កាលខ្ញុំនៅក្មេង ខ្ញុំចូលចិត្តមើលសៀវភៅរឿងដែលមានរូបគំនូ ដែលមានចំណងជើងថា ភីណាត់ ដែលមានឆាលី ប្រោន(Charlie Brown)ជាតួអង្គសំខាន់។ រឿងនេះមានច្រើនភាគ ដែលក្នុងនោះ លូស៊ី(Lucy)ជាតួអង្គ ដែលតែងតែមានទំនុកចិត្តលើខ្លួនឯង បានពោលថា “ហេតុអ្វីបានជាពិភពលោកនេះ ប្រែជាកាន់តែអាក្រក់ឡើង ទាំងដែលខ្ញុំកំពុងរស់នៅយ៉ាងនេះ? ចាប់តាំងពីខ្ញុំកើតមក ពិភពលោកនេះបានមានការរីកចម្រើនជាងមុន យ៉ាងច្បាស់ណាស់!” ជាការពិតណាស់ ត្រង់ចំណុចនេះ លូស៊ីកំពុងតែបង្ហាញចេញនូវទស្សនៈដែលខុសពីការពិត និងលើកដំកើងខ្លួនឯង តែពាក្យសម្តីរបស់នាង មានចំណុចមួយ ដែលគួរឲ្យចាប់អារម្មណ៍។ ចុះបើសិនជាយើងត្រូវព្យាយាមធ្វើឲ្យលោកិយ ក្លាយជាកន្លែងដែលល្អជាងមុន ដោយបង្ហាញចេញនូវក្តីស្រឡាញ់នៃព្រះគ្រីស្ទ ទោះបីព្រះអង្គដាក់យើងនៅកន្លែងណាក៏ដោយ តើយើងនឹងគិតយ៉ាងណាដែរ?
ពេលដែលសាវ័កពេត្រុសសរសេរសំបុត្រទៅកាន់គ្រីស្ទបរិស័ទ ដែលកំពុងជួបការបៀតបៀន គាត់បានណែនាំពួកគេឲ្យ “ប្រព្រឹត្តដោយទៀងត្រង់” (១ពេត្រុស ២:១២) ដោយធ្វើការល្អ ដែលនឹងថ្វាយសិរីល្អដល់ព្រះ។ ម្យ៉ាងទៀត យើងអាចធ្វើឲ្យលោកិយក្លាយជាកន្លែង ដែលល្អជាងមុន តាមរយៈការប្រព្រឹត្តរបស់យើង។ ចូរយើងពិចារណា អំពីការផ្លាស់ប្រែដែលកើតមានក្នុងជីវិតយើង ដោយសារសេចក្តីស្រឡាញ់ សេចក្តីមេត្តា ការអត់ទោសបាប យុត្តិធម៌ និងសន្តិភាព ដែលព្រះគ្រីស្ទបានប្រទានដល់យើង។ ខ្ញុំតែងតែគិតថា បើសិនជាយើងអនុវត្តតាមបទគម្ពីរនេះ នោះគេប្រហែលជានិយាយថា “ការិយ៉ាល័យយើង ជាកន្លែងល្អជាមុន ដោយសារការល្អដែលយើងបានធ្វើ” ឬថា “តំបន់រស់នៅរបស់យើង ជាកន្លែងដែលល្អជាងមុខ” ពុំនោះទេ “សាលារៀនយើង ជាកន្លែងដែលល្អជាងមុន”។
យើងមិនអាចកែប្រែពិភពលោក តែម្នាក់ឯងបានឡើយ តែដោយសារព្រះគុណរបស់ព្រះ នោះយើងអាចនាំឲ្យពិភពដែលនៅជុំវិញខ្លួនយើងមានការផ្លាស់ប្រែ ដោយសារការផ្លាស់ប្រែដែលព្រះគ្រីស្ទបានប្រទាន ក្នុងជីវិតយើង។-Joe Stowell