ថ្មីៗនេះ ខ្ញុំឃើញគេសរសេរនៅលើផ្ទាំងប្រកាសដ៏ធំមួយថា ៨០ភាគរយនៃជីវិតទាំងអស់ នៅលើផែនដីនេះ គឺមាននៅក្នុងសមុទ្រ។ តួរលេខដ៏ច្រើនលើសលប់បែបនេះ គឺពិបាកនឹងឲ្យយើងស្វែងយល់បាន ព្រោះភាគច្រើននៃជីវិតនៅលើផែនដីនេះ មិនមែនជាអ្វីដែលយើងមើលឃើញនឹងភ្នែកទទេ។ ពេលដែលខ្ញុំពិចារណាអំពីរឿងនេះ ខ្ញុំក៏បាននឹកចាំថា ព្រះបានបង្កើតរបស់សព្វសារពើ ក្នុងចំនួនដ៏ច្រើន លើសពីការរំពឹងគិតរបស់យើង។ យើងងាយនឹងមានការរំភើបចិត្ត ចំពោះទេសភាពដ៏ស្រស់ត្រកាលនៃជួរភ្នំ ឬចំពោះទិដ្ឋភាពថ្ងៃលិច ប៉ុន្តែ ទន្ទឹមនឹងនោះ មានពេលខ្លះ យើងមិនបានឃើញភាពលម្អិតនៃស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គទេ ព្រោះយើងមិនបានធ្វើការសិក្សា និងពិនិត្យឲ្យកាន់តែល្អិតល្អន់។
មានស្នាព្រះហស្តរបស់ព្រះជាច្រើន ក្នុងមហាសមុទ្រ ដែលកំបាំងពីភ្នែកយើង ប៉ុន្តែ នៅមានស្នាព្រះហស្តជាច្រើនទៀត ដែលមានរូបរាង្គតូចពេក មិនអាចឲ្យយើងមើលឃើញនឹងភ្នែកទទេបាន។ របស់សព្វសារពើ ដែលរាប់ចាប់តាំងពីវត្ថុដែលមានទំហំតូចល្អិត រហូតដល់វត្ថុដែលយើងមិនទាន់ទៅដល់ ក៏ដូចជាមិនទាន់ស្រាវជ្រាវ ក្នុងចក្រវាល សុទ្ធតែជាស្នាព្រះហស្តនៃព្រះអាទិកររបស់យើង។ សិរីល្អនៃការបង្កើតរបស់ព្រះ បានសម្តែងឡើង ក្នុងរចនាសម្ព័ន្ធដ៏អស្ចារ្យទាំងនោះ ទោះជាយើងមើលឃើញ ឬមើលមិនឃើញក្តី(រ៉ូម ១:២០)។
ពេលដែលយើងមានការយល់ដឹងកាន់តែច្រើន អំពីភាពអស្ចារ្យនៃការបង្កើតរបស់ព្រះអាទិករ នោះការយល់ដឹងនេះ តែងតែនាំយើងឲ្យងាកបែរមករកព្រះអង្គ ហើយបណ្តាលចិត្តយើងឲ្យចង់ថ្វាយបង្គំព្រះអង្គ។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងមានប្រសាសន៍ថា “ចូរឲ្យផ្ទៃមេឃ និងផែនដី ព្រមទាំងសមុទ្រ ហើយសត្វទាំងប៉ុន្មាន ដែលរវើកនៅក្នុងនោះ បានសរសើរដល់ទ្រង់ចុះ”(ទំនុកដំកើង ៦៩:៣៤)។ បើស្នាព្រះហស្តរបស់ព្រះថ្វាយការសរសើរដល់ព្រះអាទិករ នោះយើងក៏គួរតែចូលរួម ដោយច្រៀងបន្ទរផងដែរ។ ព្រះដែលយើងបម្រើ ជាព្រះដ៏ធំប្រសើរណាស់!—Bill Crowder