សព្វថ្ងៃនេះ យើងច្រើនតែឃើញគេផ្សាយពាណិជ្ជកម្ម អំពី “ការជិតមកដល់” នៃកម្មវិធីកម្សាន្ត ឬការប្រកួតកីឡាណាមួយ ឬក៏ការបញ្ចេញនូវបច្ចេកវិទ្យាចុងក្រោយជាដើម។ គោលដៅនៃការប្រកាសនេះ គឺដើម្បីធ្វើឲ្យប្រជាជនមានការរំពឹងរង់ចាំ ដោយចិត្តរំភើបរីករាយ ចំពោះការអ្វីដែលនឹងកើតឡើង ទោះបីជាត្រូវរង់ចំាជាច្រើនខែទៀតក៏ដោយ។
ពេលខ្ញុំអានកណ្ឌគម្ពីរវិវរណៈ ខ្ញុំមានការស្ងើចសរសើរ ចំពោះសេចក្តីបង្រៀនអំពីហេតុការណ៍ជាច្រើន ដែល“ជិតមកដល់” ដែលមានចែងក្នុងកណ្ឌនេះទំាងមូល។ បទគម្ពីរមិនបានចែងថា “ព្រះយេស៊ូវនឹងយាងមកដល់ នៅថ្ងៃណាមួយ ក្នុងពេលអនាគតដ៏វែងឆ្ងាយ” នោះឡើយ តែមានបទគម្ពីរជាច្រើន ដែលចែងថា “អស់ទាំងការ ដែលបន្តិចទៀតត្រូវកើតមានមក”(១:១) និងមានឃ្លាដែលថា “ពេលវេលានោះជិតដល់ហើយ”(ខ.៣)។ ក្នុងជំពូកចុងក្រោយនៃកណ្ឌគម្ពីរវិវរណៈ ព្រះអម្ចាស់បានមានបន្ទូលបីដងថា ព្រះអង្គនឹងមកជាឆាប់(វិវរណៈ ២២:៧,១២,២០)។
ចាប់តាំងពីពេលដែលព្រះអង្គមានបន្ទូលដូចនេះ គឺមានរយៈពេលជាង២ពាន់ឆ្នាំហើយ ដូចនេះ ពាក្យថា “នឹងមកជាឆាប់” ពិតជាពិបាកនឹងឲ្យយើងយល់ណាស់ បើតាមបទពិសោធន៍របស់យើង។
ព្រះអង្គមិនបានឲ្យយើងផ្តោតទៅលើកាលបរិច្ឆេទ នៃការយាងមកវិញរបស់ព្រះអង្គទេ ផ្ទុយទៅវិញ ព្រះអម្ចាស់បានជំរុញយើង ឲ្យផ្តោតទៅលើព្រះបន្ទូលសន្យារបស់ព្រះអង្គ ដែលនឹងបានសម្រេច។ ព្រះអង្គបានត្រាសហៅយើង ឲ្យរស់នៅថ្វាយព្រះអង្គ ក្នុងពេលបច្ចុប្បន្ន “ទាំងរង់ចាំសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង”(ទីតុស ២:១៣)។-David McCasland