test
test
សដូចព្រឹល
ថ្ងៃមួយ ខ្ញុំបានបើកឡានទៅទទួលចៅប្រុសរបស់ខ្ញុំ ចេញពីសាលារៀន។ ពេលយើងកំពុងធ្វើដំណើរតាមផ្លូវត្រឡប់មកផ្ទះវិញ ព្រឹលក៏បានចាប់ផ្តើមធ្លាក់។ ព្រឹលដែលមានពណ៌សក្បោះដូចសំឡី បានធ្លាក់ចុះមកយ៉ាងលឿន ឥតឈប់ឈរ។ ទីបំផុត ខ្ញុំក៏បានបន្ថយល្បឿនឈប់ ដោយសារការស្ទះចរាចរណ៍។ យើងក៏បានមើលពីខាងក្នុងឡានរបស់យើង ឃើញការផ្លាស់ប្តូរកើតឡើងនៅខាងក្រៅ។ ផ្ទៃដីពណ៌ក្រម៉ៅ បានប្រែក្លាយជាពណ៌ស។ ព្រឹលបានលប់ជ្រុងអគារស្រួចៗ ហើយគ្របដណ្តប់ពីលើឡានដែលនៅក្បែរយើង និងពីលើដើមឈើដែលយើងបានឃើញផង។
ការធ្លាក់ព្រឹលនេះបានរំឭកខ្ញុំ អំពីសេចក្តីពិតខាងវិញ្ញាណ។ ព្រះគុណរបស់ព្រះបានគ្របបាំងអំពើបាបរបស់យើង ដូចព្រឹលដែលបានគ្របពីលើអ្វីៗដែលនៅចំពោះមុខយើង។ ប៉ុន្តែ ព្រះគុណមិនគ្រាន់តែបានគ្របបាំងអំពើបាបប៉ុណ្ណោះទេ តែថែមទាំងបានលប់អំពីបាបរបស់យើងទៀតផង។ ព្រះអម្ចាស់បានមានបន្ទូលទៅកាន់ប្រជាជនអ៊ីស្រាអែល តាមរយៈហោរាអេសាយថា “មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀម(ឬព្រឹល)វិញ”(អេសាយ ១:១៨)។ នេះជាព្រះបន្ទូលសន្យារបស់ព្រះអង្គ ពេលដែលកូនរបស់ព្រះអង្គមានបញ្ហានៃអំពើបាបដ៏គួរឲ្យឈឺចាប់។ ព្រះអង្គក៏បានប្រៀបប្រដូចពួកគេ ទៅនឹងរូបកាយដែល “មានសុទ្ធតែរបួស និងជាំ ហើយស្នាមរំពាត់ថ្មី ឥតបានបិទភ្ជិត ឬរុំ ឬចាក់ប្រេងឲ្យធូរស្រាកទេ”(ខ.៦)។
ព្រះអង្គសព្វព្រះទ័យនឹងប្រទានព្រះគុណដល់ពួកគេ ទោះអំពើបាបរបស់ពួកគេប្រែជាអាក្រក់យ៉ាងណាក៏ដោយ។ សព្វថ្ងៃនេះ ក្នុងនាមជាកូនរបស់ព្រះអង្គ យើងក៏មានការធានាដូចពួកអ៊ីស្រាអែលផងដែរ។ អំពើបាបធ្វើឲ្យជីវិតយើងប្រឡាក់ប្រឡូក តែពេលដែលយើងប្រែចិត្ត ហើយលន់តួអំពើបាបយើង ព្រះអង្គប្រទានការអត់ទោសបាប តាមព្រះគុណដ៏ធ្ងន់ក្រៃលែងនៃទ្រង់(អេភេសូរ ១:៧)។-Jennifer Benson Schuldt
ដំណើរជីវិតរបស់កញ្ញាយ័រឌីន
កញ្ញាយ័រឌីន ខាស់ស្ទ័រ(Jordyn Castor) បានពិការភ្នែកពីកំណើត។ ប៉ុន្តែ គាត់នៅតែអាចរស់នៅក្នុងជីវិតដែលពេញលេញ និងមានផ្លែផ្កា ទោះបីជាគាត់មានបញ្ហានេះក៏ដោយ។ មានខ្សែភាពយន្តឯកសារមួយ ដែលមានចំណងជើងថា តើអ្នកអាចមើលឃើញដូចខ្ញុំទេ? ខ្សែភាពយន្តឯកសារនេះបាននិយាយអំពីដំណើរជីវិតរបស់គាត់។ គាត់ជាសិស្សពូកែ នៅសាលារៀន ហើយគាត់ចូលចិត្តជិះកង់ និងជិះស្គីចុះជម្រាល ដោយមានជំនួយបន្តិចបន្តួចប៉ុណ្ណោះ។
