ពេលដែលខ្ញុំហៀបនឹងចេញទៅធ្វើការ មានពេលខ្លះ ភរិយារបស់ខ្ញុំបានឃាត់ខ្ញុំ ដោយសារខ្ញុំមានបញ្ហាស្លៀកពាក់។ តាមធម្មតា គាត់ឃាត់ខ្ញុំ ព្រោះក្រវ៉ាត់កររបស់ខ្ញុំ មិនសមនឹងអាវក្រៅ ឬខោរជើងវែងមានពណ៌មិនសមនឹងអាវក្រៅជាដើម។ ខ្ញុំបានដឹងថា ការដែលនាងជួយឲ្យខ្ញុំមានការសម្រេចចិត្តឲ្យបានត្រឹមត្រូវ បានជះឥទ្ធិពលល្អមកលើជីវិតខ្ញុំ ហើយតែងតែធ្វើឲ្យខ្ញុំមានការចម្រើនឡើងផង ទោះបីជាពេលខ្លះ វាហាក់ដូចជាបង្អាក់ការអ្វីដែលខ្ញុំចង់ធ្វើក៏ដោយ។
ជាញឹកញាប់ ព្រះគម្ពីរបានបង្រៀនយើងឲ្យ “ប្រដាប់ខ្លូន” ដោយអាកប្បកិរិយ៉ា និងការប្រព្រឹត្តដែលស័ក្តិសមនឹងអត្តសញ្ញាណរបស់យើង ក្នុងព្រះគ្រីស្ទ។ ជួនកាល គេស្គាល់យើង ដោយសារខោអាវដែលយើងចូលចិត្តស្លៀកពាក់ ប៉ុន្តែ យើងក៏អាចធ្វើឲ្យគេស្គាល់ព្រះយេស៊ូវ ដោយសារការប្រដាប់ខ្លួន ដោយអាកប្បកិរិយ៉ា និងការប្រព្រឹត្ត ដែលបង្ហាញឲ្យគេដឹងអំពីព្រះវត្តមានព្រះក្នុងជីវិតយើង។ យ៉ាងណាមិញ លោកសាវ័កប៉ុលបានបង្រៀនយើង ឲ្យប្រដាប់កាយ តាមខ្នាតគំរូរបស់ព្រះយេស៊ូវ ដោយមានចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត ចិត្តអត់ធ្មត់ និងការអត់ទោស(កូល៉ុស ៣:១២)។ ហើយគាត់បានឲ្យយើងប្រដាប់កាយដោយសេចក្តីស្រឡាញ់ ដែលជាចំណុចសំខាន់បំផុត … ហើយឲ្យសន្តិភាពរបស់ព្រះ បានត្រួតត្រាចិត្តរបស់យើងផង(ខ.១៤, ១៥)។
យើងអាចចាប់ផ្តើមប្រដាប់ខ្លួន ឲ្យមានលក្ខណៈដូចព្រះគ្រីស្ទ ដោយចំណាយពេលជាមួយព្រះអង្គ។ បើយើងបានឮព្រះអង្គមានបន្ទូលដាស់តឿន ឲ្យប្រដាប់កាយឲ្យបានសមរម្យ មុខនឹងចេញទៅក្នុងលោកិយ នោះចូរយើងអនុញ្ញាតឲ្យព្រះអង្គដឹកនាំយើង ឲ្យមានលក្ខណៈដូចព្រះអង្គ។ ព្រះអង្គតែងតែសព្វព្រះទ័យឲ្យយើងចម្រើនឡើងខាងការល្អជានិច្ច។—Joe Stowell