ពេលដែលខ្ញុំធ្វើដំណើរចូលក្រុងមួយ នៅប្រទេសអូស្រ្តាលី ខ្ញុំត្រូវបានគេស្វាគមន៍ដោយផ្លាកមួយ ដែលគេបានសរសេរថា “សូមស្វាគមន៍អស់អ្នកដែលកំពុងស្វែងរកកន្លែងជ្រកកោន និងទីពំនាក់”។ ការស្វាគមន៍យ៉ាងដូចនេះ ហាក់ដូចជាមានអត្ថន័យ ដែលទាក់ទងនឹងសេចក្តីបង្រៀនក្នុងព្រះគម្ពីរសញ្ញាចាស់ អំពីទីក្រុងពំនាក់។ ក្នុងសម័យសញ្ញាចាស់ ក្រុងពំនាក់(ជនគណនា ៣៥:៦) ត្រូវបានគេបង្កើតឡើង សម្រាប់ជាទីជ្រកកោនដល់អ្នក ដែលបានសម្លាប់អ្នកដទៃ ដោយគ្មានចេតនា ហើយត្រូវការការពារ។
ព្រះបានឲ្យគេបង្កើតទីក្រុងនេះមក ដើម្បីផ្តល់ឲ្យនូវការជ្រកកោនប្រភេទនោះឯង។ ទោះបីជាយ៉ាងណាក៏ដោយ គោលបំណងនៃការបង្កើតទីក្រុងនេះ គឺមិនគ្រាន់តែដើម្បីឲ្យជនជាតិអ៊ីសា្រអែលសម័យដើមប្រើប្រាស់ប៉ុណ្ណោះទេ។ ជាងនេះទៅទៀត ទីក្រុងពំនាក់ បានឆ្លុះបញ្ចាំងអំពីបំណងព្រះទ័យ ដែលព្រះមានចំពោះមនុស្សគ្រប់គ្នា។ ព្រះអង្គសព្វព្រះទ័យនឹងធ្វើជាកន្លែងជ្រកកោន និងធើ្វជាទីក្រុងពំនាក់ ពេលដែលយើងបរាជ័យ មានការឈឺចាប់ និងការបាត់បង់។ បទគម្ពីរទំនុកដំកើង ៥៩:១៦-១៧ បានចែងថា “តែទូលបង្គំនឹងច្រៀងពីព្រះចេស្តានៃទ្រង់ អើ ចាប់តាំងពីព្រលឹមស្រាង នោះទូលបង្គំនឹងបន្លឺសំឡេង ច្រៀងពីសេចក្តីសប្បុរសរបស់ទ្រង់ ដ្បិតទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ ហើយជាទីជ្រក នៅថ្ងៃដែលទូលបង្គំមានសេចក្តីវេទនា។ ឱព្រះដ៏ជាកំឡាំងនៃទូលបង្គំអើយ ទូលបង្គំនឹងច្រៀងសរសើរដល់ទ្រង់ ដ្បិតព្រះទ្រង់ជាប៉មយ៉ាងខ្ពស់នៃទូលបង្គំ ក៏ប្រកបដោយមេត្តាករុណាចំពោះទូលបង្គំផង។”
សម្រាប់មនុស្សគ្រប់ជំនាន់ ដែលមានចិត្តដ៏វេទនា “ទីក្រុងពំនាក់”របស់យើង មិនមែនជាទីកន្លែងនៅលើផែនដីទេ។ តែទីក្រុងពំនាក់របស់យើង ជាព្រះដែលស្រឡាញ់យើង ដោយសេចក្តីស្រឡាញ់ដ៏អស់កល្ប។ ចូរយើងស្វែងរកការជ្រកកោន និងការសម្រាកក្នុងព្រះអង្គ។-Bill Crowder