ក្នុងអំឡុងពេលនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក កាលពីប៉ុន្មានឆ្នាំមុន មានមនុស្សជាច្រើនបានបាត់បង់ការងារ។ គួរឲ្យស្តាយណាស់ ប្អូនថ្លៃរបស់ខ្ញុំ ក៏ស្ថិតក្នុងចំណោមអ្នកដែលបាត់បង់ការងារផងដែរ។ មានពេលមួយ ប្អូនស្រីរបស់ខ្ញុំ និងស្វាមីក៏បានសរសេរសំបុត្រផ្ញើមកខ្ញុំ ដើម្បីប្រាប់អំពីស្ថានភាពរបស់ខ្លួន។ ប្អូនស្រីរបស់ខ្ញុំបានរៀបរាប់ថា ទោះបីជាពួកគេមិនដឹងថា ពេលអនាគតនឹងទៅជាយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមានសន្តិភាពក្នុងចិត្ត ព្រោះពួកគេដឹងថា ព្រះនៅតែមើលថែរពួកគេជានិច្ច។
អ្នកដែលទុកចិត្តលើព្រះយេស៊ូវអាចមានចិត្តស្ងប់ ពេលស្ថិតក្នុងស្ថានភាពច្របូកច្របល់ ព្រោះពួកគេបានទទួលការធានាថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ទ្រង់ស្រឡាញ់កូនរបស់ព្រះអង្គ ហើយក៏បំពេញការខ្វះខាតរបស់ពួកគេ(ម៉ាថាយ ៦:២៥-៣៤)។ យើងអាចថ្វាយការព្រួយបារម្ភរបស់យើង ដល់ព្រះអង្គដោយចិត្តដែលដឹងគុណ ដោយទុកចិត្តថា ព្រះអង្គនឹងបំពេញសេចក្តីត្រូវការរបស់យើង ហើយឲ្យយើងមានសន្តិភាពក្នុងចិត្ត(ភីលីព ៤:៦-៧)។
គឺដូចដែលសាវ័កប៉ុលមានប្រសាសន៍ថា “សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ”(ខ.៧)។ សេចក្តីសុខសាន្ត ឬសន្តិភាពរបស់ព្រះយេស៊ូវ ហួសលើសអស់ទាំងគំនិតរបស់យើង ដូចនេះយើងមិនអាចពន្យល់អំពីសន្តិភាពរបស់ព្រះអង្គ ឲ្យអស់សេចក្តីទេ តែយើងអាចពិសោធនឹងសន្តិភាពរបស់ព្រះអង្គ ដោយសារព្រះអង្គបានការពារចិត្ត និងគំនិតរបស់យើង។
សន្តិភាពក្នុងចិត្តរបស់យើង គឺកើតចេញពីការទុកចិត្តថា ព្រះអម្ចាស់ស្រឡាញ់យើង ហើយព្រះអង្គកំពុងគ្រប់គ្រងស្ថានភាពរបស់យើង។ មានតែព្រះអង្គទេដែលប្រទាននូវការកម្សាន្តចិត្ត ដែលសម្រួលអារម្មណ៍យើង ជួយឲ្យគំនិតយើងមានពេញដោយក្តីសង្ឃឹម ហើយអនុញ្ញាតឲ្យយើងសម្រាក សូម្បីតែនៅពេលដែលមានការប្រែប្រួល និងឧបស័គ្គ។-POH FANG CHIA