កញ្ញាយ័រឌីនបានមានប្រសាសន៍ អំពីភាពពិការភ្នែករបស់ខ្លួនថា “ខ្ញុំស្ម័គ្រចិត្តបន្តរស់នៅជាជនពិការភ្នែក។ ខ្ញុំយល់ថា ព្រះបានបង្កើតមនុស្សយើងម្នាក់ៗមក ឲ្យមានលក្ខណៈខុសៗគ្នាដោយមានហេតុផលរបស់ទ្រង់ … ហើយខ្ញុំយល់ថា ភាពពិការភ្នែករបស់ខ្ញុំ ជាផ្នែកមួយនៃកិច្ចការដែលខ្ញុំនឹងធ្វើ ក្នុងជីវិតរបស់ខ្ញុំ”។ សព្វថ្ងៃនេះ គាត់ជានិស្សិតសកលវិទ្យាល័យ ផ្នែកបច្ចេកវិទ្យាកំព្យូទ័រ។ គាត់មានក្តីស្រមៃ ចង់ជួយក្នុងការអភិវឌ្ឍន៍កម្មវិធីកំព្យូទ័រថ្មីមួយ ដែលនឹងជួយដល់ជនពិបាកភ្នែកទាំងឡាយ។
តើកញ្ញាយ័រឌីន អាចបន្តមានគំនិតវិជ្ជមាន ចំពោះការរស់នៅ ដោយរបៀបណា? ក្នុងនាមជាអ្នកដើរតាមព្រះគ្រីស្ទ គាត់បានយល់ថា ព្រះគ្រប់គ្រងកាលៈទេសៈទាំងអស់ នៃជីវិតរបស់គាត់។ ការនេះបាននាំឲ្យគាត់មានជំនឿចិត្ត ក្នុងការស្វែករកឱកាស ដែលអ្នកខ្លះប្រហែលជាមិនជឿថា គាត់អាចធ្វើបានឡើយ។
ជាការពិតណាស់ ខ្សែជីវិតរបស់កញ្ញាយ័រឌីន បានឆ្លុះបញ្ចាំងអំពីសេចក្តីពិត ក្នុងបទគម្ពីរភីលីព ដែលបានចែងថា “ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកំឡាំងដល់ខ្ញុំ”(៤:១៣)។ ទោះបីជាយើងមានចំណុចខ្លាំង ឬខ្សោយយ៉ាងណាក៏ដោយ ក៏ព្រះហស្តនៃការផ្គត់ផ្គង់របស់ព្រះ នៅតែអាចប្រទានដល់យើង នូវការអ្វីដែលយើងត្រូវការ ដើម្បីនាំឲ្យមានការផ្លាស់ប្រែថ្វាយព្រះអង្គ ក្នុងលោកិយ។…
បេសកកម្មស្វែងរកទ្រព្យសម្បត្តិដែលបានបាត់
ក្នុងរឿងហូប៊ីត ដែលជាស្នាដៃនិពន្ធរបស់លោក យេ អរ អរ ថូលគេន(J. R. R. Tolkien) ពួកមនុស្សតឿបានប្រមូលផ្តុំគ្នាឡើងភ្នំ ដើម្បីតតាំងនឹងសត្វនាគដ៏សាហាវ ដែលមានឈ្មោះស្មោក(Smaug) ដើម្បីដណ្តើមមកវិញ នូវទ្រព្យសម្បត្តិដែលសត្វនាគនោះបានប្លន់យក។ ទោះបីជាបេសកកម្មនោះមានគ្រោះថ្នាក់ ដ៏គួរឲ្យខ្លាចយ៉ាងណាក៏ដោយ ក៏បាលីន(Balin) ដែលជាមេបញ្ជាការរង បានបង្ហាញនូវការជឿជាក់លើព្រះអង្គម្ចាស់ធរិន(Thorin)បានជាគាត់និយាយថា “មានមនុស្សម្នាក់ដែលខ្ញុំអាចដើរតាម។ មានមនុស្សម្នាក់ដែលខ្ញុំអាចហៅថាស្តេច”។ ការប្តេជ្ញាចិត្តដែលគាត់មានចំពោះបេសកកម្មដ៏គ្រោះថ្នាក់នេះ មានភាពរឹងមាំកាន់តែខ្លាំង ដោយសារជំនឿចិត្តដែលគាត់មានចំពោះអ្នកដឹកនាំ។
