ថ្ងៃមួយ អ្នកស្រីខេលី ស្តេនហូស(Kelly Steinhaus) បានទៅទីលានហាវើត ដើម្បីសួរនិស្សិតមហាវិទ្យាល័យ អំពីទស្សនៈដែលពួកគេមានចំពោះព្រះយេស៊ូវ។ ពេលនោះ គាត់បានទទួលនូវចម្លើយខុសៗគ្នាជាច្រើន។ មាននិស្សិតម្នាក់បានឆ្លើយថា ព្រះអង្គជា “មនុស្សដែលមើលថែរប្រជាជន”។ និស្សិតម្នាក់ទៀតថា “ទ្រង់ជាមនុស្សដែលគួរឲ្យចាប់អារម្មណ៍”។ មាននិស្សិតផ្សេងទៀតឆ្លើយបដិសេធព្រះអង្គធ្ងន់ៗថា “គាត់គ្រាន់តែជាមនុស្សម្នាក់ប៉ុណ្ណោះ ខ្ញុំមិនជឿថា គាត់ជាព្រះសង្រ្គោះទេ។ ហើយខ្ញុំមិនចូលចិត្តសាសនាណា ដែលអះអាងថា ព្រះរបស់ខ្លួនជាព្រះពិតដែលមានតែមួយនោះទេ“។ អ្នកខ្លះបានសួរថា ព្រះយេស៊ូវជានរណា ដោយការគិតពិចារណា ហើយអ្នកខ្លះទៀតបានបដិសេធព្រះអង្គ ទាំងមិនបានត្រិះរិះទាល់តែសោះ។
កាលពីជាង២ពាន់ឆ្នាំមុន ពេលដែលព្រះយេស៊ូវកំពុងប្រឈមមុខនឹងសេចក្តីស្លាប់ មានមនុស្សជាច្រើនបានសើចចំអកឲ្យព្រះអង្គ ដោយមិនបានគិតថា ព្រះអង្គជាអង្គបុគ្គលដែលពិសេសនោះឡើយ។ គេបានបិទប្រកាសកាត់ទោសទ្រង់ ដាក់ពីលើព្រះសិរថា “នេះឈ្មោះយេស៊ូវ ជាស្តេចសាសន៍យូដា”(ម៉ាថាយ ២៧:៣៧)។ ហើយក៏មានមនុស្សជាច្រើនមិនជឿថា ព្រះអង្គ មានអំណាចចេស្តាឡើយ បានជាពួកគេស្រែកដាក់ព្រះអង្គថា “ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាង៣ថ្ងៃអើយ ចូរជួយសង្គ្រោះខ្លួនចុះ បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាងមក”(ខ.៤០)។ រីឯពួកអ្នកដឹកនាំសាសនាវិញ ពួកគេថែមទាំងបានចំអកឲ្យព្រះអង្គថា “វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបានទេ”(ខ.៤២)។
ពេលព្រះយេស៊ូវសុគត ព្រះអង្គហាក់ដូចជាគ្មានអំណាចចេស្តាសោះ។ ប៉ុន្តែ បើយើងអានរឿងនេះពីដើមដល់ចប់ យើងឃើញថា ព្រះអង្គបានលះបង់ព្រះជន្ម ដោយស្ម័គ្រព្រះទ័យទេ។ ព្រះអង្គបានបង្ហាញថា ព្រះអង្គជាព្រះរាជបុត្រានៃព្រះ ហើយមានអំណាចចេស្តាដែលគ្មានដែនកំណត់ ជាពិសេសពេលដែលព្រះអង្គបានយាងចេញពីផ្នូរ។ ចូរយើងយល់អំពីតម្លៃនៃការសុគតរបស់ព្រះអង្គ ហើយស្គាល់អំណាចនៃការមានព្រះជន្មឡើងវិញរបស់ព្រះអង្គ។ ព្រះអង្គជាព្រះសង្រ្គោះនៃពិភពលោក!-Dave Branon