ជាច្រើនឆ្នាំកន្លងមក ក្នុងកម្មវិធីថ្វាយបង្គំព្រះ លោកគ្រូគង្វាលរេយ ស្តេដមែន(Ray Stedman) បានឈរនៅពីក្រោយតុអាសនា ហើយក៏បានអានបទគម្ពីរសម្រាប់ថ្ងៃអាទិត្យនោះ យ៉ាងដូចនេះថា “តើមិនដឹងថា ពួកមនុស្សទុច្ចរិតមិនដែលបានគ្រងនគរព្រះទុកជាមរដកទេឬអី កុំឲ្យច្រឡំឡើយ ដ្បិតពួកមនុស្សកំផិត ពួកថ្វាយបង្គំរូបព្រះ ពួកសហាយស្មន់ ពួកអ្នកសំរេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះដៀល និងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ ឯពួកអ្នករាល់គ្នាខ្លះ ពីដើមក៏ជាមនុស្សយ៉ាងដូច្នោះដែរ”(១កូរិនថូស ៦:៩-១១)។
បន្ទាប់មក គាត់មើលមកយើង ដោយទឹកមុខញញឹមទាំងឆ្ងល់ ហើយមានប្រសាសន៍ថា “ខ្ញុំឆ្ងល់ថា ក្នុងចំណោមអ្នកទាំងអស់គ្នា មាននរណាខ្លះដែលមានអំពើបាបណាមួយ ក្នុងចំណោមអំពើបាប ដែលមានចែងក្នុងបទគម្ពីរនេះ? បើសិនជាមានមែន សូមក្រោកឈរ”។
ពេលនោះ មានយុវជនវ័យក្មេងម្នាក់ដែលគួរឲ្យចាប់អារម្មណ៍ ដែលពីមុន គាត់មិនដែលមកព្រះវិហារទេ។ ថ្មីៗនេះ គាត់បានទទួលសេចក្តីសង្រ្គោះ ក្នុងកម្មវីធីឈោងចាប់ជាទ្រង់ទ្រង់ធំរបស់លោកប៊ីលី ក្រាហាម(Billy Graham) ហើយបានមកព្រះវិហារ ទាំងភ័យញ័រ នៅថ្ងៃអាទិត្យនោះ ដោយមិនដឹងថា ខ្លួននឹងរកបានអ្វី ពីកម្មវិធីថ្វាយបង្គំឡើយ។ ក្រោយមក គាត់ក៏បានប្រាប់ខ្ញុំថា ពេលគាត់ឮលោកគ្រូគង្វាលសួរដូចនោះ គាត់ក៏បានមើលជុំវិញខ្លួនគាត់ ក្រែងលោកមាននរណាម្នាក់ក្រោកឈរ។ ដំបូងឡើយ គ្មាននរណាម្នាក់ក្រោកឈរទេ តែបន្ទាប់មក ពួកជំនុំភាគច្រើនបានក្រោកឈរឡើយ។ គាត់ក៏បាននិយាយក្នុងចិត្តថា “ពួកគេជាប្រភេទមនុស្សដូចខ្ញុំដែរ!”
យើងអាចដឹងថា ខ្លួនយើងក៏មានអំពើបាប ក្នុងចំណោមអំពើបាបទាំងឡាយ ដែលមានចែងក្នុងបទគម្ពីរ១កូរិនថូសនោះដែរ។ ប៉ុន្តែ យើងមានកំណើតជាថ្មី ដែលបានសង្រ្គោះ ដោយសារព្រះគុណព្រះ ពេលដែលយើងសារភាពអំពើបាបរបស់យើង ហើយទទួលយកអំណោយនៃជីវិតអស់កល្ប ដែលព្រះយេស៊ូវបានបង់ថ្លៃឲ្យ ដោយការសុគតរបស់ព្រះអង្គ(រ៉ូម ៦:២៣ ២កូរិនថូស ៥:១៧)។-David Roper