ថ្មីៗនេះ កូនស្រីរបស់ខ្ញុំ បានយកអំបែងកែវមានពណ៌ស្អាតៗជាច្រើន ដែលនាងបានរើសនៅមាត់សមុទ្រ មកបង្ហាញខ្ញុំ។ អំបែងកែវទាំងនោះមានពណ៌ផ្សេងៗគ្នា ដែលខ្លះជាអំបែងក្អមឆ្នាំងដែលគេបានសូន តែភាគច្រើនជាអំបែងដប។ គេបានផលិតក្អមឆ្នាំ និងដប ដោយមានគោលបំណងខុសៗគ្នា តែជួនកាល ពួកវាត្រូវគេបោះចោល ហើយបែកក្លាយជាអំបែង។
បើសិនជាអំបែងដែលគេបោះចោលនោះ បានទៅដល់សមុទ្រ វាក៏ចាប់ផ្តើមការធ្វើដំណើររបស់វា។ វាត្រូវចរន្តទឹក និងទឹកជោរបក់បោកចុះឡើងៗ ហើយមុខស្រួចៗរបស់វាក៏ត្រូវរីករិលអស់ ដោយសារដីខ្សាច់ និងទឹករលក។ មិនយូរប៉ុន្មានក៏ប្រែជារលោង ហើយប្តូររូបរាង្គទៅជាមូល ធ្វើឲ្យវាប្រែជាវត្ថុដ៏ស្រស់ស្អាត។ អំបែងកែវដែលល្អដូចគ្រឿងអលង្កា ក៏បានមានជីវិតថ្មី ហើយអ្នកដែលចូលចិត្តប្រមូលវាទុក និងសិល្បៈករទាំងឡាយ បានឲ្យតម្លៃវា។
យ៉ាងណាមិញ ជីវិតដែលប្រេះស្រាំ ក៏អាចប្រែជាថ្មីឡើង ពេលបានទទួលការប៉ះពាល់ពីសេចក្តីស្រឡាញ់ និងព្រះគុណព្រះ។ ក្នុងព្រះគម្ពីរសញ្ញាចាស់ យើងឃើញថា ពេលដែលលោកហោរាយេរេមា បានមើលជាងស្នូនម្នាក់កំពុងធ្វើការ គាត់បានកត់សំគាល់ឃើញថា បើកាលណាភាជនៈដែលគាត់កំពុងធ្វើពីដីឥដ្ឋបានខូចនៅដៃគាត់ នោះក៏ធ្វើឡើងជាភាជនៈផ្សេងទៀតវិញ តាមដែលគាត់យល់ឃើញថាគួរ(យេរេមា ១៨:១-៦)។ ត្រង់ចំណុចនេះ ព្រះអម្ចាស់ក៏បានបកស្រាយថា ពួកអ៊ីសា្រអែលនៅសម័យដើម គឺដូចជាដីឥដ្ឋដែលនៅក្នុងព្រះហស្តព្រះអង្គ ហើយព្រះអង្គនឹងសូនពួកគេឲ្យមានរូបរាង្គថ្មី តាមបំណងព្រះទ័យព្រះអង្គ។
ទោះជីវិតយើងមានការប្រេះបែកខ្លាំងយ៉ាងណាក៏ដោយ ក៏ព្រះទ្រង់នៅតែអាចធ្វើឲ្យយើងមានរូបរាង្គថ្មីដ៏ស្រស់ស្អាត។ ព្រះអង្គស្រឡាញ់យើង ទោះបីជាយើងមិនល្អឥតខ្ចោះ ហើយមានកំហុសកាលពីមុនយ៉ាងណាក៏ដោយ ហើយព្រះអង្គសព្វព្រះទ័យនឹងធ្វើឲ្យយើងមានជីវិតដែលប្រសើរឡើង។-Cindy Hess Kasper