នៅដើមដំបូងនៃព្រះរាជកិច្ចរបស់ព្រះយេស៊ូវ ព្រះអង្គបានប្រមូលផ្តុំមនុស្សមួយក្រុម ឲ្យចូលរួមក្នុងព្រះរាជកិច្ចនៃនគររបស់ព្រះអង្គ ដែលជាការរំដោះព្រលឹងវិញ្ញាណ ដែលជាទ្រព្យដ៏មានតម្លៃបំផុត ពីសាតាំងដែលជាខ្មាំងសត្រូវ។ ពេលព្រះអង្គត្រាសហៅពួកគេ ព្រះអង្គបានមានបន្ទូលថា “ចូរមកតាមខ្ញុំ”(ម៉ាថាយ ៤:១៩)។ សម្រាប់ពួកគេ ការដើរតាមព្រះយេស៊ូវ គឺជាការផ្លាស់ប្រែ ពីការនេសាទត្រី ទៅជាអ្នកនេសាទមនុស្ស ដែលបានបាត់បង់ក្នុងចំណងនៃអំពើបាប។ ប៉ុន្តែ ការនេសាទមនុស្សមិនតែងតែមានភាពងាយស្រួលជានិច្ចឡើយ ព្រោះព្រះយេស៊ូវបានមានបន្ទូលថា មហាបេសកកម្មនោះ ជាការលីឈើឆ្កាងដើរតាមព្រះអង្គ(មើលម៉ាថាយ ១៦:២៤ ម៉ាកុស ៨:៣៤ លូកា ៩:២៣)។
តើធ្វើដូចម្តេចឲ្យយើងនៅជាប់ ក្នុងចម្បាំងនោះ ដើម្បីដណ្តើមទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ព្រះគ្រីស្ទមកវិញ នៅពេលដែលកិច្ចការនេះហាក់ដូចជាគួរឲ្យខ្លាច ឬមានការពិបាកខ្លាំងនោះ? គឺយើងត្រូវផ្តោតទៅលើអ្នកដឹកនាំរបស់យើង ដែលជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ព្រះអង្គពិតជាសក្តិសម នឹងឲ្យយើងដើរតាម ហើយហៅព្រះអង្គថា ស្តេច!-Joe…
ការធ្លាក់ចុះយ៉ាងគំហុក
បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក បានកើតមានក្នុងឆ្នាំ១៩៣២ ផ្សាហ៊ុនបានខិតខំយ៉ាងលំបាកលំបិនអស់ជាច្រើនឆ្នាំ ដើម្បីធ្វើឲ្យអ្នកវិនិយោគមានទំនុកចិត្ត ចំពោះផ្សាហ៊ុនឡើងវិញ។ បន្ទាប់មក ក្នុងឆ្នាំ១៩៥២ លោកហារី ម៉ាកូវីត(Harry Markowitz) បានឲ្យយោបលថា អ្នកវិនិយោគគួរតែទិញភាគហ៊ុន ឲ្យបានច្រើនកន្លែង គឺទិញនៅក្រុមហ៊ុននេះផង ក្រុមហ៊ុននោះផង។ គាត់បានបង្កើតទ្រឹស្តី សម្រាប់ការជ្រើសរើសភាគហ៊ុន ដែលជួយដល់អ្នកវិនិយោគ ក្នុងពេលដ៏ជាក់លាក់។ ក្នុងឆ្នាំ១៩៩០ លោកម៉ាកូវីត និងមនុស្សពីរនាក់ទៀត បានទទួលពានរង្វាន់ណូបែល ក្នុងផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច សម្រាប់ទ្រឹស្តីរបស់ពួកគេ។
អ្នកដើរតាមព្រះយេស៊ូវខ្លះ ប្រហែលជាមានការភ័យខ្លាច បន្ទាប់ពីមាន “ការធ្លាក់ចុះយ៉ាងគំហុក” ក្នុងជីវិតខ្លួន ដោយមិនដឹងថា ត្រូវរើសបំណែកដែលសេសសល់ ហើយក្រោកឈរឡើងវិញដោយរបៀបណាទេ គឺមិនខុសពីអ្នកវិនិយោគដែលបាក់ស្បាតទាំងនោះឡើយ។ យើងប្រហែលជាប្រើពេលដែលនៅសេសសល់ ដើម្បីរង់ចាំដំណោះស្រាយដ៏អស្ចារ្យណាមួយ ដែលអាចជួយឲ្យយើងមានភាពល្អប្រសើរឡើងវិញ។
