មានសត្វចៀមមួយក្បាល ឈ្មោះស្រែគ(Shrek)។ វាបានវង្វេងចេញពីហ្វូង ហើយបាត់អស់៦ឆ្នាំ។ មានមនុស្សម្នាក់បានប្រទះឃើញវា នៅក្នុងរូងភ្នំមួយ ក្នុងតំបន់ខ្ពង់រាប ដែលមានថ្មរដេបរដុប ក្នុងប្រទេសញូហ្សៀឡិន។ ពេលនោះ គាត់មិនបានដឹងថា វាជាសត្វចៀមទេ។ គាត់ថា “វាមានរូបរាង្គដូចសត្វចម្លែកដែលមានចែងក្នុងព្រះគម្ពីរ”។ ជាការពិតណាស់ វាមានចំណុចដែលដូចសត្វចម្លែកមែន។ នេះហើយជាការអ្វីដែលកើតមាន ចំពោះសត្វចៀមដែលវង្វេងចេញពីអ្នកគង្វាលរបស់វា។
គេត្រូវសែងវាចុះពីលើភ្នំមក ព្រោះរោមរបស់វាធ្ងន់ពេក(គឺប្រហែល២៧គីឡូក្រាម)បានជាវាមិនអាចចុះខ្លួនឯងបាន។ ដោយសារវាជាសត្វចៀមដែលគេពិបាកកាត់រោម នោះគេបានចាប់ចងជើងវាព្យួរឡើងលើ ហើយខ្លួនវាត្រូវផ្ងា ដើម្បីឲ្យវានៅស្ងៀម ហើយមិនមុតស្បែក ពេលគេកាត់រោមដ៏ធ្ងន់របស់វាចេញ។
ពេលខ្ញុំគិតអំពីសត្វចៀមមួយក្បាលនេះ ខ្ញុំក៏បាននឹកចាំ អំពីរឿងប្រៀបប្រដូច ដែលព្រះយេស៊ូវបានប្រើ ដើម្បីពន្យល់ថា ព្រះអង្គជាអ្នកគង្វាលល្អ(យ៉ូហាន ១០:១១) ហើយរាស្រ្តរបស់ព្រះអង្គ ជាហ្វូងចៀមរបស់ព្រះអង្គ(អេសេគាល ៣៤:៣១)។ ពេលដែលយើងនៅដាច់ឆ្ងាយពីព្រះអង្គ យើងធ្វើការសម្រេចចិត្តខុសជាច្រើន ហើយយើងក៏ទទួលបន្ទុកកាន់ធ្ងន់ ដោយសារលទ្ធផលនៃការសម្រេចចិត្តខុសនោះ(អេសេគាល ៣៣:១០) គឺមិនខុសពីសត្វចៀមដែលវង្វេងមួយក្បាលនោះឡើយ។ ដើម្បីដោះបន្ទុកនោះចេញ យើងត្រូវថ្វាយបន្ទុកនោះទៅព្រះអង្គ រួចទទួលយកការសម្រាកពីព្រះអង្គ។ ទាល់តែបែបនេះ ទើបយើងអាចនៅស្ងៀម ហើយទុកឲ្យអ្នកគង្វាលដ៏ល្អ ធ្វើកិច្ចការរបស់ព្រះអង្គ ដោយមិនធ្វើឲ្យយើងឈឺចាប់។-Julie Ackerman Link