ឪពុករបស់ខ្ញុំមានអនុស្សាវរីយ៍ជាច្រើន កាលគាត់នៅក្មេង ក្នុងស្រុកកំណើតរបស់គាត់។ ដូចនេះ អ្នកអាចស្រមៃថា ខ្ញុំមានចិត្តរំភើបរីករាយយ៉ាងណា កាលនៅក្មេង ពេលដែលគាត់នាំក្រុមគ្រួសារ ទៅស្រុកកំណើតរបស់គាត់ ក្នុងរដូវក្តៅជារៀងរាល់ឆ្នាំ។ នៅទីនោះ យើងបាននាំគ្នាស្ទូចត្រី ក្នុងទន្លេសង់យ៉ូសែប ហើយទៅលេងកសិដ្ឋាន ជាកន្លែងដែលគាត់មានអនុស្សាវរីយ៍ក្នុងវ័យកុមារ។ ក្រុងនោះ មិនមែនជាស្រុកកំណើតរបស់ខ្ញុំ ទេ ប៉ុន្តែ ពេលដែលខ្ញុំបានទៅលេងកន្លែងនោះម្តងៗ ជាមួយកូន និងចៅរបស់ខ្ញុំ ខ្ញុំតែងតែមានអារម្មណ៍ថា កក់ក្តៅ ដូចជាផ្ទះរបស់ខ្ញុំដែរ។
ព្រះយេស៊ូវបានមានបន្ទូល ទៅកាន់ពួកសិស្សព្រះអង្គ អំពីផ្ទះរបស់ព្រះអង្គ ក្នុងនគរស្ថានសួគ៌ ដែលព្រះអង្គបានចាកចោល ដើម្បីយាងចុះមកមានព្រះជន្មរស់ នៅក្នុងចំណោមយើង។ ព្រះអង្គប្រាកដជាមានអំណរណាស់ ពេលដែលព្រះអង្គមានបន្ទូលប្រាប់ពួកសិស្សថា “នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន… ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា… ប្រយោជន៍ឲ្យអ្នករាល់គ្នា បាននៅកន្លែងដែលខ្ញុំនៅនោះដែរ”(យ៉ូហាន ១៤:២-៣)។ ជាការពិតណាស់ ព្រះយេស៊ូវ “បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្តីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់”(ហេព្រើ ១២:២) ហើយបានវិលត្រឡប់ទៅផ្ទះរបស់ព្រះអង្គ ក្នុងនគរស្ថានសួគ៌វិញ ហើយនឹងយាងត្រឡប់មកយកកូនប្រុសស្រីរបស់ព្រះអង្គ ទៅនៅជាមួយអស់កល្បជានិច្ច។
ពេលដែលយើងគិតអំពីកន្លែងដែលព្រះយេស៊ូវបានរៀបចំទុកឲ្យយើង ក្នុងផ្ទះរបស់ព្រះវរបិតា យើងអាចរំពឹងគិតដល់ថ្ងៃដែលយើងនឹងបានទៅនៅទីនោះ ហើយការនេះបណ្តាលចិត្តយើង ឲ្យចង់ទៅប្រាប់អ្នកដទៃ អំពីដំណឹងល្អដែលថា ព្រះរាជបុត្រាបានយាងមកសង្រ្គោះយើង ឲ្យរួចពីលោកិយដែលបានធ្លាក់ចូលក្នុងអំពើបាប។—Joe Stowell