តើយើងភ្លេចហើយឬថា ព្រះយេស៊ូវបានប្រទាននូវដំណោះស្រាយឲ្យយើង រួចជាស្រេចហើយ។ ព្រះអង្គបានគ្របបាំងភាពអាម៉ាសយើង ហើយបានរំដោះយើងឲ្យមានសេរីភាព ដើម្បីប្រកបជាមួយព្រះ និងបម្រើព្រះអង្គជារៀងរាល់ថ្ងៃ។ ដោយសារព្រះអង្គបានលះបង់ព្រះជន្ម ហើយបានមានព្រះជន្មរស់ឡើងវិញ នោះយើងអាច “ក្រោកឡើងវិញ”ជាមួយព្រះអង្គ ពេលយើង “ដួលចុះ” ព្រោះ “ទ្រង់សព្វព្រះទ័យនឹងសេចក្តីសប្បុរស”(មីកា ៧:៨,១៨)។
ពេលដែលយើងទទួលជឿព្រះយេស៊ូវ យើងក៏ចាប់ផ្តើមមានទំនាក់ទំនងអស់កល្បជានិច្ចជាមួយព្រះអង្គ។ ព្រះអង្គយាងទៅជាមួយយើង យ៉ាងជិតស្និទ្ធ…
ការភ្លេចដ៏មានពរ
ខ្ញុំមានបន្ទប់ធ្វើការនៅជាន់ក្រោម តែជាញឹកញាប់ ខ្ញុំច្រើនតែឡើងទៅជាន់លើ ដើម្បីយករបស់របរនៅ។ គួរឲ្យស្តាយណាស់ ពេលខ្ញុំឡើងដល់លើ ខ្ញុំស្រាប់តែភ្លេចថា ខ្លួនឯងឡើងមកខាងលើធ្វើអ្វីទេ។ លោកគេព្រីល រ៉ាវ៉ានស្គី(Gabriel Radvansky) ដែលជាអ្នកស្រាវជ្រាវ មានការបកស្រាយមួយ អំពីបាតុភូតនេះ។ គាត់លើកឡើងថា ក្នុងបាតុភូតនេះ ច្រកទ្វាររបស់បន្ទប់នីមួយៗ នៅក្នុងផ្ទះ បានធ្វើជា “ព្រំដែន ដែលចែកខ័ណ្ឌព្រឹត្តិការណ៍ផ្សេងៗចេញពីគ្នា”។
បន្ទាប់ពីបានធ្វើការពិសោធន៍នៅបីកន្លែងខុសគ្នា គាត់ក៏បានបង្កើតទ្រឹស្តីមួយ ដោយសន្និដ្ឋានថា ពេលយើងដើរចូលតាមច្រកទ្វារ ខួរក្បាលក៏បានទទួលសញ្ញា ឲ្យប្រមូលពត៌មានដែលមានក្នុងការចងចាំនោះ ទៅដាក់ក្នុងថតនៃការចងចាំដាច់ដោយឡែកពីគ្នា។ តែខ្ញុំមានការនឿយណាយណាស់ ពេលដែលខ្ញុំចូលដល់បន្ទប់ខាងលើហើយ បែរជាត្រូវខំរកនឹកថា ខ្លួនឯងឡើងមកខាងលើដើម្បីអ្វី។
ទោះជាយ៉ាងណាក៏ដោយ ការភ្លេចច្រើន អាចជាព្រះពរ។ ពេលខ្ញុំបិទទ្វារបន្ទប់ ចូលគេងនៅពេលយប់ ខ្ញុំអាចគេងលក់ស្រួល បើសិនជាខ្ញុំភ្លេចរឿងរ៉ាវដែលបានកើតឡើងពីពេលថ្ងៃ ហើយខ្ញុំរាប់ការភ្លេចដូចនេះជាព្រះពរ។ ជាការពិតណាស់ ព្រះយេស៊ូវបានមានបន្ទូលថា ព្រះអង្គជា “ទ្វារចៀម”(យ៉ូហាន ១០:៧,៩)។ ពេលសត្វចៀមចូលក្នុងក្រោល គឺពួកវាបានចូលកន្លែងដែលមានសុវត្ថិភាព ដែលការពារមិនឲ្យចោរ និងសត្វសាហាវចូល។ សម្រាប់អ្នកជឿព្រះ អ្នកគង្វាលដ៏អស្ចារ្យនៃយើង ជាទ្វារដែលការពារយើងឲ្យរួចពីខ្មាំងសត្រូវដែលនៅខាងក្រៅ។ ពេលដែលយើងចូលទៅក្នុងក្រោលចៀម យើងអាច “បំភ្លេច” គ្រោះថ្នាក់ និងការគំរាមកំហែងទាំងអស់។ យើងអាចអរសប្បាយនឹងការដែលព្រះអង្គជួយឲ្យយើងបំភ្លេច និងសម្រាក ក្នុងការការពាររបស់អ្នកគង្វាលដ៏អស្ចារ្យ។-Julie…
