ក្នុងអំឡុងពេលដែលប្អូនប្រុសរបស់ខ្ញុំហាត់សម សម្រាប់ពិធីមង្គលការរបស់គាត់ ស្វាមីរបស់ខ្ញុំ បានថតរូបកូនក្រមុំ និងកូនកំលោះដែលកំពុងឈរទល់មុខគ្នា នៅចំពោះមុខលោកគ្រូគង្វាល។ ពេលយើងមើលរូបថតនោះ នៅពេលក្រោយមកទៀត យើងក៏បានកត់សំគាល់ឃើញថា ពន្លឺភ្លើងផ្លាស់ ក្នុងរូបថតនោះ បានធ្វើឲ្យឈើឆ្កាងដែក នៅពីក្រោយពួកគេមានពន្លឺចាំង មើលទៅដូចមានពន្លឺអ្វីមួយចែងចាំងពីលើពួកគេអញ្ចឹង។
ទោះជាយ៉ាងណាក៏ដោយ រូបថតមួយនេះបានរំឭកខ្ញុំថា ទំនាក់ទំនងប្តីប្រពន្ធជារូបភាពដែលឆ្លុះបញ្ចាំងអំពីក្តីស្រឡាញ់ដែលព្រះគ្រីស្ទមាន ចំពោះពួកជំនុំ គឺដូចដែលព្រះអង្គបានបង្ហាញសេចក្តីស្រឡាញ់នោះ នៅលើឈើឆ្កាង។ ពេលដែលព្រះគម្ពីរបង្គាប់ប្តីឲ្យស្រឡាញ់ប្រពន្ធរបស់ខ្លួន(អេភេសូរ ៥:២៥) ព្រះបានប្រៀបធៀបសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់ ដែលមិនគិតប្រយោជន៍ផ្ទាល់ខ្លួននោះ ទៅនឹងសេចក្តីស្រឡាញ់ដែលព្រះគ្រីស្ទមានចំពោះពួកជំនុំព្រះអង្គ។ ដោយសារព្រះគ្រីស្ទបានលះបង់ព្រះជន្មព្រះអង្គ ដោយសារសេចក្តីស្រឡាញ់ នោះយើងរាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក(១យ៉ូហាន ៤:១០-១១)។ ព្រះអង្គបានសុគតជួសយើង ដើម្បីកុំឲ្យយើងដាច់ចេញពីព្រះអង្គ អស់កល្បជានិច្ច ដោយសារអំពើបាបរបស់យើង។ មានពេលមួយ ព្រះអង្គបានមានបន្ទូលមកកាន់ពួកសាវ័កថា “គ្មានអ្នកណាមានសេចក្តីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្តូរជីវិត ជំនួសពួកសំឡាញ់របស់ខ្លួននោះទេ”(យ៉ូហាន ១៥:១៣)។ ក្រោយមក ព្រះអង្គក៏បានធ្វើតាមព្រះបន្ទូលព្រះអង្គ ដោយរងទុក្ខ និងសុគតជួសយើងរាល់គ្នា។
មានមនុស្សជាច្រើនបានរងទុក្ខ ដោយសារត្រូវគេបោះបង់ចោល បដិសេធ ឬក្បត់។ ទោះជាយ៉ាងណាក៏ដោយ យើងអាចយល់អំពីសេចក្តីស្រឡាញ់ដ៏ពិត ដែលមានការលះបង់ ការអាណិតអាសូរ និងការអត់ធ្មត់ តាមរយៈព្រះគ្រីស្ទ។ នៅថ្ងៃនេះ សូមយើងចាំថា ព្រះស្រឡាញ់យើង។ ព្រះយេស៊ូវបានមានបន្ទូលថា ព្រះអង្គស្រឡាញ់យើង ដោយលះបង់ព្រះជន្មព្រះអង្គ។-Jennifer Benson Schuldt