ពេលខ្ញុំកំពុងអធិប្បាយព្រះបន្ទូល ក្នុងសាលាព្រះគម្ពីរមួយកន្លែង ក្នុងក្រុងប៊ូឆារេស ប្រទេសរ៉ូម៉ានី ខ្ញុំសង្កេតឃើញសិស្សសាលាព្រះគម្ពីរម្នាក់ មានសំលៀកបំពាក់ខុសគេ នៅក្នុងថ្នាក់រៀន។ គេគ្រប់គ្នាបានស្លៀកពាក់ឯកសណ្ឋានយ៉ាងសមសួន ហើយមានតែគាត់ទេ ដែលស្លៀកខោខៅប៊យ និងអាវយឺត និងពាក់មួកខុសគេ។ ការនេះបានធ្វើឲ្យខ្ញុំងាយនឹងកត់សំគាល់អំពីគាត់ បានជាខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាគាត់មិនស្លៀកពាក់ឲ្យសមស្រប តាមទំនៀបទំលាប់របស់សាលាព្រះគម្ពីរ។ ដល់ពេលចប់ម៉ោងរៀន គាត់ក៏បានដើរមកណែនាំខ្លួនគាត់។ ពេលខ្ញុំសួរឈ្មោះគាត់ គាត់ប្រាប់ថា គាត់ឈ្មោះ “អេម៉ាញូអែល”។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានឮគាត់ប្រាប់ឈ្មោះដូចនេះ បានជាខ្ញុំសួរគាត់ថា “តើប្អូនដឹងថា ឈ្មោះហ្នឹងមានន័យដូចម្តេចទេ”។ គាត់ក៏ឆ្លើយដោយមិនអឹមអៀនថា “បាទលោកគ្រូ ឈ្មោះហ្នឹងមានន័យថា “ព្រះគង់នៅជាមួយយើង!”
ពេលដែលខ្ញុំគិតអំពីយុវជនម្នាក់នេះ ដែលស្លៀកពាក់ខុសគេ ក្នុងចំណោមហ្វូងមនុស្ស ខ្ញុំក៏បាននឹកចាំ អំពីការដែលព្រះយេស៊ូវបានយាងមក ដើម្បីនាំព្រះវត្តមានព្រះ ចូលគង់នៅជាមួយមនុស្សក្នុងលោកិយនេះ បានជាគេត្រូវហៅព្រះអង្គថា “អេម៉ាញូអែល ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ”(ម៉ាថាយ ១:២៣)។ ដូចនេះ ព្រះអង្គក៏បានត្រាសហៅយើងឲ្យយាងព្រះវត្តមានព្រះអង្គ ចូលក្នុងជីវិតយើង ហើយចេញទៅនាំអ្នកដទៃ ឲ្យទទួលព្រះវត្តមានព្រះអង្គផងដែរ។ គឺដូចដែលព្រះអង្គបានមានបន្ទូលយ៉ាងច្បាស់ថា “ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ”(យ៉ូហាន ២០:២១)។
ក្នុងរដូវកាលនៃពិធីបុណ្យណូអែលនេះ យើងអាចថ្វាយដង្វាយទៅព្រះ ដោយរស់នៅឲ្យមានលក្ខណៈដូចព្រះអង្គ។ ពេលដែលការរស់នៅរបស់យើង ឆ្លុះបញ្ចាំងឲ្យគេស្គាល់ព្រះ ដែលគង់នៅក្នុងយើង នោះយើងនឹងមានលក្ខណៈខុសពីលោកិយ ហើយភាពខុសគ្នានេះ អាចជាព្រះពរ ដែលនឹងនាំអ្នកដទៃ ឲ្យបានទទួលព្រះវត្តមាននៃសេចក្តីស្រឡាញ់ និងព្រះគុណរបស់ព្រះអង្គក្នុងជីវិតរបស់ពួកគេផងដែរ។—Joe Stowell