បើសិនជាអ្នកស្រាវជ្រាវក្នុងប្រព័ន្ធហ្គូហ្គល(Google) អំពី “បុគ្គលដែលមានឥទ្ធិពល” នោះអ្នកនឹងឃើញឈ្មោះ “បុគ្គលដែលល្បីល្បាញបំផុត ក្នុងពិភពលោក” ក្នុងបញ្ជីឈ្មោះផ្សេងៗ។ តាមធម្មតា បញ្ជីឈ្មោះទាំងនេះ រាប់បញ្ចូលឈ្មោះអ្នកដឹកនាំនយោបាយ ម្ចាស់មុខជំនួញ និងកីឡាករល្បីៗ ក៏ដូចជា បុគ្គលល្បីៗ ក្នុងផ្នែកវិទ្យាសាស្រ្ត សិល្បះ និងការកម្សាន្ត។ តែអ្នកនឹងមិនឃើញឈ្មោះចុងភៅ និងអ្នកបោសសម្អាត ដែលបានធ្វើការបម្រើបុគ្គលល្បីឈ្មោះទាំងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ថ្វីត្បិតតែចុងភៅ និងអ្នកបោសសម្អាត មានមុខនាទីតូចទៀបមែន តែពួកគេច្រើនតែមានឥទ្ធិពលមកលើបុគ្គលដែលខ្លួនបានបម្រើ។
យ៉ាងណាមិញ ក្នុងរឿងលោកមេទ័ពណាម៉ាន់ ព្រះគម្ពីរក៏បានចែងអំពីស្តេចពីរអង្គ និងហោរារបស់ព្រះ(២ពង្សាវតាក្សត្រ ៥:១-១៥)។ ប៉ុន្តែ ក្នុងរឿងនេះ អ្នកបម្រើជាតួអង្គដ៏សំខាន់ ដែលបានប្រាប់លោកណាម៉ាន់ ឲ្យទៅទទួលការប្រោសឲ្យជា ពីជម្ងឺឃ្លង់ ដែលអាចធ្វើឲ្យគាត់បាត់បង់មុខនាទីជាមេទ័ព និងរងគ្រោះក្នុងជីវិត។ អ្នកបម្រើដ៏វ័យក្មេងរូបនោះ គឺជាឈ្លើយសឹក ដែលគេបានយកពីនគរអ៊ីស្រាអែលមក។ នាងបានប្រាប់ភរិយារបស់លោកណាម៉ាន់ថា មានហោរាម្នាក់ ក្នុងស្រុកសាម៉ារី ដែលអាចប្រោសគាត់ឲ្យជាពីជម្ងឺឃ្លង់បាន(ខ.២-៣)។ ពេលដែលហោរាអេលីសេប្រាប់លោកណាម៉ាន់ ឲ្យចុះទៅមុជទឹកទន្លេយ័រដាន់ លោកណាម៉ាន់ក៏បានខឹងនឹងលោកហោរ ប៉ុន្តែ អ្នកបម្រើរបស់គាត់បានលើកទឹកចិត្តគាត់ ឲ្យធ្វើតាមបង្គាប់របស់លោកហោរា។ ទីបំផុត លោកណាម៉ាន់ក៏បានជាពីរោគឃ្លង់ បានជាគាត់ប្រកាស់ថា “នៅផែនដីទាំងមូល គ្មានព្រះឯណាសោះ វៀរតែព្រះនៃសាសន៍អ៊ីស្រាអែល១ប៉ុណ្ណោះ”(ខ.១៥)។
ត្រង់ចំណុចនេះ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងពិតជាមានតួនាទីដ៏សំខាន់ណាស់។ ព្រះបានត្រាសហៅយើង ឲ្យធ្វើជាមនុស្សដែលមានឥទ្ធិពល ពោលគឺធ្វើជាអ្នកបម្រើរបស់ព្រះអម្ចាស់ ដែលនាំអ្នកដទៃ ឲ្យស្គាល់ព្រះ ដែលអាចធ្វើឲ្យជីវិតផ្លាស់ប្រែ។—David McCasland