ថ្ងៃមួយ កូនស្រីរបស់ខ្ញុំបានលវ៉ែនតាការពារពន្លឺថ្ងៃ ដែលខ្ញុំទើបតែទិញថ្មីៗ។ នាងក៏បានប្រគល់វ៉ែនតានោះមកវិញ ហើយនិយាយលេងថា “ម៉ាក់ វ៉ែនតានេះ មិនមែនជាវ៉ែនតាការពារពន្លឺថ្ងៃទេ។ វាគ្រាន់តែជាវ៉ែនតាសម្រាប់ពាក់ឲ្យល្អមើលប៉ុណ្ណោះ។ តាមខ្ញុំស្មាន ម៉ាក់ទិញវ៉ែនតាហ្នឹង ដោយសារវាធ្វើឲ្យម៉ាក់មានសម្រស់ស្អាតហើយមែនទេ?”
ត្រង់ចំណុចនេះ ខ្ញុំទទួលស្គាល់ថា កូនស្រីខ្ញុំស្គាល់ចិត្តខ្ញុំ។ ពេលខ្ញុំទិញវ៉ែនតានោះ ខ្ញុំមិនបានគិតដល់ការការពារកាំរស្មីយ៉ូវី ឬគិតថា វ៉ែនតានោះពិតជាអាចការពារពន្លឺថ្ងៃមែនឬអត់ទេ។ ខ្ញុំគ្រាន់តែចូលចិត្ត ភាពស្រស់ស្អាត ដែលវាផ្តល់ឲ្យខ្ញុំប៉ុណ្ណោះ។
មនុស្សភាគច្រើនចូលចិត្តធ្វើឲ្យខ្លួនមានរូបសម្រស់ល្អ។ យើងចង់ឲ្យគេមើលមក ឃើញយើង“មានការរៀបចំខ្លួនបានល្អ” ដោយគ្មានការពិបាក ការភ័យខ្លាច ការល្បួង ឬការឈឺក្បាលអ្វីឡើយ។ ការព្យាយាមរក្សារូបសម្រស់សម្បកក្រៅ ក្នុងដំណើរជីវិតខាងវិញ្ញាណ មិនមានប្រយោជន៍អ្វីសម្រាប់ខ្លួនយើង ឬសម្រាប់អ្នករួមដំណើរជាមួយយើងទេ។ តែការចែករំលែកជីវិតយើង ជាមួយអ្នកដទៃ ក្នុងរូបកាយព្រះគ្រីស្ទ ផ្តល់ប្រយោជន៍ដល់យើង ក៏ដូចជាចំពោះអ្នកដទៃផងដែរ។ ពេលដែលយើងមានភាពស្មោះត្រង់កាន់តែខ្លាំង ដោយមិនខំធ្វើខ្លួនឲ្យល្អតែសម្បកក្រៅ នោះព្រះទ្រង់នឹងបើកភ្នែកយើងឲ្យមើលឃើញអ្នកដទៃ ដែលកំពុងតយុទ្ធក្នុងស្ថានភាពដែលស្រដៀងនឹងយើង។ ព្រះទ្រង់អាចប្រើយើងកាន់តែច្រើនឡើង ដើម្បីជួយអ្នកដទៃ ពេលដែលយើងអរសប្បាយនឹងការប្រកបទាក់ទង កាន់តែជិតស្និទ្ធជាមួយព្រះអង្គ ហើយមានការយល់ដឹងកាន់តែច្បាស់ អំពីភាពប្រេះបែក និងចំណុចខ្វះខាតរបស់ខ្លួនឯង។
ចូរយើងអនុញ្ញាតឲ្យព្រះដកយកចេញនូវការធ្វើពើ ដែលល្អតែសម្បកក្រៅ ហើយ “ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង”(ហេព្រើ ១០:២៤)។-Cindy Hess Kasper