ការត្រាសហៅឲ្យកម្សាន្តចិត្ត
សៀវភៅ ដែលមានចំណងជើងថា លោកស្រី ខេនីឌី ជាទីគោរពរាប់អាន ជាស្នាដៃនិពន្ធរបស់លោកចេយ មូលវាននេយ(Jay Mulvaney) និងលោកប៉ូល ដឺ អេនចេនីស(Paul De Angelis) ដែលនៅក្នុងនោះ អ្នកទាំងពីរបានកត់សំគាល់ឃើញថា ក្នុងអំឡុងពេលជាច្រើនសប្តាហ៍បន្ទាប់ពីលោកប្រធានាធិបតី ចន ខេនេឌី(John Kennedy) ត្រូវគេធ្វើឃាត ភរិយារបស់គាត់ គឺអ្នកស្រីជែកលីន ខេនេឌី(Jacqueline Kennedy) បានទទួលសំបុត្រជិតមួយលានច្បាប់ ពីមនុស្សទូទាំងពិភពលោក។ សំបុត្រខ្លះជាសំបុត្ររបស់ប្រមុខរដ្ឋនៃប្រទេសផ្សេង និងមនុស្សល្បីៗ ព្រមទាំងមិត្តជិតស្និទ្ធរបស់គាត់។ សំបុត្រខ្លះទៀត ត្រូវបានប្រជាជនសាមញ្ញផ្ញើមក ដោយសរសេរលើខ្នងសំបុត្រថា ជូនចំពោះ“លោកស្រីខេនេឌី នៅវ៉ាស៊ីនតុន” និង “លោកស្រីប្រធានាធិបតី នៃសហរដ្ឋអាមេរិក”។ ពួកគេសុទ្ធតែសរសេរសំបុត្រ បង្ហាញពីទុក្ខព្រួយ និងការអាណិត ចំពោះការបាត់បង់របស់លោកស្រី។
ពេលដែលយើងចង់ជួយរំលែកទុក្ខអ្នកដែលកំពុងមានការឈឺចាប់ យើងចាំបាច់ត្រូវនឹកចាំថា “ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាអម្ចាស់នៃយើងរាល់គ្នា” គឺជា “ព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណា ជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូក”(២កូរិនថូស ១:៣)។ ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ជាប្រភពនៃសេចក្តីមេត្តាដ៏ស្រទន់ ព្រះបន្ទូលដ៏សប្បុរស និងជំនួយដ៏មានប្រយោជន៍ ដែលនាំមកនូវការលើកទឹកចិត្ត និងការប្រោសឲ្យជា។ លោកដាប់ប៊លយូ អ៊ី វ៉ាញ(W. E.…
សម្រាកកាយ
កាលពីពេលកន្លងទៅ ខ្ញុំមានបញ្ហាសុខភាពផ្លូវកាយ។ ខ្ញុំមានការឈឺចាប់ នៅត្រង់ស្នា និងដៃខាងឆ្វេង ហើយមានស្នាមកន្ទួលនៅកំភួនដី និងមេដៃ ដែលឈឺ ពេលខ្ញុំប៉ះវា។ មិនតែប៉ុណ្ណោះ ខ្ញុំមានការហត់នឿយជារៀងរាល់ថ្ងៃទៀត។ ទីបំផុត ខ្ញុំក៏បានទៅជួបគ្រូពេទ្យ ហើយក៏បានដឹងថា ខ្ញុំបានកើតរើម។ គ្រូពេទ្យក៏បានឲ្យខ្ញុំញាំថ្នាំប្រឆាំងនឹងមេរោគ ហើយប្រាប់ខ្ញុំថា បីបួនសប្តាហ៍ទៀត ជម្ងឺនេះនឹងជាសះស្បើយហើយ។
