មានពេលមួយឆ្កែរបស់ខ្ញុំ មានការរំភើបចិត្តខ្លាំងពេក វាក៏ទៅជាប្រកាច់។ ដើម្បីកុំឲ្យមានរឿងនេះកើតឡើងនៅពេលក្រោយទៀត ខ្ញុំបានព្យាយាមរម្ងាប់អារម្មណ៍វា ដោយអង្អែលរោមវា និងនិយាយទៅកាន់វា ដោយសម្លេងស្រទន់ ហើយប្រាប់វាឲ្យក្រាបចុះ។ ប៉ុន្តែ នៅពេលដែលវាឮខ្ញុំនិយាយថា “ក្រោបចុះ” វាមិនមើលមុខខ្ញុំចំទេ ហើយក៏ចាប់ផ្តើមរអ៊ូរងូវៗ។ ទីបំផុត វាក៏រម្ងាប់អារម្មណ៍យ៉ាងឆាប់រហ័ស ទាំងចុះចូលនឹងខ្ញុំ រួចក៏ប្រាស់ខ្លួនដេកនៅលើកម្រាលឥដ្ឋ។
ជួនកាល យើងក៏ត្រូវនឹកចាំថា យើងត្រូវការការសម្រាកផងដែរ។ ក្នុងទំនុកដំកើង ជំពូក២៣ យើងឃើញថា អ្នកគង្វាលល្អបានឲ្យយើង “ដេកសម្រាកនៅទីមានស្មៅខៀវខ្ចី” ហើយទ្រង់នាំយើងទៅ “ក្បែរមាត់ទឹកដែលហូរគ្រឿនៗ”។ ព្រះអង្គជ្រាបថា យើងត្រូវការភាពស្ងប់រម្ងាប់និងការសម្រាក ពីព្រះអង្គ សូម្បីតែនៅពេលដែលយើងមិនបានដឹងខ្លួនក៏ដោយ។ ព្រះបានរចនារូបកាយរបស់យើងមក ឲ្យមានការសម្រាកជាទៀងទាត់។ ព្រះអង្គបានសម្រាកនៅថ្ងៃទី៧ បន្ទាប់ពីព្រះអង្គបានបង្កើតរបស់សព្វសារពើក្នុងរយៈពេល៦ថ្ងៃ(លោកុប្បត្តិ ២:២-៣ និក្ខមនំ ២០:៩-១១)។ ព្រះយេស៊ូវបានជ្រាបថា មានពេលដែលព្រះអង្គត្រូវធ្វើការបម្រើដល់ហ្វូងមនុស្ស និងមានពេលដែលព្រះអង្គត្រូវសម្រាក។ ជាក់ស្តែង ព្រះអង្គបានបង្រៀនពួកសិស្សឲ្យ “មកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន”(ម៉ាកុស ៦:៣១)។
ពេលយើងបានសម្រាក យើងអាចប្រមូលអារម្មណ៍ឲ្យមូលឡើងវិញ ហើយមានភាពស្រស់ថ្លាឡើង។ ពេលដែលយើងមានសកម្មភាពយ៉ាងមមាញឹក ក្នុងពេលម៉ោងនីមួយៗ ទោះនោះជាកិច្ចការដែលសំខាន់ ឬមិនសូវសំខាន់ក្តី ជាញឹកញាប់ ព្រះអង្គសព្វព្រះទ័យឲ្យយើងបង្វែរអារម្មណ៍មករកព្រះអង្គវិញ ដោយ “ដេកសម្រាក”។ ការសម្រាកជាអំណោយ គឺអំណោយដ៏ល្អ ពីព្រះអាទិករនៃយើង ដែលជ្រាបយ៉ាងច្បាស់ថា យើងត្រូវការអ្វី។ ចូរយើងសរសើរដំកើងព្រះអង្គ ដែលបានឲ្យយើង “ដេកសម្រាក នៅទីមានស្មៅខៀវខ្ចី”។-Cindy Hess Kasper