ពេលដែលខ្ញុំ និងម៉ាលីន(Marlene) រៀបការ យើងទាំងពីរនាក់ មានអារម្មណ៍ “សប្បាយលាយទុក្ខ”។ តែសូមកុំយល់ច្រឡំ។ មង្គលការរបស់យើងទាំងពីរ នៅថ្ងៃនោះ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ក្នុងជីវិតយើង បានជាយើងនៅតែបន្តអបអរសាទរមង្គលការនេះ ជាង៣៥ឆ្នាំមកហើយ។ យើងមានអារម្មណ៍លាយឡំគ្នាដូចនេះ ពេលដែលម្តាយរបស់ម៉ាលីបានលាចាកលោក ដោយសារជម្ងឺមហារីក បានពីរបីសប្តាហ៍ មុនពេលយើងរៀបការ។ ពេលនោះ ម្តាយមីងរបស់ម៉ាលីនក៏បានមកជំនួសម្តាយរបស់នាង ក្នុងនាមជា “ម្តាយរបស់កូនក្រមុំ” ប៉ុន្តែ ក្នុងថ្ងៃមង្គលការរបស់យើងទាំងពីរ យើងដឹងច្បាស់ថា យើងកំពុងខ្វះអ្វីមួយដ៏សំខាន់។ គឺយើងខ្វះវត្តមានរបស់អ្នកម្តាយរបស់ម៉ាលីន ហើយការនេះបានមានផលប៉ះពាល់មកលើការគ្រប់យ៉ាង ក្នុងថ្ងៃនោះ។
បទពិសោធន៍មួយនេះ ជារឿងដែលកើតឡើងជាធម្មតា ក្នុងលោកិយដែលបាក់បែក។ មនុស្សម្នាក់ៗរស់នៅ ដោយអំណរ លាយឡំនឹងទឹកភ្នែក ការអាក្រក់លាយឡំនឹងការល្អ។ នេះជាការពិតមែន បានជាស្តេចសាឡូម៉ូនបានមានបន្ទូលថា “នៅវេលាកំពុងតែសើចសប្បាយ គង់តែចិត្តមានសេចក្តីសៅសោកដែរ ហើយចុងបំផុតនៃសេចក្តីអំណរគឺជាធ្ងន់ទ្រូងវិញ”(សុភាសិត ១៤:១៣)។ ចិត្តដែលកំពុងតែសប្បាយ ច្រើនតែប្រែជាមានទុក្ខ ព្រោះជីវិតបានតម្រូវឲ្យមាន រឿងបែបនេះកើតឡើងជាធម្មតា។
ទោះបីជាយ៉ាងណាក៏ដោយ យើងអរព្រះគុណព្រះ ដែលសេចក្តីទុក្ខ មិនលាយឡំនឹងអំណរ ក្នុងជីវិតយើងជារហូតឡើយ។ ព្រោះអ្នកដែលនៅក្នុងព្រះគ្រីស្ទ បានទទួលសេចក្តីសន្យាថា ពេលដែលយើងលាចាកលោកនេះទៅ “ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ”(វិវរណៈ ២១:៤)។ ក្នុងថ្ងៃដ៏បវរថ្លៃថ្លានោះ យើងនឹងលែងមានអារម្មណ៍សប្បាយលាយទុក្ខទៀតហើយ តែចិត្តយើងនឹងមានពេញដោយព្រះវត្តមាននៃព្រះ!—Bill Crowder