ដោយសារតែជម្ងឺនេះ ខ្ញុំត្រូវមានទម្លាប់ថ្មីមួយទៀត គឺត្រូវគេងមួយស្របក់នៅពេលព្រឹក និងនៅពេលរសៀល ដើម្បីឲ្យខ្ញុំមានកម្លាំងធ្វើការ។ ដូចនេះទំរាំតែខ្ញុំជាសះស្បើយ ខ្ញុំត្រូវរៀនឈប់សម្រាកមួយរយៈ។
មានពេលមួយ ព្រះយេស៊ូវបានចាត់ពួកសិស្សរបស់ព្រះអង្គ ឲ្យចេញបង្រៀនគេ ដោយនូវព្រះនាមព្រះអង្គ។ ពេលនោះ ពួកគេមានចិត្តរំភើប នឹងការអ្វីដែលពួកគេបានធ្វើណាស់ បានជាពួកគេភ្លេចញាំអាហារ និងសម្រាកឲ្យបានត្រឹមត្រូវ។ ពេលព្រះអង្គត្រឡប់មកវិញ ព្រះអង្គក៏បានប្រាប់ពួកគេថា “ចូរអ្នករាល់គ្នាមកឯទីស្ងាត់ដោយឡែក នឹងឈប់សម្រាកបន្តិចសិន”(ម៉ាកុស ៦:៣១)។
មនុស្សម្នាក់ៗត្រូវការការសម្រាក ហើយបើសិនជាយើងធ្វើការយូរពេក ដោយគ្មានការសម្រាកទេ យើងនឹងមានបញ្ហាទាំងខាងរូបកាយ និងខាងផ្លូវអារម្មណ៍។ ហើយយើងក៏មិនអាចបំពេញមុខនាទី តាមការទទួលខុសត្រូវបានល្អឡើយ។ តើព្រះអម្ចាស់កំពុងលើកទឹកចិត្តអ្នក ឲ្យ “ទៅរកកន្លែងស្ងាត់ ដើម្បីសម្រាកមួយរយៈពេលសិនឬទេ”? ជួនកាល ការឈប់សម្រាកពីរបីដង ដើម្បីសម្រាកជាមួយព្រះអង្គ អាចមានការចាំបាច់ចំពោះយើងណាស់។-Dennis Fisher
ឈ្មោះដែលសក្តិសម
ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដែលឈ្មោះរបស់ប្រទេសនេះ ជាការរួមផ្សំនៃពាក្យពីរផ្សេងគ្នា ក្នុងភាសាក្រិក ដែលរួមគ្នាមក មានន័យថា “កោះ”។ ការដាក់ឈ្មោះដូចនេះ គឺពិតជាត្រឹមត្រូវ ព្រោះប្រទេសឥណ្ឌូនេស៊ី ជាប្រជុំកោះ ដែលមានជាង១៧៥០០កោះ នៅក្នុងក្រឡាផ្ទៃជិត ១២០៧ ០០០ គីឡូម៉ែត្រការេ។ ដូចនេះ ឈ្មោះឥណ្ឌូនេស៊ី គឺជាឈ្មោះដែលសក្តិសមនឹងប្រទេសដែនកោះមួយនេះណាស់។
ក្នុងព្រះគម្ពីរ យើងឃើញថា មានមនុស្សជាច្រើន ដែលច្រើនតែត្រូវគេដាក់ឈ្មោះឲ្យ នៅពេលកើត ឬនៅក្រោយពេលកើត ហើយឈ្មោះនោះ បង្ហាញពីអត្តសញ្ញាណ ឬអំពីបុគ្គលិកលក្ខណៈរបស់ម្ចាស់ឈ្មោះ។ ឈ្មោះរបស់លោកបាណាបាស ក្នុងព្រះគម្ពីរកិច្ចការ គឺមានន័យថា “អ្នកជំនួយ” ហើយគេសង្កេតឃើញគាត់ ជួយលើកទឹកចិត្តអ្នកដែលគាត់បានជួបជានិច្ច។ ហើយឈ្មោះលោកយ៉ាកុប មានន័យថា “មេបោក” ហើយគេឃើញថា គាត់បានប្រើប្រាស់មនុស្ស និងស្ថានភាព ជាប្រយោជន៍ផ្ទាល់ខ្លួន ជាច្រើនលើកច្រើនសារ។
