ក្នុងសៀវភៅប្រលោមលោកមួយរឿង ដែលលោកយ៉ូណាថាម សាហ្វ្រេន ហ្វូរ(Jonathan Safran Foer)បាននិពន្ធ មានតួអង្គម្នាក់ បាននិយាយអំពីអគារអ៊ីមផាយអឺស្តេត នៅទីក្រុងញូយ៉កយ៉ាងដូចនេះថា “ខ្ញុំស្គាល់អគារនេះ ព្រោះខ្ញុំស្រឡាញ់អគារនេះ”។
ពាក្យសម្តីនេះបានធ្វើឲ្យខ្ញុំគិត អំពីទំនាក់ទំនងរវាងសេចក្តីស្រឡាញ់ និងការយល់ដឹង។ ពេលណាយើងស្រឡាញ់អ្វីមួយ យើងចង់ស្គាល់របស់នោះឲ្យបានគ្រប់ជ្រុងជ្រោយ។ ពេលដែលយើងស្រឡាញ់ទីកន្លែងណាមួយ យើងចង់ធ្វើការរុករកក្នុងទីកន្លែងនោះ ឲ្យបានសព្វ។ ពេលយើងស្រឡាញ់មនុស្សម្នាក់ យើងចង់ដឹងអំពីជីវិតរបស់គាត់ ដោយគ្មានកន្លែងចន្លោះ។ យើងចង់ដឹងថា គាត់ចូលចិត្តអ្វី គាត់ចំណាយពេលធ្វើអ្វីខ្លះ គាត់បានធំពេញវ័យនៅកន្លែងណា នរណាខ្លះជាមិត្តភ័ក្ររបស់គាត់ គាត់មានជំនឿលើអ្វី។ នៅមានការជាច្រើនទៀត ដែលយើងចង់ដឹងអំពីគាត់។ ប៉ុន្តែ ក្នុងចំណោមយើង មានអ្នកខ្លះចង់ឲ្យគេស្រឡាញ់ខ្លួន ដោយមិនចង់ឲ្យគេដឹងអំពីខ្លួនឯងច្រើនទេ។ យើងខ្លាចគេឈប់ស្រឡាញ់យើង បើគេបានស្គាល់យើងច្បាស់។
ទោះជាយ៉ាងណាក៏ដោយ ក្នុងទំនាក់ទំនងជាមួយព្រះ យើងមិនចាំបាច់ត្រូវមានការភ័យខ្លាចដូចនេះឡើយ។ សេចក្តីស្រឡាញ់របស់ព្រះអង្គ ធំលើសសេចក្តីស្រឡាញ់របស់យើង គឺដូចដែលមានសេចក្តីចែងថា “ព្រះទ្រង់សំដែងសេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា នោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផង”(រ៉ូម ៥:៨)។ ជាងនេះទៅទៀត ព្រះអង្គបានបង្ហាញព្រះអង្គទ្រង់ ឲ្យយើងស្គាល់ទៀតផង។ ព្រះអង្គបានបើកបង្ហាញបុគ្គលិកលក្ខណៈ និងក្តីស្រឡាញ់របស់ព្រះអង្គ តាមរយៈស្នាព្រះហស្ថរបស់ព្រះអង្គ តាមរយៈព្រះគម្ពីរ និងព្រះគ្រីស្ទ។ ព្រះអង្គស្រឡាញ់យើង ទោះយើងមិនល្អគ្រប់លក្ខណ៍ក៏ដោយ ដូចនេះ យើងអាចសារភាពបាបរបស់យើង ដល់ព្រះអង្គ ដោយគ្មានការភ័យខ្លាចអ្វីឡើយ។ ក្នុងទំនាក់ទំនងជាមួយព្រះ យើងមិនចាំបាច់ខ្លាចព្រះអង្គដឹង អំពីប្រវត្តិរបស់យើងទេ។ ហេតុនេះហើយ ដើម្បីស្គាល់ព្រះ យើងត្រូវស្រឡាញ់ព្រះអង្គ។—Julie Ackerman Link