្រឡាញ់យើង។ យើងច្រើនតែផ្តោតទៅលើទុក្ខលំបាកក្នុងជីវិត ហើយក៏សួរខ្លួនឯងថា ឯណាទៅសេចក្តីស្រឡាញ់? ប៉ុន្តែ បើសិនជាយើងបង្អង់ឈប់សិន ហើយពិចារណាអំពីការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់យើង នោះយើងនឹងនឹកចាំថា ព្រះស្រឡាញ់យើងខ្លាំងប៉ុណ្ណា ដែលព្រះអង្គជា សេចក្តីស្រឡាញ់(១យ៉ូហាន ៤:៨-១០)។
បទគម្ពីរទំនុកដំកើង ជំពូក ១០៤ បានរៀបរាប់អំពី “ព្រះពរ” ដែលយើងទទួលបាន ពីសេចក្តីស្រឡាញ់របស់ព្រះ ដូចតទៅ : ព្រះអង្គអត់ទោសបាបយើង(ខ.៣) ព្រះអង្គចម្អែតយើងដោយរបស់ល្អ(ខ.៥) ហើយសម្រេចកិច្ចការដ៏សុចរិត និងសេចក្តីយុត្តិធម៌(ខ.៨)។ ទ្រង់មិនបានប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ(ខ.១០) ហើយទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា នោះទ្រង់បានដកយកអស់ទាំងការល្មើសរបស់យើង ឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ(ខ.១២)។ ព្រះអង្គមិនដែលភ្លេចយើងឡើយ! ពេលគេសួរយើងថា សេចក្តីស្រឡាញ់ជាអ្វី? នោះយើងអាចឆ្លើយថា ព្រះជាសេចក្តីស្រឡាញ់ ហើយព្រះអង្គចាក់បង្ហូរសេចក្តីស្រឡាញ់របស់ទ្រង់មកលើអ្នក និងខ្ញុំ។—Anne Cetas