ពេលខ្ញុំកំពុងចម្រើនវ័យធំឡើង ខ្ញុំឧស្សាហ៍សួរខ្លួនឯងថា “តើព្រះមានបំណងព្រះទ័យយ៉ាងណា សម្រាប់ជីវិតខ្ញុំ”។ ចុះបើសិនជាខ្ញុំមិនអាចរកឃើញ ឬស្គាល់បំណងព្រះទ័យព្រះ? កាលនោះ ខ្ញុំយល់ថា ការស្វែងរកបំណងព្រះទ័យព្រះ ហាក់ដូចជាមិនខុសពីការស្វែងរកម្ជុលក្នុងបាតសមុទ្រទេ។ គឺហាក់ដូចជាបានលាក់ទុកមិនឲ្យខ្ញុំដឹងអញ្ចឹង។ ខ្ញុំពិបាកយល់ណាស់ គឺបានត្រឹមតែស្មាន ហើយមានការយល់ច្រឡំរាប់មិនអស់។
ប៉ុន្តែ ក្រោយមក ខ្ញុំក៏បានដឹងថា ខ្ញុំមានទស្សនៈយល់ខុស អំពីបំណងព្រះទ័យព្រះ។ ព្រះមិនសព្វព្រះទ័យឲ្យយើងរស់នៅជាមនុស្សបាត់បង់ និងវង្វេង ហើយចេះតែស្វែងរកទាំងងងឹតងងល់ឡើយ។ ព្រះអង្គសព្វព្រះទ័យនឹងឲ្យយើងស្គាល់បំណងព្រះទ័យព្រះអង្គ។ ព្រះអង្គបានបង្ហាញព្រះទ័យដ៏សាមញ្ញរបស់ព្រះអង្គ ឲ្យយើងស្គាល់ច្បាស់។ ព្រះអង្គមិនបានប្រទានឲ្យយើងមានជម្រើសច្រើនពេកឡើយ គឺបានប្រទានជម្រើសតែពីរប៉ុណ្ណោះ។ តើយើងជ្រើសរើសយក “ជីវិត និងការល្អ” ឬរើសយក “សេចក្តីស្លាប់ និងការអាក្រក់”(ចោទិយកថា ៣០:១៥)។ ក្នុងករណី ដែលយើងមិនដឹងច្បាស់ថា ត្រូវរើសយកមួយណា ព្រះអង្គថែមទាំងបានប្រាប់ថា យើងត្រូវរើសយក “ជីវិត”(ខ.១៩)។ ការជ្រើសរើសជីវិត ជាការជ្រើសរើសព្រះ និងស្តាប់បង្គាប់ព្រះបន្ទូលព្រះអង្គ។
ពេលលោកម៉ូសេមានប្រសាសន៍ផ្តាំផ្ញើពួកអ៊ីស្រាអែល គាត់បានប្រាប់ពួកគេឲ្យធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ដោយយកចិត្តទុកដាក់ ហើយប្រយ័ត្ននឹងប្រព្រឹត្តតាម អស់ទាំងពាក្យក្នុងក្រឹត្យវិន័យ…ដោយសារសេចក្តីនោះ ជាជីវិតរបស់ពួកគេរាល់គ្នា”(៣២:៤៦-៤៧)។ ព្រះមានបំណងព្រះទ័យឲ្យយើងមានជីវិត។ ព្រះបន្ទូលព្រះអង្គជាជីវិត។ ហើយព្រះយេស៊ូវជាព្រះបន្ទូលព្រះ។ មានពេលខ្លះ ព្រះអង្គប្រាប់យើងថា ត្រូវជ្រើសរើសយកអ្វី តែពេលខ្លះព្រះអង្គប្រហែលជាឲ្យយើងសម្រេចចិត្តដោយខ្លួនឯង ប៉ុន្តែ ព្រះអង្គបានប្រទាននូវគំរូដ៏ល្អឥតខ្ចោះរបស់ព្រះយេស៊ូវ សម្រាប់ឲ្យយើងយកតម្រាប់តាម។ ការសម្រេចចិត្តឲ្យបានត្រឹមត្រូវអាចមានការពិបាក ប៉ុន្តែ ពេលដែលព្រះបន្ទូលព្រះដឹកនាំជីវិតយើង ហើយយកការថ្វាយបង្គំព្រះអង្គជាគោលដៅនៃជីវិតយើង នោះព្រះអង្គនឹងប្រទាននូវប្រាជ្ញា សម្រាប់ឲ្យយើងធ្វើការសម្រេចចិត្ត ក្នុងការស់នៅ។-Julie Ackerman Link