មានពេលមួយ ចេសិន(Jason) បានធ្វើដំណើរ ទៅទីក្រុងញូយ៉ក ក្នុងអំឡុងពេលសម្រាក ក្នុងរដូវផ្ការីក។ នៅពេលល្ងាច គាត់និងមិត្តភក្តិគាត់មួយចំនួន បានឡើងជិះឡានតាក់ស៊ីបញ្ជ្រៀតគ្នា ឆ្ពោះទៅរកអគារអ៊ីមផាយអឺ ស្តេត ដែលជាអគាខ្ពស់ជាងគេនៅទីក្រុងញូយ៉ក។ ចេសិនយល់ថា ការជិះឡាននៅតាមផ្លូវថ្នល់ ហាក់ដូចជាគ្មានសណ្តាប់ធ្លាប់ ហើយគ្រោះថ្នាក់។ ប៉ុន្តែ ពេលដែលគាត់បានឡើងទៅឈរនៅលើកន្លែងសង្កេតមើលទីក្រុង នៅលើអគារដ៏ខ្ពស់នោះ ហើយសម្លឹងមើលមកផ្លូវរបស់ទីក្រុង នៅខាងក្រោម គាត់មានការភ្ញាក់ផ្អើលណាស់ ពេលបានឃើញថា ផ្លូវទាំងនោះមានការរចនា និងការរៀបចំយ៉ាងមានរបៀបរៀបរយ។ ដូចនេះ ទស្សនៈរបស់គាត់ក៏បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
លោកហាបាគុកក៏បានរៀនសូត្រ ពីបទពិសោធន៍ដែលស្រដៀងនឹងចេសិនផងដែរ។ ពេលគាត់ពិចារណាអំពីជីវិតមនុស្ស តាមទស្សនៈរបស់លោកិយ គាត់យល់ថា ព្រះហាក់ដូចជាមិនអើពើចំពោះអំពើអាក្រក់ ដែលកំពុងកើតឡើងក្នុងសង្គមទេ(ហាបាគុក ១:២-៤)។ ប៉ុន្តែ ព្រះបានប្រទានឲ្យគាត់មានទស្សន:ដូចព្រះអង្គដែរ ហើយបានបង្ហាញគាត់ថា ជីវិតមនុស្សគឺលើសពីអ្វីដែលគាត់យល់ដឹង។ ការប្រព្រឹត្តរបស់មនុស្ស មិនអាចរារាំងបំណងព្រះទ័យព្រះបានឡើយ(២:៣)។
អ្នកដែលមិនកោតខ្លាចព្រះ ហាក់ដូចជាមានភាពសម្បូរសប្បាយ ក្នុងពេលចប្ចុប្បន្ន ប៉ុន្តែ ព្រះទ្រង់នឹងជំនុំជម្រះការអាក្រក់ទាំងអស់ដែលមនុស្សប្រព្រឹត្ត។ ព្រះអង្គមានអំណាចគ្រប់គ្រងលើអ្វីៗទាំងអស់ ដែលបានកើតឡើង ដើម្បីឲ្យគ្រប់ការទាំងអស់ផ្សំគ្នា សម្រាប់បំពេញបំណងព្រះទ័យព្រះអង្គ។ ផែនការរបស់ព្រះ នឹងបានសម្រេចយ៉ាងពិតប្រាកដ តាមពេលដែលព្រះអង្គបានកំណត់(ខ.៣)។
យើងមិនអាចមានការយល់ដឹង អំពីជីវិតរបស់មនុស្សឲ្យបានច្បាស់ តាមទស្សនៈរបស់លោកិយបានឡើយ គឺមានតែព្រះទេដែលអាចយល់ច្បាស់។ ដូចនេះ ចូរយើងបន្តរស់នៅ ដោយជំនឿ មិនមែនដោយការមើលឃើញទេ។ តាមទស្សនៈរបស់ព្រះអង្គ គ្រប់ការទាំងអស់ផ្សំគ្នា ដើម្បីជាប្រយោជន៍ដល់អស់អ្នកដែលជឿព្រះអង្គ និងដើម្បីសិរីល្អរបស់ព្រះអង្គ។-Poh Fang Chia