គេអាចមើលឃើញទីក្រុងរីអូ ដឺ ចេនេរ៉ូ នៃប្រទេសប្រេស៊ីល ពីលើកំពូលភ្នំ ខរខូវ៉ាដូ ដែលនៅលើកំពូលភ្នំនោះ មានរូចចម្លាក់ព្រះគ្រីស្ទ ដ៏ជាព្រះប្រោសលោះ ដែលស្ថិតក្នុងចំណោមរូបចម្លាក់ព្រះគ្រីស្ទដែលខ្ពស់ជាងគេ ក្នុងពិភពលោក។ រូបចម្លាក់នេះមានកម្ពស់ ២៨ម៉ែត្រ និងមានទម្ងន់៦៣៥តោន។ គេអាចមើលឃើញរូបចម្លាក់មួយនេះ ទាំងយប់ថ្ងៃ ពីទីកន្លែងស្ទើរតែទាំងអស់ ក្នុងទីក្រុងរីអូ។ ដូចនេះ គេគ្រាន់តែងាកទៅរកភ្នំនោះតែបន្តិច គឺនឹងបានឃើញរូបចម្លាក់ព្រះគ្រីស្ទដ៏ជាព្រះប្រោសលោះហើយ។
យ៉ាងណាមិញ ព្រះគម្ពីរសញ្ញាថ្មីបានប្រាប់យើងថា ព្រះគ្រីស្ទមិនគ្រាន់តែជាព្រះដ៏ប្រោសលោះប៉ុណ្ណោះទេ តែព្រះអង្គក៏ជាព្រះអាទិករនៃចក្រវាលទាំងមូល គឺដូចដែលមានចែងយ៉ាងច្បាស់ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១២១។ ក្នុងបទគម្ពីរនេះ អ្នកនិពន្ធបានលើកទឹកចិត្តយើង ឲ្យងើបភ្នែកមើលទៅឯភ្នំ ហើយសួរថា តើសេចក្តីជំនួយជួយដល់យើងមកពីណា “សេចក្តីជំនួយរបស់យើងមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី”(ខ.១-២)។ មានតែព្រះអង្គទេ ដែលអាចប្រទានកម្លាំងដល់យើង និងនាំផ្លូវយើងគ្រប់ជំហាន ខណៈពេលដែលយើងកំពុងធ្វើដំណើរឆ្លងកាត់លោកិយដ៏គ្រោះថ្នាក់ និងមានពេញដោយបញ្ហា។
យើងងើបភ្នែកឡើង ឆ្ពោះទៅរកព្រះ ដែលមើលថែរយើង(ខ.៣) ការពារយើង (ខ.៥-៦) ហើយគ្របបាំងយើងដោយស្រមោល ទោះជាមានគ្រោះភ័យអ្វីក៏ដោយ។ ព្រះអង្គថែរក្សាយើងឲ្យរួចពីការអាក្រក់ ហើយមើលថែរព្រលឹងយើង ឲ្យមានសុវត្ថិភាពអស់កល្បជានិច្ច(ខ.៧-៨)។ យើងងើបភ្នែកឡើង ទៅរកព្រះដ៏ប្រោសលោះ និងព្រះអាទិករនៃយើង ដោយសេចក្តីជំនឿ។ ព្រះអង្គជាជំនួយ និងជាក្តីសង្ឃឹម ហើយជាទីលំនៅដ៏អស់កល្បជានិច្ចរបស់យើង។-Bill Crowder