មានពេលមួយខ្ញុំ និងមិត្តភ័ក្ររបស់ខ្ញុំ បានដឹកដៃក្មេងតូចៗដើរឆ្លងផ្លូវថ្មល់ដ៏មមាញឹកមួយ។ យើងបានឲ្យពួកគេកាន់ដៃរបស់យើង ហើយប្រាប់ពួកគេថា “សូមកាន់ដៃឲ្យជាប់” ហើយពួកគេក៏ខំកាន់ដែយើងយ៉ាងណែន។ ប៉ុន្តែ បើគ្រាន់តែឲ្យពួកគេកាន់ដៃយើងតែម្យ៉ាង នោះខ្ញុំមិនមានទំនុកចិត្តទេ ព្រោះពួកគេអាចរបូតដៃ បានជាយើងដែលជាមនុស្សធំ ចាំបាច់ត្រូវកាន់ដៃពួកគេឲ្យជាប់ ដើម្បីឲ្យពួកគេអាចមានសុវត្ថិភាព។ ហេតុនេះហើយបានជាសាវ័កប៉ុលបានមានប្រសាសន៍ថា “ព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាន”(ភីលីព ៣:១២)។ ឬអាចនិយាយបានម្យ៉ាងទៀតថា “ព្រះគ្រីស្ទបានកាន់ដៃខ្ញុំជាប់!”
ត្រង់ចំណុចនេះ យើងអាចដឹងច្បាស់ថា យើងមានសុវត្ថិភាព មិនមែនដោយសារយើងបានតោងព្រះហស្តព្រះអង្គឡើយ តែគឺដោយសារព្រះអង្គបានកាន់ដៃយើងជាប់ ដោយសារអំណាចចេស្តារបស់ព្រះអង្គទៅវិញទេ។ គ្មាននរណាម្នាក់ អាចទាញដៃយើងចេញពីព្រះហស្តព្រះអង្គបានឡើយ សូម្បីតែវិញ្ញាណអាក្រក់ ឬខ្លួនយើងក៏មិនអាចទាញចេញបានដែរ។ ដរាបណាព្រះអង្គបានកាន់ដៃយើងហើយ ព្រះអង្គនឹងមិនព្រលែងឡើយ។ គឺដូចដែលព្រះអង្គបានធានាដល់យើងថា “ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា វាមិនត្រូវវិនាសនៅអស់កល្បរៀងទៅ ក៏គ្មានអ្នកណាឆក់យកវាពីដៃខ្ញុំបានទេ ព្រះវរបិតានៃខ្ញុំ ដែលប្រទានវាមកខ្ញុំ ទ្រង់ធំលើសជាងទាំងអស់ គ្មានអ្នកណាអាចនឹងឆក់វាចេញពីព្រះហស្តរបស់ព្រះវរបិតាខ្ញុំបាន ឡើយ”(យ៉ូហាន ១០:២៨-២៩)។
បទគម្ពីរនេះបានបញ្ជាក់ថា យើងមានសុវត្ថិភាពទ្វេរដង ព្រោះព្រះវរបិតាកាន់ដៃយើងម្ខាង ហើយព្រះយេស៊ូវដ៏ជាព្រះសង្រ្គោះនៃយើង កាន់ដៃយើងម្ខាងទៀត។ ព្រះហស្តព្រះអង្គជាព្រះហស្តដែលបានបង្កើតភ្នំ មហាសមុទ្រ ហើយបានដាក់ហ្វូងផ្កាយក្នុងលំហរអវកាស។ គ្មានអ្វី “អាចពង្រាត់យើង ចេញពីសេចក្តីស្រឡាញ់របស់ព្រះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាបានឡើយ” ទោះជាក្នុងមួយជីវិតនេះ ឬបន្ទាប់ពីយើងលាចាកលោកនេះទៅក្តី(រ៉ូម ៨:៣៩)។—David Roper