នៅតំបន់មជ្ឈិមបូព៌ាសម័យបុរាណ កិច្ចព្រមព្រៀងរវាងអ្នកធំ(ចៅហ្វាយ ឬស្តេច) និងអ្នកតូច(អ្នកនៅក្រោមបង្គាប់) ត្រូវបានហៅថា កិច្ចព្រមព្រៀងរបស់អ្នកធំ។ កិច្ចព្រមព្រៀងនោះត្រូវបានអនុមតិ ក្នុងពិធីបុណ្យមួយ ដែលតម្រូវឲ្យមានការបូជាសត្វ ហើយពូសសត្វនោះជាពីរចំណែកស្មើគ្នា។ បន្ទាប់មក គេតម្រៀបអវយវៈរបស់សត្វនោះនៅលើដី ជាពីរជួរ ដើម្បីបង្កើតជាផ្លូវដើរ នៅចន្លោះអ្នកទាំងពីរ។ រួចអ្នកធំក៏ដើរកាត់តាមផ្លូវនោះ ទាំងប្រកាស់ជាសាធារណៈថា គាត់នឹងកាន់តាមកិច្ចព្រមព្រៀងនោះ ហើយបើគាត់ធ្វើខុសនឹងកិច្ចព្រមព្រៀងនោះ សូមឲ្យគាត់ស្លាប់ដូចសត្វដែលគេបានបូជានោះដែរ។
ពេលដែលលោកអ័ប្រាហំាបានទូលសូមឲ្យព្រះអម្ចាស់ ផ្តល់ការធានាចំពោះព្រះបន្ទូលសន្យារបស់ព្រះអង្គ ព្រះអង្គក៏បានប្រើនិមិត្តសញ្ញានៃកិច្ចព្រមព្រៀងរបស់អ្នកធំ តាមវប្បធម៌របស់សម័យនោះ ដើម្បីបញ្ជាក់ថា ព្រះអង្គនឹងសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ(លោកុប្បត្តិ ១៥)។ ពេលដែលគាត់ឃើញគុកភ្លើងហុយផ្សែង និងចន្លុះឆេះហោះកាត់តាមចន្លោះនៃដុំសាច់ ដែលបានតម្រៀបជាពីរជួរនោះ គាត់ក៏បានដឹងថា ព្រះអង្គកំពុងប្រកាសថា ព្រះអង្គនឹងកាន់តាមសេចក្តីសញ្ញានោះមែន។
សេចក្តីសញ្ញាដែលព្រះបានតាំងជាមួយលោកអ័ប្រាហាំ និងការធានារបស់ព្រះអង្គ ចំពោះសេចក្តីសញ្ញានោះ បានបន្តមកដល់អ្នកដើរតាមព្រះគ្រីស្ទផងដែរ។ ហេតុនេះហើយបានជាសាវ័កប៉ុលបានហៅគ្រីស្ទបរិស័ទថា កូនរបស់លោកអ័ប្រាហាំ ម្តងហើយម្តងទៀត ក្នុងកណ្ឌគម្ពីរសញ្ញាថ្មី ដែលគាត់បាននិពន្ធ(រ៉ូម ៤:១១-១៨ កាឡាទី ៣:២៩)។ ពេលដែលយើងទទួលជឿព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្រ្គោះ នោះយើងបានតាំងសញ្ញាជាមួយព្រះអម្ចាស់ ដោយព្រះអម្ចាស់ជាអ្នកគោរពតាមសេចក្តីសញ្ញានៃសេចក្តីជំនឿរបស់យើង(យ៉ូហាន ១០:២៨-២៩)។
ដោយសារព្រះជាអ្នករក្សាសេចក្តីសង្រ្គោះរបស់យើង នោះយើងអាចទុកចិត្តព្រះអង្គ ដោយថ្វាយជីវិតដាច់ដល់ព្រះអង្គ។-Randy Kilgore