ពេលដែលជីវិតយើងជួបសោកនាដកម្ម មានសំណួរជាច្រើនបានចោទឡើង។ ពេលយើងបាត់បង់មនុស្សជាទីស្រឡាញ់ យើងប្រហែលជាទូលសួរព្រះ នូវសំណួរជាច្រើន ដែលមានដូចជា “ហេតុអ្វីបានជាព្រះអង្គបណ្តោយឲ្យមានរឿងនេះកើតឡើង?” “តើវាជាកំហុសរបស់អ្នកណា?” “តើព្រះអង្គជ្រាបទេថា ទូលបង្គំឈឺចាប់ប៉ុណ្ណា?” សម្រាប់ខ្លួនខ្ញុំផ្ទាល់ ពេលដែលកូនស្រីរបស់ខ្ញុំស្លាប់យ៉ាងសោកសៅ ខ្ញុំក៏បានសួរសំណួរដូចនេះផងដែរ។
ព្រះគម្ពីរយ៉ូបបានកត់ទុកនូវសំណួរ ដែលលោកយ៉ូបបានសួរ ពេលគាត់កំពុងអង្គុយរៀបរាប់ពីទុក្ខវេទនារបស់គាត់ ដល់មិត្តសំឡាញ់ទាំងឡាយ។ គាត់បានបាត់បង់គ្រួសារ និងទ្រព្យសម្បត្តិអស់ ហើយថែមទាំងធ្លាក់ខ្លួនមានជម្ងឺទៀត។ បានជាគាត់សួរថា “ហេតុអ្វីបានជាឲ្យមានពន្លឺភ្លឺ ដល់មនុស្សរងវេទនា ព្រមទាំងឲ្យជីវិត ដល់អ្នកដែលមានសេចក្តីជូរចត់ក្នុងចិត្តដូច្នេះ”(៣:២០)។ ក្រោយមក គាត់ក៏បានសួរទៀតថា “តើកំឡាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត តើចុងបំផុតខ្ញុំជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់”(៦:១១)។ “ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ទ្រង់ឬ?”(១០:៣)។ ក្នុងលោកិយនេះ មានមនុស្សជាច្រើន បានឈរនៅទីបញ្ចុះសពរបស់អ្នកដែលឆាប់លាចាកលោក ហើយពួកគេក៏បានសួរសំណួរ ស្រដៀងនឹងសំណួរលោកយ៉ូបផងដែរ។
ប៉ុន្តែ ពេលដែលអ្នកបានអានកណ្ឌគម្ពីរយ៉ូប រហូតដល់ចុងបញ្ចប់ អ្នកនឹងមានការភ្ញាក់ផ្អើល។ ពេលដែលព្រះអម្ចាស់ឆ្លើយតប ចំពោះលោកយ៉ូប(ជំពូក ៣៨-៤១) គឺព្រះអង្គបានឆ្លើយតប តាមរបៀបដែលគេមិននឹកស្មានដល់។ ព្រះអង្គក៏បានកែប្រែស្ថានការណ៍ ហើយសួរលោកយ៉ូបវិញ ដោយសំណួរផ្សេង ដែលបង្ហាញពីប្រាជ្ញា និងអំណាចគ្រប់គ្រងរបស់ព្រះអង្គ។ គឺសំណួរអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ដែលមានដូចជា ផែនដី ផ្កាយ និងសមុទ្រជាដើម។ ហើយសំណួរទាំងនោះ សុទ្ធតែនាំឲ្យគេគិត នឹងស្ងែងខ្លាចដល់ព្រះដែលមានអំណាចគ្រប់គ្រង មានគ្រប់ចេស្តា និងជាសេចក្តីស្រឡាញ់។ ជាពិសេសគឺបានធ្វើឲ្យគេដឹងថា ព្រះអង្គកំពុងឃុំគ្រងជីវិតពួកគេ តាមផែនការព្រះអង្គ។-Dave Branon