គេហដ្ឋាន គ្រេសលែន(Grace Land) នៅក្រុងមេមភីស រដ្ឋថេនេស៊ី ស្ថិតក្នុងចំណោមផ្ទះដែលមានមនុស្សទៅទស្សនាច្រើនបំផុត នៅសហរដ្ឋអាមេរិក។ គេបានសង់ផ្ទះនេះ ក្នុងទសវត្សរ៍ឆ្នាំ១៩៣០ ហើយបានដាក់ឈ្មោះឲ្យផ្ទះនេះ តាមលំនាំឈ្មោះរបស់អ្នកស្រីគ្រេស(Grace) ដែលជាម្តាយមីងរបស់ម្ចាស់ផ្ទះទីមួយ។ ក្រោយមក គេក៏បានឮល្បីថា ផ្ទះនោះបានក្លាយជាផ្ទះរបស់តារាចម្រៀងដ៏ល្បីម្នាក់ គឺលោកអេលវីស ព្រេសលី(Elvis Presley)។
ខ្ញុំស្រឡាញ់ឈ្មោះរបស់គេហដ្ឋានមួយនេះ ព្រោះឈ្មោះគ្រេសលែន ជាពាក្យជាភាសាអង់គ្លេស ដែលប្រែមកថា ទឹកដីនៃព្រះគុណ។ ឈ្មោះនេះបានធ្វើឲ្យខ្ញុំនឹកចាំពីទឹកដីដ៏អស្ចារ្យដែលព្រះបាននាំខ្ញុំចូល ហើយអត់ទោសបាបឲ្យខ្ញុំ ព្រមទាំងទទួលខ្ញុំជាកូនរបស់ព្រះអង្គ។ ព្រះអង្គបានយកខ្ញុំចេញពីភាពងងឹត ហើយនាំចូលទៅក្នុង “ទឹកដីនៃព្រះគុណ”របស់ព្រះអង្គ។
សាវ័កប៉ុលបានមានប្រសាសន៍ថា “ព្រះគុណមិនមែនដូចជាអំពើរំលងនោះទេ ដ្បិតបើសិនជាមានមនុស្សជាច្រើនបានស្លាប់ ដោយព្រោះអំពើរំលងរបស់មនុស្សតែម្នាក់ នោះប្រាកដជាព្រះគុណនៃព្រះ ហើយនិងអំណោយទាននៃព្រះគុណនោះ ដែលមកដោយសារមនុស្សតែម្នាក់ គឺព្រះយេស៊ូវគ្រីស្ទ នឹងបានចម្រើនលើសទៅទៀត ដល់មនុស្សជាច្រើនដែរ”(រ៉ូម ៥:១៥)។ ខ្ញុំនឹងដឹងគុណព្រះអង្គជានិច្ច ដ្បិតសេចក្តីស្រឡាញ់នៃព្រះ បាននាំខ្ញុំចូលទៅក្នុងទឹកដីនៃព្រះគុណ ដ៏អស្ចារ្យ ដ៏អស់កល្ប និងគ្មានអ្វីប្រៀបផ្ទឹមបាន!
ចូរយើងគិតអំពីព្រះពរ នៃការបានចូលនៅក្នុងទឹកដីនៃព្រះគុណរបស់ព្រះ ដែលនៅទីនោះ ព្រះអង្គបានបើកផ្លូវឲ្យយើងចូលទៅក្នុងព្រះវត្តមានព្រះអង្គ ហើយព្រះគុណនៅតែបន្តហូរចូលក្នុងជីវិតយើង យ៉ាងហូរហៀរជារៀងរាល់ថ្ងៃ។ សាវ័កប៉ុលបានប្រាប់យើងថា សូម្បីតែក្នុងពេលអស់សង្ឃឹម ក៏ព្រះទ្រង់នៅតែចាក់បង្ហូរព្រះគុណដ៏គ្រប់គ្រាន់ទាំងមេរៗ(២កូរិនថូស ១២:៩)។
ទោះបីជាជីវិតយើងជួបបញ្ហាអ្វីក៏ដោយ ក៏គ្មានអ្វីអាចពង្រាត់យើងចេញពីទឹកដីនៃព្រះគុណរបស់ព្រះអង្គបានឡើយ។-Joe Stowell