បន្ទាប់ពីកូនប្រុសរបស់ខ្ញុំ ចូលធ្វើទាហានរបស់សហរដ្ឋអាមេរិកបាន៤សប្តាហ៍ គាត់បានមានរបួសក្បាលជង្គង់យ៉ាងធ្ងន់ធ្ងរ ក្នុងការហ្វឹកហាត់។ ហេតុនេះហើយ គេក៏បានអនុញ្ញាតឲ្យគាត់ឈប់ធ្វើទាហាន។ ដូចនេះ គាត់បានប្រើឈើច្រត់ដើរអស់មួយរយៈពេល ក្នុងវ័យ១៩ឆ្នាំ ហើយដោយសារភាពធ្ងនធ្ងរនៃរបួសនោះ គាត់ត្រូវអត់ទ្រាំនឹងការលំបាកអស់រយៈពេល២ឆ្នាំ ទំរាំតែជាសះស្បើយ ដោយការសម្រាក និងស្តាឡើងវិញ។ ទីបំផុត គាត់ក៏អាចដោះទ្រនាប់ក្បាលជង្គង់ ដែលគាត់បានពាក់តាំងពីថ្ងៃមានគ្រោះថ្នាក់។ ទោះបីជាក្បាលជង្គង់គាត់ នៅឈឺខ្លះៗ ក៏ដោយ ក៏ដំណើរការដ៏វែងអន្លាយ និងយឺតៗ នៃការជាសះស្បើយ បាននាំឲ្យគាត់អាចប្រើប្រាស់ជើងគាត់ទាំងស្រុងឡើងវិញ។
ការជាសះស្បើយខាងរូបកាយ ច្រើនតែមានភាពយឺតយ៉ាវជាងការរំពឹងទុករបស់យើង។ ពេលខ្លះ ការប្រោសឲ្យជាខាងវិញ្ញាណក៏មានដំណើរយឺតៗ ដូចនេះផងដែរ។ ផលវិបាក ដែលទទួលបានពីការសម្រេចចិត្តខុស ឬទទួលបានពីទង្វើអាក្រក់របស់អ្នកដទៃ អាចនាំឲ្យយើងមានបន្ទុក ឬមានរបួសក្នុងចិត្ត ដែលយើងអត់ទ្រាំអស់មួយជីវិត។ ប៉ុន្តែ សម្រាប់យើងដែលជាកូនរបស់ព្រះ យើងមានក្តីសង្ឃឹម។ ទោះបីជា មានរបួសខ្លះមិនបានជាសះស្បើយទាំងស្រុង ក្នុងមួយជីវិតនេះក៏ដោយ ក៏ព្រះទ្រង់បានសន្យាយ៉ាងច្បាស់ថា នៅទីបញ្ចប់ យើងនឹងបានជាសះស្បើយមួយរយភាគរយ។ គឺដូចដែលសាវ័កយ៉ូហានបានមានប្រសាសន៍ថា “ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ”(វិវរណៈ ២១:៤)។
ក្នុងរដូវកាលនៃការឈឺចាប់របស់យើង យើងអាចមានការកម្សាន្តចិត្ត ដោយដឹងថា នៅទីបំផុត ព្រះវត្តមានដ៏អស្ចារ្យរបស់ព្រះអង្គ នឹងជួយឲ្យយើងបានជាស្អាតជារៀងរហូត។-Bill Crowder