គេបានប៉ាន់ប្រម៉ាណថា ជាសរុប មនុស្សទាំងអស់នៅទូទាំងពិភពលោក បានធ្វើដំណើរតាមយន្តហោះជាញឹកញាប់ បានចម្ងាយជាង ២២លានលានគីឡូម៉ែត្រ។ ការនិយមធ្វើដំណើរតាមយន្តហោះ បានចាប់ផ្តើមពីដើមទសវត្សរ៍ឆ្នាំ ១៩៨០ ពេលដែលក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ បានចាប់ផ្តើមកម្មវិធីសន្សំពិន្ទុជាលើកដំបូង សម្រាប់ការធ្វើដំណើរតាមយន្តហោះញឹកញាប់ ដោយលើកទឹកចិត្តអតិថិជន ឲ្យធ្វើដំណើរតាមជើងហោះហើររបស់ខ្លួន ម្តងហើយម្តងទៀត ដោយផ្តល់រង្វាន់ឲ្យពួកគេ សម្រាប់ការស្មោះស្ម័គ្ររបស់ពួកគេ។ អ្នកដំណើរទាំងឡាយអាចយកពិន្ទុដែលបានសន្សំ មកដូរយករង្វាន់ដែលមានដូចជា ការធ្វើដំណើរមួយជើងដោយឥតគិតថ្លៃ សម្ភារៈប្រើប្រាស់ និងសេវ៉ាកម្មផ្សេងៗ។ ហេតុនេះហើយបានជាមិនយ៉ូរប៉ុន្មាន គេក៏បានចាប់ផ្តើមមានគម្រោងសន្សំពិន្ទុ ដោយធ្វើដំណើរឲ្យញឹកញាប់តាមយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ណាមួយ ដើម្បីឲ្យបានរង្វាន់។
យ៉ាងណាមិញ សាវ័កប៉ុលក៏ស្ថិតក្នុងចំណោមអ្នកដែលធ្វើដំណើរជាញឹកញាប់ នៅសតវត្សរ៍ទី១ផងដែរ តែគាត់បានធ្វើដំណើរជាញឹកញាប់ មិនមែនដើម្បីឲ្យបានរង្វាន់ពីក្រុមហ៊ុនទេសចរណ៍ណាមួយទេ។ គោលដៅរបស់គាត់ គឺដើម្បីឈោងចាប់មនុស្សឲ្យបានច្រើនបំផុត តាមឱកាសដែលគាត់មាន ដោយផ្សាយដំណឹងល្អនៃការអត់ទោសបាប និងជីវិតអស់កល្បជានិច្ច ដែលគេអាចទទួលយកបាន ដោយសេចក្តីជំនឿលើព្រះយេស៊ូវ។ ពេលដែលមានអ្នកខ្លះ នៅក្រុងកូរិនថូសបានចោទសួរថា គាត់អាងអំណាចអ្វី ដែលគាត់ធ្វើការទាំងអស់នោះ គាត់ក៏បានឆ្លើយតបនៅក្នុងសំបុត្រមួយច្បាប់ ដោយរៀបរាប់អំពីការលះបង់ដែលគាត់បានធ្វើ ដើម្បីនាំដំណឹងល្អទៅដល់អ្នកដទៃ យ៉ាងដូចនេះថា “គេវាយខ្ញុំនឹងដំបង៣ដង គេចោលខ្ញុំនឹងថ្ម១ដង ខ្ញុំត្រូវសំពៅលិច៣ដង ខ្ញុំនៅនាសមុទ្រជ្រៅអស់១ថ្ងៃ១យប់”(២កូរិនថូស ១១:២៥)។
ព្រះអម្ចាស់បានប្រទានសាវ័កប៉ុល នូវព្រះគុណ និងការអត់ទ្រាំ ក្នុងការប្រថុយជីវិត ដើម្បីទៅប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។ ទោះបីជាគេធ្វើទុក្ខបៀតបៀនយើង ឬសរសើរយើង សម្រាប់កិច្ចការដែលយើងបម្រើដល់ព្រះអម្ចាស់ក៏ដោយ ក៏យើងត្រូវផ្តោតទៅលើភាពស្មោះត្រង់ចំពោះព្រះអង្គ និងការដឹងគុណ សម្រាប់ការលះបង់ ដែលព្រះអង្គបានធ្វើដោយក្តីស្រឡាញ់។-David McCasland