នៅបច្ចិមប្រទេស មានពាក្យចាស់មួយឃ្លាពោលថា “ចូរកុំខាំចំណីលើសពីលទ្ធភាពដែលខ្លួនអាចទំពារបាន”។ មានន័យថា បើយើងឆ្លាត ចូរយើងកុំទទួលកិច្ចការដែលច្រើន លើសពីលទ្ធភាពដែលយើងអាចទទួលរ៉ាប់រងរួច។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះ យើងមានអារម្មណ៍ថា ខ្លួនកំពុងទទួលបន្ទុកធ្ងន់ពេក ដោយសារទំហំ និងការពិបាកនៃកិច្ចការ ដែលយើងព្រមទទួលខុសត្រូវ។
ការនេះក៏អាចកើតឡើង ក្នុងដំណើរជីវិតខាងវិញ្ញាណក្នុងព្រះគ្រីស្ទផងដែរ គឺនៅពេលដែលការប្តេជ្ញាចិត្ត ដែលយើងមានចំពោះព្រះ ហាក់ដូចជាច្រើនពេក មិនអាចទ្រាំទ្របាន។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលលើកទឹកចិត្តសម្រាប់យើង ពេលដែលជំនឿយើងមានការរង្គោះរង្គើ។
អ្នកនិពន្ធព្រះគម្ពីរហេព្រើបានលើកទឹកចិត្តអ្នកអានរបស់គាត់ ឲ្យនឹកចាំអំពីសេចក្តីក្លាហាន ដែលពួកគេបានបង្ហាញចេញមក កាលពីដើម(១០:៣២-៣៣)។ ទោះបីជាមានការជេរប្រមាថ និងការបៀតបៀនក្តី ក៏ពួកគេនៅតែជួយគ្រីស្ទបរិស័ទដែលកំពុងជាប់ឃុំ ហើយពួកគេសុខចិត្តឲ្យគេរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួន ដោយអំណរ(ខ.៣៣-៣៤)។ បានជាគាត់មានប្រសាសន៍ថា “កុំឲ្យបោះបង់ចោលសេចក្តីក្លាហានរបស់អ្នករាល់គ្នា ដែលមានរង្វាន់ជាធំនោះឡើយ ដ្បិតអ្នករាល់គ្នាត្រូវការនឹងសេចក្តីអត់ធ្មត់ ដើម្បីឲ្យបានទទួលសេចក្តីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ”(ខ.៣៥-៣៦)។
យើងមិនត្រូវទុកចិត្តលើខ្លួនឯងទេ តែត្រូវទុកចិត្តលើព្រះយេស៊ូវ និងព្រះបន្ទូល ដែលព្រះអង្គបានសន្យាថា នឹងយាងមកវិញ តាមពេលដែលព្រះអង្គបានកំណត់(ខ.៣៧)។
អំណាចចេស្តារបស់ព្រះ ជួយឲ្យយើងអាចបន្តដើរដោយជំនឿ។ ការនឹកចាំអំពីភាពស្មោះត្រង់ ដែលព្រះមានចំពោះយើងកាលពីមុន បណ្តាលឲ្យយើងមានទំនុកចិត្តលើព្រះអង្គ នៅក្នុងពេលបច្ចុប្បន្ន។-David McCasland