ហើយគ្មាននរណា ដែលមានឈ្មោះ ដែលសក្តិសមជាង ព្រះយេស៊ូវឡើយ។ ពេលដែលទេវតានៃព្រះអម្ចាស់ ប្រាប់លោកយ៉ូសែប អំពីព្រះរាជបុត្រាដែលជិតចាប់កំណើត ទេវតាបានមានបន្ទូលថា “នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។
ព្រះនាមយេស៊ូវ គឺមានន័យថា “ព្រះអម្ចាស់សង្រ្គោះ”…
លើសពីអ្វីដែលយើងសមនឹងទទួល
ជួនកាល ពេលដែលគេសួរខ្ញុំថា “តើអ្នកសុខសប្បាយជាទេ?” ខ្ញុំក៏បានឆ្លើយថា “ខ្ញុំសុខសប្បាយ លើសពីអ្វីដែលខ្ញុំសមនឹងទទួល”។ ខ្ញុំចាំថា មានមនុស្សម្នាក់បានប្រាប់ខ្ញុំ ដោយបំណងល្អថា ខ្ញុំសមនឹងទទួលច្រើនជាងនេះទៀត។ ខ្ញុំក៏បានតបថា ខ្ញុំជាមនុស្សមានបាប ខ្ញុំសមនឹងទទួលការជំនុំជម្រះរបស់ព្រះ។
យើងងាយនឹងភ្លេចថា យើងមានបាបច្រើនប៉ុណ្ណា។ ការលើកដំកើងខ្លួនឯងជ្រុលពេក អាចធ្វើឲ្យយើងភ្លេចថា យើងបានជំពាក់គុណព្រះអង្គខ្លាំងប៉ុណ្ណា ហើយក៏បណ្តាលឲ្យយើង កាន់តែមិនសូវឲ្យតម្លៃចំពោះការលោះបាបដែលព្រះអង្គបានធ្វើសម្រាប់យើង។
យើងត្រូវឆែកពិនិត្យមើលខ្លួនឯង! គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានរំឭកយើងថា ព្រះ“ទ្រង់មិនបានប្រព្រឹត្តនឹងយើង តាមអំពើបាបរបស់យើងទេ ក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ”(ទំនុកដំកើង ១០៣:១០)។ ពេលដែលយើងពិចារណា អំពីអំពើបាប ដែលយើងបានធ្វើ ទាស់នឹងព្រះដ៏បរិសុទ្ធ និងយុត្តិធម៌ នោះយើងនឹងដឹងថា អ្វីដែលយើងសក្តិសមនឹងទទួលបំផុតនោះ គឺស្ថាននរក។ ហើយយើងមិនអាចចូលក្នុងនគរស្ថានសួគ៌បានឡើយ លើកលែងតែយើងបានទទួលអំណោយ នៃការលះបង់របស់ព្រះយេស៊ូវនៅលើឈើឆ្កាងប៉ុណ្ណោះ។ បើសិនជាព្រះទ្រង់មិនបានធ្វើការអ្វី លើសពីការប្រោសលោះយើងទេ នោះអ្វីៗដែលព្រះអង្គបានធ្វើ នៅតែលើសពីអ្វីដែលយើងសក្តិសមនឹងទទួលទៅទៀត។ ហេតុនេះហើយបានជាអ្នកនិពន្ធទំនុកដំកើងបានមានប្រសាសន៍ថា “ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីច្រើនប៉ុណ្ណា សេចក្តីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះ ចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់”(ខ.១១)។
ពេលដែលយើងដឹងថា ខ្លួនឯងជានរណា យើងនឹងពោលឡើងថា “ឱព្រះអគុណអស្ចារ្យ ជាស័ព្ទពិរោះ!” ព្រះអង្គបានប្រទានដល់យើង លើសពីអ្វីដែលយើងសមនឹងទទួលទៅទៀត។-Joe Stowell