លោកអាលហ្វ៍ ខ្លក(Alf Clark) បានដើរតាមដងវិធីនៅទីក្រុង ដើម្បីស្វែងរកលោកសាខេ។ ត្រង់ចំណុចនេះ គាត់មិនមែនកំពុងស្វែងរកលោកសាខេ នៅក្នុងព្រះគម្ពីរទេ ដ្បិតព្រះយេស៊ូវបានរកលោកសាខេឃើញ តាំងពីយូរណាស់មកហើយ។ តែលោកអាលហ្វ៍ និងមិត្តភ័ក្រមួយចំនួន ដែលបានធ្វើការបម្រើព្រះនៅទីប្រជុំជន បានយកគំរូតាមការអ្វី ដែលព្រះយេស៊ូវបានធ្វើ ក្នុងព្រះគម្ពីរលូកា ជំពូក១៩។ ពួកគេបានធ្វើដំណើរក្នុងទីក្រុង ក្នុងគោលបំណងដើម្បីជួប និងជួយអ្នកដែលកំពុងត្រូវការជំនួយ ដូចលោកសាខេ។
លោកអាលហ្វ៍ បានដើរពីផ្ទះមួយ ទៅផ្ទះមួយទៀត ក្នុងតំបន់ដែលគាត់រស់នៅ។ គាត់បានគោះទ្វារផ្ទះទាំងនោះ ហើយពេលគេបើកទ្វារឲ្យគាត់ គាត់និយាយទៅកាន់គេថា “សួស្តី ខ្ញុំឈ្មោះអាលហ្វ៍។ តើអ្នកមានខ្វះខាតអ្វី ដែលចង់ឲ្យខ្ញុំអធិស្ឋានឲ្យទេ?” នេះជាវិធីសាស្រ្ត ដែលគាត់បានប្រើ ដើម្បីចាប់ផ្តើមការទំនាក់ទំនង ហើយស្វែងរកឱកាសផ្តល់ការប្រឹក្សាយោបល និងនាំឲ្យគេជឿព្រះ ហើយរស់នៅដោយមានក្តីសង្ឃឹម ដែលនេះជាអ្វីដែលព្រះយេស៊ូវបានធ្វើ សម្រាប់លោកសាខេ ដែលជាអ្នកយកពន្ធ។
សូមយើងកត់សំគាល់ការអ្វីដែលព្រះយេស៊ូវបានធ្វើ ដូចតទៅ : ព្រះគម្ពីរលូកាបានចែងថា ព្រះយេស៊ូវ “បានយាងកាត់ទីក្រុងយេរីខូ”(លូកា ១៩:១)។ ជាការពិតណាស់ ពេលដែលព្រះយេស៊ូវយាងទៅដល់ទីក្រុង តាមធម្មតា មនុស្សទាំងហ្វូងបានមកផ្តុំគ្នាទទួលព្រះអង្គ។ ដោយសារលោកសាខេជាមនុស្សទាប គាត់ក៏បានឡើងដើមឈើ ដើម្បីឲ្យបានឃើញព្រះអង្គ។ ខណៈពេលដែលព្រះយេស៊ូវកំពុងយាងកាត់តាមនោះ ព្រះអង្គក៏បានយាងទៅរកដើមឈើដែលគាត់ឡើងនោះ ហើយប្រាប់គាត់ថា ព្រះអង្គសព្វព្រះទ័យនឹងទៅលេងផ្ទះគាត់។ ថ្ងៃនោះ សេចក្តីសង្រ្គោះបានមកដល់ផ្ទះរបស់លោកសាខេ។ ដ្បិតព្រះយេស៊ូវ “បានយាងមក ដើម្បីស្វែងរក និងជួយសង្រ្គោះ មនុស្សបាត់បង់”(ខ.១០)។
តើយើងកំពុងតែស្វែងរកលោកសាខេឬទេ? យើងអាចរកមនុស្សដូចគាត់ឃើញ នៅគ្រប់ទីកន្លែង។ ពួកគេកំពុងត្រូវការព្រះយេស៊ូវ។ តើយើងអាចចែកចាយ អំពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ទៅដល់អ្នកដែលត្រូវការព្រះអង្គសង្រ្គោះ ដោយរបៀបណាខ្លះ?-Dave Branon