យូរៗម្តង ខ្ញុំនិងភរិយារបស់ខ្ញុំបើកមើលប្រអប់សំបុត្រ ឃើញស្រោមសំបុត្រមួយដែលគេមិនបានសរសេរអ្វីពីលើ។ ពេលយើងបើកស្រោមសំបុត្រនោះ យើងឃើញ “សំបុត្រ” មួយច្បាប់ ដែលមិនមានសរសេរអក្សរអ្វី ក្រៅពីគំនូសពណ៌ចម្រុះ ដែលគេបានគូសដោយប្រើប៊ិចពណ៌។ “សំបុត្រ”ទាំងនោះ បានធ្វើឲ្យយើងទាំងពីរមានអារម្មណ៍កក់ក្តៅណាស់ ព្រោះជាសំបុត្ររបស់ខេធី(Katie) ចៅស្រីរបស់យើង ដែលជាសិស្សសាលាមត្តេយ្យ កំពុងរស់នៅក្នុងរដ្ឋផ្សេង។ ទោះបីជានាងមិនបានសរសេរអ្វីក៏ដោយ ក៏សំបុត្រនេះបានប្រាប់យើងថា នាងស្រឡាញ់យើង ហើយកំពុងគិតអំពីយើងផង។
យើងគ្រប់គ្នាសុទ្ធតែឲ្យតម្លៃ និងចូលចិត្តសំបុត្រដែលមនុស្សជាទីស្រឡាញ់របស់យើង បានផ្ញើមក។ ហេតុនេះហើយបានជាយើងមានការលើកទឹកចិត្តយ៉ាងខ្លាំង ពេលដែលបានដឹងថា ព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌ បានផ្ញើសំបុត្រមួយមកយើងរាល់គ្នា ដែលយើងបានហៅសំបុត្រនោះថា ព្រះគម្ពីរបរិសុទ្ធ។ ព្រះគម្ពីរមិនគ្រាន់តែមានតម្លៃ ដោយសារមានពាក្យពេចន៍ដ៏មានអំណាច ការប្រៀនប្រដៅ និងប្រាជ្ញាប៉ុណ្ណោះឡើយ។ នៅក្នុងចំណោមរឿងទាំងអស់ ការបង្រៀន និងការនាំផ្លូវ ដែលមានចែងក្នុងព្រះគម្ពីរ អ្វីដែលសំខាន់បំផុតនោះ គឺព្រះរាជសារដែលបានចែងថា ព្រះទ្រង់ស្រឡាញ់យើង ហើយមានផែនការដ៏អស្ចារ្យសម្រាប់ជីវិតយើង។ ព្រះគម្ពីរបានប្រាប់យើង អំពីសេចក្តីស្រឡាញ់របស់ព្រះអង្គ នៅក្នុងការមើលថែរជីវិតរបស់យើង(ទំនុកដំកើង ១៣៩) បំពេញសេចក្តីត្រូវការរបស់យើង(ម៉ាថាយ ៦:៣១-៣៤) លើកទឹកចិត្តយើង(២កូរិនថូស ១:៣-៤) ហើយសង្រ្គោះយើង តាមរយៈការលះបង់ព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវ(រ៉ូម ១:១៦-១៧)។
ព្រះអង្គបានស្រឡាញ់យើង លើសពីការស្មានរបស់យើង។ គឺដូចដែលព្រះអង្គបានមានបន្ទូល ក្នុងព្រះរាជសារដែលព្រះអង្គបានផ្ញើរមកកាន់យើង ក្នុងព្រះគម្ពីរដែលព្រះអង្គបានបណ្តាលចិត្តគេឲ្យតែង។ ហេតុនេះហើយបានជាអ្នកនិពន្ធទំនុកដំកើងបានចែងថា “ទូលបង្គំនឹងមានចិត្តរីករាយចំពោះបញ្ញត្តទ្រង់ទាំងប៉ុន្មាន ឥតភ្លេចព្រះបន្ទូលទ្រង់ឡើយ”(ទំនុកដំកើង ១១៩:១៦)។ ព្រះគម្ពីរជាសំបុត្រដ៏អស្ចារ្យណាស់!-Dave Branon