កាលខ្ញុំនៅក្មេង ជីតារបស់ខ្ញុំចូលចិត្តនិទានរឿង ហើយខ្ញុំចិត្តស្តាប់គាត់ណាស់។ គាត់មានរឿងនិទានពីរប្រភេទ គឺ “រឿងប្រឌិតពន្លើស” និង “រឿងដំណើរផ្សងព្រេង”។ រឿងប្រឌិតពន្លើសមានបង្កប់ការពិតខ្លះៗ តែអ្នកនិទានរឿងបានកែប្រែសាច់រឿង នៅពេលគាត់និទានរឿងដដែលនោះនៅពេលក្រោយទៀត។ រឿងដំណើរផ្សងពេ្រង និយាយអំពីរឿងដែលពិតជាបានកើតឡើង តែអ្នកនិទានរឿងមិនកែប្រែសាច់រឿង នៅពេលគាត់និទានរឿងនោះលើកក្រោយទេ។ ថ្ងៃមួយជីតារបស់ខ្ញុំបាននិទានរឿងមួយ ដែលហាក់ដូចជាពិបាកឲ្យខ្ញុំជឿថា វាជារឿងពិត បានជាខ្ញុំលាន់ម៉ាត់ថា “លោកតា រឿងហ្នឹងជារឿងប្រឌិតពន្លើសមែនអត់?” តែគាត់ប្រាប់ខ្ញុំថា រឿងនោះជារឿងពិត។ ខ្ញុំនៅតែមិនអាចជឿគាត់ ទោះបីជាគាត់មិនបានកែសាច់រឿងនោះ នៅពេលក្រោយទៀតក៏ដោយ។ ដូចនេះ ខ្ញុំមានអារម្មណ៍ចម្លែកបន្តិច។
បន្ទាប់មក ថ្ងៃមួយ ពេលខ្ញុំកំពុងស្តាប់កម្មវិធីវិទ្យុ ខ្ញុំបានឮពិធីករនិទានរឿងមួយ ដែលបញ្ជាក់ថា រឿងនិទានដែលជីតាខ្ញុំនិទានប្រាប់ខ្ញុំ នៅថ្ងៃមុនជារឿងដំណើរផ្សងព្រេង ដែលនិយាយពីការពិតមែន។ ពេលនោះ ខ្ញុំក៏មានការប៉ះពាល់ចិត្ត ហើយក៏បានទុកចិត្តគាត់កាន់តែខ្លាំង។
ពេលដែលអ្នកនិពន្ធទំនុកដំកើងនិយាយ អំពីលក្ខណៈដែលមិនចេះប្រែប្រួលរបស់ព្រះ(ទំនុកដំកើង ១០២:២៧) គាត់បានកម្សាន្តចិត្តយើង ដោយឲ្យទុកចិត្តលើព្រះ ដែលមិនចេះប្រែប្រួល។ ត្រង់ចំណុចនេះ ព្រះគម្ពីរហេព្រើ ១៣:៨ ក៏បានចែងផងដែរថា “ព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ”។ ការនេះអាចលើកទឹកចិត្តយើង ឲ្យឈ្នះទុក្ខលំបាកប្រចាំថ្ងៃ ដោយរំឭកយើងអំពីព្រះដែលមិនប្រែប្រួល ដែលអាចឲ្យយើងទុកចិត្តបាន ដែលគ្រប់គ្រងភាពវឹកវរ ក្នុងលោកិយដែលចេះតែប្រែប្រួល។-Randy Kilgore