មានពេលមួយ ខ្ញុំបានធ្វើកម្មវិធីជួបជុំកម្សាន្តសប្បាយមួយ នៅផ្ទះរបស់ខ្ញុំ។ ពេលនោះ ខ្ញុំខ្លាចខ្វះអាហារ ដែលខ្ញុំបានត្រៀមទុក សម្រាប់បម្រើភ្ញៀវទាំងឡាយ។ តាមពិត ខ្ញុំមិនគួរបារម្ភឡើយ ព្រោះមានមិត្តភ័ក្រមួយចំនួនបានយកអាហារជាបន្ថែមទៀតមក ដោយមិនឲ្យខ្ញុំដឹងជាមុន បានជាយើងទាំងអស់គ្នាអាចញាំអាហារបន្ថែមដ៏ភ្ញាក់ផ្អើលនោះ យ៉ាងសប្បាយរីករាយ។ យើងមានអាហារច្រើនលើសពីតម្រូវការ ហើយអាចចែករំលែកគ្នាទៅវិញទៅមក ជាបរិបូរ។
យ៉ាងណាមិញ យើងបម្រើព្រះនៃភាពបរិបូរ ដែលទ្រង់មានលទ្ធភាពផ្គត់ផ្គង់យើង “លើសពីតម្រូវការ” ជានិច្ច។ យើងអាចមើលឃើញភាពសប្បុរសរបស់ព្រះអង្គ តាមរយៈរបៀបដែលព្រះអង្គស្រឡាញ់កូនរបស់ព្រះអង្គ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១០៣ ស្តេចដាវីឌបានរៀបរាប់ អំពីផលប្រយោជន៍ជាច្រើន ដែលព្រះវរបិតានៃយើងបានប្រទានមកយើង។ ក្នុងខ.៤ ព្រះអង្គបានមានបន្ទូលថា ព្រះអម្ចាស់ប្រោសលោះជីវិតយើង ឲ្យរួចពីសេចក្តីហិនវិនាស ហើយយកសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា បំពាក់ជាមកុដឲ្យយើងផង។
ម្យ៉ាងវិញទៀត សាវ័កប៉ុលបានរំឭកយើងថា ព្រះ “បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងព្រលឹងវិញ្ញាណ” ហើយ “អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី”(អេភេសូរ ១:៣ ៣:២០)។ ដោយសារសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់ព្រះអង្គ នោះយើងរាល់គ្នាត្រូវបានហៅថា កូនព្រះ(១យ៉ូហាន ៣:១) ហើយព្រះអង្គអាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណ បានចម្រើនដល់យើងរាល់គ្នា “ប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច” ដើម្បីឲ្យបានច្រើនឡើង ខាងឯការល្អគ្រប់ជំពូក”(២កូរិនថូស ៩:៨)។
សេចក្តីស្រឡាញ់ និងព្រះគុណនៃព្រះ បានបង្ហូរចូលក្នុងជីវិតយើង ជួយឲ្យយើងអាចចែករំលែកសេចក្តីស្រឡាញ់ និងព្រះគុណទ្រង់ ដល់អ្នកដទៃ។ ព្រះនៃអំណាច និងការផ្គត់ផ្គង់ ជាព្រះដែលមាន “លើសពីតម្រូវការ” ជានិច្ច។—Cindy Hess Kasper