កាលពី៥០ឆ្នាំមុន មានពេលមួយខ្ញុំត្រូវសត្វឃ្មុំមួយហ្វូងដេញតាម បានជាខ្ញុំរត់គេច ទៅរកផ្ទះលោកចេយ អេលាត(Jay Elliott) ដោយទម្លាយទ្វារខាងមុខផ្ទះគាត់ ធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ រួចខ្ញុំក៏បានរត់គេចចេញតាមទ្វារក្រោយ ហើយក៏បានដឹងថា សត្វឃ្មុំលែងដេញតាមខ្ញុំទៀតហើយ។ តាមពិត ខ្ញុំបាននាំហ្វូងឃ្មុំចូលផ្ទះគាត់។ មួយសន្ទុះក្រោយមក ខ្ញុំក៏បានឃើញគាត់រត់យ៉ាងលឿនចេញតាមទ្វារក្រោយ ដោយមានសត្វឃ្មុំដេញតាមពីក្រោយ។
ថ្ងៃនោះ ខ្ញុំត្រូវសត្វឃ្ញុំទិចបួនដប់ទ្រនិច មិនមានអ្វីធ្ងន់ធ្ងរទេ តែលោកចេយ មានបទពិសោធន៍ខុសពីខ្ញុំ។ ទោះបីជាគាត់ត្រូវសត្វឃ្មុំទិចតែពីរបីទ្រនិចក៏ដោយ ក៏ភ្នែក និងកររបស់គាត់បានឡើងហើមប៉ោង ដោយសារមានប្រតិកម្មដ៏ឈឺចាប់នឹងជាតិពិស។ សកម្មភាពរបស់ខ្ញុំបានបណ្តាលឲ្យមានការឈឺចាប់ ដល់មិត្តភក្តិរបស់ខ្ញុំ។
រឿងនេះបានឆ្លុះបញ្ចាំង អំពីការពិត ដែលកើតមានក្នុងទំនាក់ទំនងដែលយើងមានជាមួយអ្នកដទៃផងដែរ។ យើងអាចធ្វើឲ្យអ្នកដទៃមានការឈឺចាប់ ដូចត្រូវសត្វទិច ដោយសារទង្វើរបស់យើង ដែលមិនមានលក្ខណៈដូចព្រះគ្រីស្ទ។ ទោះយើងបានសុំទោសគេហើយក្តី ក៏“ទ្រនិច”នៃកំហុសរបស់យើង នៅតែជាប់ក្នុងចិត្តគេ។
គេគួរតែរំពឹងថា គ្រីស្ទបរិស័ទមិនមានភាពកាច ឬគ្រោកគ្រាត និងភាពឆេវឆាវទេ។ យើងប្រហែលជាភ្លេចហើយថា ជួនកាល អ្នកដែលមានការពិបាក នៅក្នុងសេចក្តីជំនឿ ឬក្នុងការរស់នៅ បានមើលមកគ្រីស្ទបរិស័ទ ដោយការរំពឹងគិតជាច្រើន។ ពួកគេរំពឹងថា គ្រីស្ទបរិស័ទជាមនុស្សដែលមានកំហឹងតិច តែមានក្តីមេត្តាច្រើន មានការថ្កោលទោសតិច តែមានក្តីអាណិតច្រើន និងមានការរិះគន់តិច តែមានការលើកទឹកចិត្តច្រើន។ ព្រះយេស៊ូវបានប្រាប់យើងឲ្យរស់នៅឲ្យបានល្អ ដើម្បីថ្វាយសិរីល្អដល់ព្រះ(ម៉ាថាយ ៥:១៦ ១ពេត្រុស ២:១២) ហើយម្យ៉ាងទៀត សាវ័កពេត្រុសក៏បានបង្រៀនដូចនេះផងដែរ។ សូមឲ្យសកម្មភាព និងការឆ្លើយតបរបស់យើង នាំអ្នកដែលនៅក្បែរយើង ឲ្យងាកទៅរកព្រះវរបិតាដែលមានក្តីស្រឡាញ់។-Randy Kilgore