ពេលខ្ញុំបង្រៀននិស្សិតឆ្នាំទី១ ក្នុងថ្នាក់សំណេរមហាវិទ្យាល័យ ជាញឹកញាប់ ខ្ញុំច្រើនតែប្រាប់ពួកគេ ឲ្យខិតខំសរសេរតែងសេចក្តីជាច្រើន ដែលគ្រូដាក់ឲ្យធ្វើនៅផ្ទះ ដើម្បីឲ្យអាចរៀនជាប់។ ប៉ុន្តែ នៅក្នុងឆមាសស្ទើរតែទាំងអស់ មានសិស្សខ្លះមិនជឿខ្ញុំទេ។ ពួកគេជាអ្នកដែលផ្ញើអ៊ីមេលទាំងតក់ក្រហល់ បន្ទាប់ពីម៉ោងរៀនចុងក្រោយបានបញ្ចប់ទៅហើយ ដោយរៀបរាប់ប្រាប់ អំពីមូលហេតុដែលពួកគេមិនបានយកចិត្តទុកដាក់ ចំពោះការធ្វើកិច្ចការទាំងនោះ។ ខ្ញុំមិនចង់ទម្លាក់ពួកគេទេ តែខ្ញុំត្រូវតែនិយាយប្រាប់ពួកគេថា “សូមទោស។ ប្អូនយកកិច្ចការមកដាក់យឺតពេក គ្រូមិនអាចឲ្យប្អូនជាប់បានទេ”។
សម្រាប់និស្សិតឆ្នាំទី១ ការរៀនធ្លាក់ ហើយត្រូវខាតថ្លៃសាលាជាច្រើន នាំឲ្យមានផលវិបាកច្រើនណាស់ទៅហើយ។ ប៉ុន្តែ មានការធ្លាក់មួយទៀត ដែលធ្ងន់ធ្ងរជាងនេះទៀត ហើយក៏ស្ថិតស្ថេរជារហូតផង ដែលមនុស្សជួបនៅចុងបញ្ចប់នៃជីវិត បើសិនជាពួកគេមិនបានយកចិត្តទុកដាក់ ចំពោះបញ្ហានៃអំពើបាប ដែលត្រូវដោះស្រាយជាមួយព្រះ ឲ្យទាន់ពេលវេលាទេនោះ។ ក្នុងករណីនេះ បើសិនជាមនុស្សស្លាប់ទៅ ដោយមិនបានទទួលជឿព្រះយេស៊ូវ ជាព្រះសង្រ្គោះទេ ពួកគេត្រូវធ្លាក់ចូលទៅក្នុងសេចក្តីហិនវិនាសអស់កល្បជានិច្ច។
តើយើងនឹងមានការតក់ស្លត់យ៉ាងណា ពេលដែលបានឈរនៅចំពោះព្រះអង្គ នៅគ្រាចុងក្រោយ ហើយឮព្រះអង្គមានបន្ទូលថា “អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ!”(ម៉ាថាយ ៧:២៣)។ អ្នកនិពន្ធព្រះគម្ពីរហេព្រើ បានដាស់តឿនយើង ឲ្យ “ឈោងឲ្យដល់”(៤:១) ការសម្រាកអស់កល្បជានិច្ច ដែលព្រះបានប្រទាន។ ដំណឹងល្អនោះគឺថា អ្នកដែលនៅមានជីវិត គឺមិនទាន់យឺតពេលទេ។ សព្វថ្ងៃនេះ ព្រះយេស៊ូវបានប្រទានសេចក្តីសង្រ្គោះ និងការអត់ទោសបាបដោយឥតគិតថ្លៃ តាមរយៈព្រះអង្គទ្រង់។-Dennis Fisher