រឿងសាមកុក ជារឿងប្រលោមលោកបែបប្រវត្តិសាស្រ្តរបស់ជនជាតិចិន ដែលក្នុងនោះ លោកលូ ក្វានសុង(Luo Guanzhoung) បានពិពណ៌នាអំពី “យុទ្ធសាស្រ្តបន្ទាយនៅទទេ” ដែលជាការប្រើចិត្តសាស្រ្ត ដើម្បីបោកប្រាស់សត្រូវឲ្យដកថយ។ ពេលដែលនគរវេលើកទ័ព១សែន៥ម៉ឺននាក់ ចូលមកដល់ក្រុងស៊ីចេង ដែលមានទ័ពតែ២ពាន់៥រយនាក់ ពួកគេក៏បានឃើញទ្វារក្រុងបើកចំហរ ហើយឃើញជូគើ លៀង ដែលជាកំពូលអ្នកប្រើក្បួនទ័ព កំពុងដេញពិណ យ៉ាងស្ងាត់ស្ងៀម ដោយមានក្មេងពីរនាក់អង្គុយជាមួយគាត់។ មេទ័ពរបស់នគរវេក៏មានការសង្ស័យ ហើយជឿថា នោះគ្រាន់តែជាអន្ទាក់ ក៏បានបញ្ជាឲ្យទ័ព ដកថយទាំងស្រុង។
ព្រះគម្ពីរក៏បាននិយាយ អំពីយុទ្ធសាស្រ្តសង្រ្គាមដែលធ្វើឲ្យខ្មាំងសត្រូវភាន់ច្រឡំផងដែរ។ ក្នុងព្រះគម្ពីរពួកចៅហ្វាយ ជំពូក៧ ព្រះបានបង្គាប់ឲ្យលោកគីឌាន ដឹកនាំពួកប្រុសៗ៣០០នាក់ ឲ្យប្រើត្រែស្នែង ក្អម និងចន្លុះ ជាយុទ្ធសាស្រ្តតទល់នឹងពួកខ្មាំងសត្រូវ ដែល“មានគ្នាច្រើនណាស់ ដូចជាកណ្តូប សត្វអូដ្ឋរបស់គេក៏មានច្រើនឥតគណនា ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ”(ខ.១២)។
តើពួកអ៊ីស្រាអែលអាចឈ្នះខ្មាំងសត្រូវដែលខ្លាំងយ៉ាងនេះឬទេ? តាមសមត្ថភាពរបស់មនុស្ស គឺមិនអាចទៅរួចទេ!ពួកគេមិនមានគ្នាគ្រប់គ្រាន់ ហើយក៏គ្មានគ្រឿងសាស្រ្តាវុធផង។ ប៉ុន្តែ អ្វីដែលពួកគេមានដែលអាចជួយពួកគេបាន និងជាអ្វីដែលពួកគេត្រូវការនោះ គឺព្រះបន្ទូលសន្យារបស់ព្រះ ដែលព្រះអង្គបានមានបន្ទូលធានាដល់ពួកគេថា “អញនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្តាប់ដៃឯង ដោយសារមនុស្ស៣០០នាក់”(ខ.៧)។ តើពួកគេបានទទួលលទ្ធផលយ៉ាងណា? គឺពួកគេបានទទួលជ័យជម្នះដ៏អស្ចារ្យ!
តើអ្នកកំពុងតែប្រឈមមុខនឹងឧបស័គ្គ ដែលមិនអាចជម្នះបានឬ? ព្រះអម្ចាស់បានមានបន្ទូលថា “មើល អញនេះជាព្រះយេហូវ៉ា ជាព្រះនៃគ្រប់ទាំងសាសន៍ តើមានការអ្វីដែលពិបាកពេកដល់អញដែរឬ?”(យេរេមា ៣២:២៧)។-Poh Fang Chia