មានវីដេអូមួយ និយាយអំពីកូនឆ្កែមួយក្បាលឈ្មោះ ដេស៊ី(Daisy) ដែលនៅជាន់ខាងលើ មិនហ៊ានចុះមកក្រោម តាមកាំជណ្តើរ។ ទោះបីជាមនុស្សនៅខាងក្រោមបានព្យាយាមស្រែកលើកទឹកចិត្តវាឲ្យចុះជណ្តើរយ៉ាងណាក៏ដោយ ក៏ដេស៊ីនៅតែមិនអាចចុះក្រោមបាន។ វាចង់ចុះទៅរកមនុស្សដែលនៅខាងក្រោមខ្លាំងណាស់ តែការភ័យខ្លាចបានរារាំងវាមិនឲ្យចុះមកក្រោមកើត។ បន្ទាប់មក មានឆ្កែមួយក្បាលឈ្មោះសាយមិន(Simon) ដែលជាឆ្កែធំ បានមកជួយ។ សាយមិនក៏បានរត់ឡើងតាមជណ្តើរទៅលើ ហើយចុះមកក្រោមវិញឲ្យដេស៊ីមើលថា វាងាយស្រួលយ៉ាងណា។ តែដេស៊ីនៅតែគ្មានការជឿជាក់។ សាយមិនក៏បានព្យាយាមធ្វើឲ្យមើលម្តងទៀត តែលើកនេះវាធ្វើយឺតៗ។ បន្ទាប់មកវាក៏បានមើលដេស៊ីព្យាយាមចុះមកក្រោម។ តែដេស៊ីនៅតែមានការភ័យខ្លាចពេក។ សាយមិនក៏បានឡើងទៅលើម្តងទៀត ដើម្បីបង្ហាញពីវិធីចុះជណ្តើរ។ ទីបំផុតដេស៊ីក៏ហ៊ានឈានជើងក្រោយ តាមជំហានជើងមុខរបស់វា ដោយមានសាយមិននៅក្បែរវា។ វាក៏អាចចុះមកក្រោម ដោយជោគជ័យ។ មនុស្សទាំងអស់ដែលនៅចាំខាងក្រោម ក៏បានស្រែកអបអរសាទរឲ្យវា!
រឿងនេះពិតជាមានន័យមែន ហើយអាចឆ្លុះបញ្ចាំង អំពីការបង្កើតសិស្សថ្វាយព្រះ។ យើងបានចំណាយពេលជាច្រើន ដើម្បីព្យាយាមបង្រៀនអ្នកដទៃ ឲ្យឡើងទៅលើ តែការដែលសំខាន់ ហើយពិបាកជាងនោះទៀតនោះ គឺការបង្រៀនពួកគេ ពីរបៀប “ចុះក្រោម”។ ក្នុងព្រះគម្ពីរទាំងមូល យើងឃើញថា ព្រះសព្វព្រះទ័យឲ្យយើងមានការបន្ទាបខ្លួន។ ដោយសារជនជាតិយូដាបានបន្ទាបខ្លួន នោះព្រះអម្ចាស់បានមានបន្ទូលថា “ព្រះអង្គនឹងមិនបំផ្លាញពួកគេទេ”(២របាក្សត្រ ១២:៧)។
មានពេលជាច្រើនដង ដែលព្រះទ្រង់បានបង្ហាញការបន្ទាបខ្លួន ដោយយាងចុះមក(និក្ខមនំ ៣:៧-៨ ១៩:១០-១២ មីកា ១:៣)។ ទីបំផុតព្រះអង្គក៏បានចាត់ព្រះយេស៊ូវឲ្យយាងចុះមក ហើយព្រះអង្គក៏បានចំណាយពេលបង្រៀនយើង ពីរបៀបបន្ទាបខ្លួនតាមព្រះអង្គ(ភីលីព ២:៥-១១)។-Julie Ackerman Link